en     km
en     km

អ៊ុយក្រែនសុំជំនួយថែមពីសហរដ្ឋអាមេរិក និងជំរុញឱ្យលោក បៃឌិន ធ្វើជា«មេដឹកនាំនៃសន្តិភាព»

Share

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្ស៊ើឡិនស្គី កាលពីថ្ងៃពុធ បានព្យាយាមសុំជំនួយបន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីតទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ពេលបង្ហាញខ្លួនដោយប្រយោលនៅចំពោះមុខសភាសហរដ្ឋអាមេរិក មេដឹកនាំអ៊ុយក្រែនជំរុញឱ្យលោកប្រធានាធិបតី ចូ បៃឌិន ធ្វើជា«មេដឹកនាំនៃសន្តិភាព»នៅក្នុងពិភពលោក។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ …

 

 

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្ស៊ើឡិនស្គី កាលពីថ្ងៃពុធ បានព្យាយាមសុំជំនួយបន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីតទល់នឹងការឈ្លានពានរបស់រុស្ស៊ី ហើយបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកគួរតែក្លាយជា«មេដឹកនាំនៃសន្តិភាព»នៅក្នុងពិភពលោក ដោយសារតែលោក ចូ បៃឌិន ប្រមូលផ្តុំប្រទេសដទៃទៀតឱ្យឈរនៅខាងរដ្ឋាភិបាលអ៊ុយក្រែន។

ការថ្លែងដូច្នោះរបស់លោក ហ្ស៊ើឡិនស្គី បានកើតឡើងអំឡុងពេលដែលប្រធានាធិបតីអ៊ុយក្រែនរូបនេះបង្ហាញខ្លួនតាមប្រព័ន្ធទូរសោតទស្សន៍ នៅចំពោះមុខសភាសហរដ្ឋអាមេរិក។ លោក ហ្ស៊ើឡិនស្គី ដែលបានថ្លែងទៅកាន់សភាអឺរ៉ុបនិងសភាកាណាដាពីចម្ងាយផងនោះ បានគូសបញ្ជាក់ឡើងវិញ នូវសេចក្ដីអំពាវនាវរបស់លោកដែលសុំឱ្យមានការគាំទ្រពីបស្ចិមលោក ដើម្បីការពារដែនអាកាសអ៊ុយក្រែន ខណៈដែលប្រទេសនេះរងការទម្លាក់គ្រាប់បែកពីសំណាក់រុស្ស៊ី។

រដ្ឋបាលលោក បៃឌិន បានបន្តបដិសេធសំណើនេះ ដោយលើកឡើងពីសេចក្ដីបារម្ភថា ចំណាត់ការនេះអាចនឹងបណ្ដាលឱ្យមានសង្គ្រាមដោយផ្ទាល់រវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី។

លោក ហ្ស៊ើឡិនស្គី មានវ័យ៤៤ឆ្នាំ និងជាតារាកំប្លែងម្នាក់ដែលបានប្រែក្លាយជាប្រធានាធិបតីដ៏អង់អាចក្លាហានក្នុងសង្គ្រាម។ លោកបានថ្លែងតាមសម្ដីដើមថា៖ «សព្វថ្ងៃនេះ ប្រជាជនអ៊ុយក្រែនមិនត្រឹមតែកំពុងការពារអ៊ុយក្រែនប៉ុណ្ណោះទេ គឺកំពុងតែប្រយុទ្ធដើម្បីគុណតម្លៃរបស់អឺរ៉ុបនិងរបស់ពិភពលោក ដោយពលីអាយុជីវិតដើម្បីអនាគត។»

លោក ហ្ស៊ើឡិនស្គី បានបន្តសម្ដីរបស់លោកថា៖ «ក្នុងនាមជាមេដឹកនាំនៃប្រជាជាតិរបស់ខ្ញុំ ខ្ញុំសុំថ្លែងទៅកាន់ប្រធានាធិបតី បៃឌិន ។ លោកគឺជាអ្នកដឹកនាំនៃប្រជាជាតិមួយ ប្រជាជាតិដ៏អស្ចារ្យរបស់អ្នក។ ខ្ញុំសូមឱ្យលោកក្លាយជាអ្នកដឹកនាំពិភពលោក»។ លោក ហ្ស៊ើឡិនស្គីបាននិយាយបន្ថែមថា៖ «ធ្វើជាមេដឹកនាំនៃពិភពលោក គឺមានន័យថាធ្វើជាមេដឹកនាំនៃសន្តិភាព។»

ក្នុងអំឡុងពេលដែលប្រធានាធិបតីអ៊ុយក្រែនថ្លែងសុន្ទរកថារបស់គាត់ មានខ្សែវីដេអូមួយដែលត្រូវបានចាក់ផ្សាយដើម្បីបង្ហាញឱ្យឃើញថាផ្នែកខ្លះនៃប្រទេសអ៊ុយក្រែនបានប្រែក្លាយទៅជាកម្ទេចកម្ទី កុមារបានក្លាយជាជនរងគ្រោះដោយសារការវាយប្រហារ ហើយសាកសពជាច្រើនដេកស្ដូកស្ដឹងនៅលើដី។ ខ្សែវីដេអូឯកសារនោះបញ្ចប់ទៅដោយមានការអំពាវនាវសុំឱ្យបស្ចិមលោកជួយ«បិទដែនអាកាសអ៊ុយក្រែន» កុំឱ្យយន្តហោះរុស្ស៊ីឆ្លងកាត់បាន។

រដ្ឋបាលរបស់លោក បៃឌិន បាននិងកំពុងផ្តល់ជំនួយផ្នែកសន្តិសុខឱ្យប្រទេសអ៊ុយក្រែនដែលជាអតីតរដ្ឋមួយរបស់សហភាពសូវៀត ប៉ុន្តែសហរដ្ឋអាមេរិកនៅតែប្រកាន់ជំហរប្រយ័ត្នប្រយែងខ្ពស់ក្នុងការចាត់វិធានការណាមួយ ដែលអាចឱ្យគេចាត់ទុកថា«ជួយបង្កើនជម្លោះ» តួយ៉ាងដូចការបង្កើតនូវអ្វីដែលគេហៅថា តំបន់គ្មានការហោះហើរនេះ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកនិយាយថា វាអាចមានន័យជាសំខាន់ថា យន្តហោះចម្បាំងអាមេរិកនឹង«បាញ់ទម្លាក់យន្តហោះរុស្ស៊ី ហើយយន្តហោះចម្បាំងរបស់រុស្ស៊ីនឹងបាញ់តបមកវិញមិនខាន។»

យោង៖ https://english.kyodonews.net/news/2022/03/14a179310134-ukraine-seeks-more-aid-in-war-urges-biden-to-be-leader-of-peace.html

Share

ព័ត៌មានទាក់ទង

Image