en     km
en     km

វិភាគ​៖​ តើ​ពលរដ្ឋ​កម្ពុជា​នឹង​បណ្ដោយ​ឱ្យ​ប្រទេស​នេះ​វិល​ទៅ​រក​សង្គ្រាមស៊ីវិល​វិញ​ទេ​?

Share

ចាប់តាំងពី​មានការ​គំរាម​ជា​រឿយៗ​ថា​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​នឹង​មាន​សង្គ្រាម​នោះ​មក​ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​កើន​កម្ដៅ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

​កម្ដៅ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​កើនឡើង​ខ្លាំង​ថែម​ទៀត​ ក្រោយ​ពេល​បក្ស​ប្រឆាំង​នៅ​ប្រទេស​ភូមា​ បាន​ឈ្នះ​ការ​បោះ​ឆ្នោតជាតិ​ភ្លូកទឹកភ្លូកដី​។​ តើ​កម្ដៅ​នយោបាយ​ដែល​កើនឡើង​នេះ​ អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​សង្គ្រាម​ ដូច​ការ​គំរាម​ម្ដង​ហើយ​ម្ដងទៀត​នោះ​ទេ​?

​ទាក់ទង​នឹង​បញ្ហា​សង្គ្រាម​នៅ​កម្ពុជា​នេះ​ កាលពី​ស​ប្ដា​ហ៍​មុន​ នាង​កញ្ញា​ លោក​ លោកស្រី​ បាន​ស្ដាប់​ម្ដង​រួច​មក​ហើយ​ អំពី​ទស្សនៈ​របស់​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ ថា​តើ​អន្តរជាតិ​នឹង​បណ្ដោយ​ឱ្យ​កម្ពុជា​មាន​សង្គ្រាម​វិញ​ទេ​។​ នៅ​ពេល​នោះ​ ទាំង​លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ ទាំង​លោក​សាស្ត្រាចារ្យ​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សុទ្ធតែ​មាន​ប្រសាសន៍​ដូច​គ្នា​ថា​ អន្តរជាតិ​នឹង​មិន​បណ្ដោយ​ឱ្យ​កម្ពុជា​មាន​សង្គ្រាម​វិញ​ឡើយ​ ព្រោះ​គេ​បាន​ចំណាយពេល​ច្រើន​ណាស់​ ដើម្បី​នាំ​សន្តិភាព​មក​ឱ្យ​កម្ពុជា​ តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​។​

លោក ឯម សុវណ្ណារ៉ា (ឆ្វេង) និងលោក សូ ចន្ថា (ស្ដាំ)
លោក ឯម សុវណ្ណារ៉ា (ឆ្វេង) និងលោក សូ ចន្ថា (ស្ដាំ)

​នៅ​ស​ប្ដា​ហ៍​នេះ​ លោក​សាស្ត្រាចារ្យ​ទាំង​ពីរ​រូប​នឹង​វិភាគ​ជូន​នាង​កញ្ញា​ លោក​ លោកស្រី​ ម្ដងទៀត​ អំពី​ថា​តើ​ពលរដ្ឋ​កម្ពុជា​នឹង​បណ្ដោយ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​សង្គ្រាមស៊ីវិល​វិញ​ទេ​?

​មុន​នឹង​ចូល​ទៅ​ដល់​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ទាំង​ពីរ​រូប​នោះ​ សូម​ជម្រាប​ជូន​នាង​កញ្ញា​ លោក​ លោកស្រី​ ថា​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ គឺ​លោក​ កែម​ ឡី​ ធ្លាប់​មាន​ប្រសាសន៍​ថា​ មែនទែន​ទៅ​ អ្នក​ក្រីក្រ​នោះ​ទេ​ ដែល​ចង់ឱ្យ​មាន​សង្គ្រាម​ ព្រោះ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​សព្វថ្ងៃ​ វា​លំបាក​ណាស់​ទៅ​ហើយ​ ទោះបីជា​មាន​សង្គ្រាម​ក៏​មិន​ប៉ះពាល់​អ្វី​ដល់​ពួក​គេ​ដែរ​ ផ្ទុយ​ទៅ​វិញ​ វា​ជា​ឱកាស​ឱ្យ​សម្រាប់​ពួក​គេ​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ទៅ​វិញ​ទេ​។​ លោក​ កែម​ ឡី​ បន្ត​ថា​ ចំណែក​អ្នកធំ​ អ្នកមាន​ ឧកញ៉ា​ ឯណោះ​ទៅ​វិញ​ទេ​ ដែល​ខ្លាច​មាន​សង្គ្រាម​ ព្រោះ​សង្គ្រាម​បំផ្លាញ​អ្វីៗ​ទាំងអស់​ដែល​ពួក​គេ​មាន​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ ក៏​ឯកភាព​ដែរ​ថា​ អ្នកក្រ​ចង់ឱ្យ​មាន​សង្គ្រាម​ ព្រោះ​ពួក​គេ​គ្មាន​អ្វី​ទាំងអស់​ ហើយ​ក្នុង​នោះ​អ្នកខ្លះ​ សូ​ម្បី​តែ​ផ្ទះ​ក៏​គ្មាន​នៅ​ផង​៖​ «​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ដែល​គាត់​ក្រីក្រ​ ជា​ការ​ពិត​គាត់​ចង់ឱ្យ​មាន​សង្គ្រាម​ ពីព្រោះ​គាត់​ថា​ បើ​ពេល​ដែល​មាន​សង្គ្រាម​ គាត់​អាច​ទៅ​យក​អ្វី​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ក្រុម​អ្នកមាន​មួយ​ចំនួន​ ពីព្រោះ​នៅ​ពេល​នេះ​គាត់​អត់​មានអី​ទេ​ គាត់​មាន​តែ​កង់​ គាត់​មាន​តែ​ម៉ូតូ​ គាត់​មាន​តែ​ –​ អ្នកខ្លះ​គ្មាន​ផ្ទះ​ផង​»​។​

​ទោះជា​យ៉ាងនោះ​ក្ដី​ ក៏​លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ យល់​ថា​ កម្ពុជា​មិន​អាច​មាន​សង្គ្រាម​បាន​ដែរ​ ព្រោះ​លោក​ជឿ​ថា​ ក្រុម​អ្នកមាន​ លោក​ធំ​ និង​ឧកញ៉ា​ ដែល​មានបុណ្យ​សក្តិ​ ទ្រព្យសម្បត្តិ​មហាសាល​ទាំង​អស់នោះ​ នឹង​មិន​រួមចំណែក​ទម្លាក់​កម្ពុជា​ទៅ​ក្នុង​ភ្លើងសង្គ្រាម​ឡើយ​។​ «​យើង​ក្រឡេក​ទៅ​មើល​ចំណែក​មួយទៀត​ ក្រុម​អ្នកដឹកនាំ​ ក្រុម​មេដឹកនាំ​ឧកញ៉ា​ មាន​មន្ត្រី​ខ្ពង់ខ្ពស់​ យើង​ឃើញ​ថា​ ក្រុម​មន្ត្រី​ទាំងអស់​ហ្នឹង​មាន​លុយរាប់​កោដិ៍​ រាប់​លាន​។​ អ៊ីចឹង​បើសិនជា​មាន​សង្គ្រាម​កើតឡើង​ ថា​តើ​គាត់​អ្នករក្សា​ចំនួន​លុយ​ដ៏​មហាសាល​របស់​គាត់​ហ្នឹង​បាន​ទេ​?​ អ៊ីចឹង​អត់​បាន​ទេ​។​ មែនទែន​ទៅ​គាត់​ខ្លាច​បាត់បង់​តួនាទី​ បាត់បង់​ទ្រព្យសម្បត្តិ​របស់​គាត់​ហ្នឹង​ខ្លាំង​ជាង​ពលរដ្ឋ​ក្រីក្រ​ទៅ​ទៀត​។​ អ៊ីចឹង​ខ្ញុំ​មិន​ជឿ​ថា​ ក្រុម​អ្នកមាន​ទាំងអស់​ហ្នឹង​នឹង​រុញ​ឱ្យ​មាន​ស​ង្ក្រា​ម​កើតឡើង​នៅ​កម្ពុជា​ទេ​។​ តាម​ពិត​នេះ​គ្រាន់តែ​ជា​វា​ហោ​សាស្ត្រ​នយោបាយ​ ដែល​គំរាម​ដល់​ពលរដ្ឋ​កុំឱ្យ​ធ្វើការ​ផ្លាស់​ប្ដូរ​តែ​ប៉ុណ្ណោះ​»​។​

​ចំណែក​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មួយ​រូប​ទៀត​ គឺ​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​អាច​ធ្លាក់​ដល់​របត់​ផ្លាស់​ប្ដូរ​ ដូច​ការ​ផ្លាស់​ប្ដូរ​ពី​របប​សង្គមរាស្ត្រនិយម​ ទៅ​របប​សាធារណរដ្ឋ​ ឬ​ពី​សាធារណរដ្ឋ​ទៅ​របប​ខ្មែរក្រហម​នោះ​ទេ​ គឺ​យ៉ាងច្រើន​ត្រឹម​ដូច​ព្រឹត្តិការណ៍​៥,​ ៦​ កក្កដា​ ១៩៩៧​ ដែល​អន្តរជាតិ​ចាត់​ទុក​ថា​ជា​រដ្ឋប្រហារ​ ហើយ​ការ​ដណ្ដើម​យក​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ក្នុង​ទីក្រុង​នៅ​ពេល​នោះ​ លោក​សាស្ត្រាចារ្យ​ប្រៀបប្រដូច​ទៅ​នឹង​ការ​ឆក់​ប្លន់​។​

​លោក​ថា​៖​ «​ឥឡូវ​យើង​ក្រឡេក​មើល​អ៊ីចេះ​ យើង​មើល​ [១៩]​ ៩៧​ ដែល​រដ្ឋាភិបាល​ហៅ​ថា​
​ព្រឹត្តិការណ៍​ តែ​នៅ​អន្តរជាតិ​គេ​ហៅ​ថា​រដ្ឋប្រហារ​ហើយ​ ថ្ងៃ​ទី​៥​ ទី​៦​ កក្កដា​ ឆ្នាំ​១៩៩៧​ នេះ​។​ ប៉ុន្តែ​អ្នក​ដែល​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ អាហ្នឹង​គឺ​ប្លន់​គេ​ហើយ​បើ​យើង​និយាយ​មែនទែន​នោះ​។​ គ្មាន​ទៅ​ផ្លាស់​ប្ដូរ​ដើម្បី​បានទ្រព្យ​សម្បត្តិ​ដូច​សម័យ​ខ្មែរក្រហម​ទៀត​ទេ​ សាធារណរដ្ឋ​ខ្មែរ​ ហើយ​កម្ពុជា​ប្រជាធិបតេយ្យ​ចូល​មក​កាន់កាប់​ ប្រមូល​រឹបអូស​អ៊ីចឹង​ អាហ្នឹង​វា​លែង​មាន​ដល់​ករណី​ហ្នុ៎​ង​ទៀត​ហើយ​»​។​

​បើ​តាម​មតិ​របស់​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ទាំង​ពីរ​រូប​ខាងលើ​ឃើញ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​អ្នកធំ​ អ្នកមាន​ ឧកញ៉ា​ ពិតជា​មិន​ចង់ឱ្យ​មាន​សង្គ្រាម​នោះ​ទេ​ ព្រោះ​បើ​មាន​សង្គ្រាម​នឹង​ធ្វើ​ឱ្យ​ពួក​គេ​រលាយ​ហិនហោច​ទ្រព្យសម្បត្តិ​ទាំងអស់​៕

Share

ព័ត៌មានទាក់ទង

Image