«បាល់ទាត់»ជាកីឡាមួយត្រូវបានពេញនិយមពាសពេញពិភពលោក និងជាកីឡាមួយតំណាងនូវសន្តិភាព សាមគ្គីភាព រវាងជាងសាសន៍មួយទៅជាតិសាសន៍មួយទៀត។ ហើយកីឡាប្រភេទនេះត្រូវបានពេញនិយមខ្លាំងពីសំណាក់បុរស ព្រោះជាកីឡាបាល់ទាត់ត្រូវប្រើថាមពលខ្លាំង និងអាចមានការប៉ះទង្គិចគ្នាដែលនាំឱ្យមានរបួស។ បើទោះបីជាកីឡាបាល់ទាត់មិនសូវមានការចាប់អាម្មរណ៍លេងច្រើនពីនារីៗយ៉ាងណាក្តី តែវាមិនមែនជាឧបសគ្គឡើយសម្រាប់ កីឡាការនី ម៉ៅ សាវីន ដែលបច្ចុប្បន្នជាគ្រូបង្វឹកបាល់ទាត់នារី នៅក្លឹបភ្នំពេញក្រោន។
តើគ្រូបង្វឹកម្ចាស់ពានជើងឯកលីគកំពូលនារីជានណារ? និងមានប្រវត្តិយ៉ាងណា?
សូមស្ដាប់ព័ត៌មានលម្អិត!
កីឡាការនីមាននាមថា ម៉ៅ សាវីន មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងមានកំណើតកើតជាក្នុងត្រកូលជាកសិករ។ ឪពុកម្ដាយរបស់នាងប្រកបរបរដាំដំឡូង នៅឯឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
តាមការរៀបរាប់ឱ្យដឹងពីកីឡាការនីបាល់ទាត់ ម៉ៅ សាវីន វាលស្មៅខៀវខ្ចីបានក្លាយជាចំណង់ចំណូលចិត្តដ៏រន្ថាន់របស់នាងទៅហើយ ពេលនាងបានឃើញការប្រកួតម្តងៗ។ ជំនក់ចិត្តនេះហើយ បាននាំឱ្យនាងប្រឹងប្រែងហ្វឹកហាត់ឥតស្រាកស្រាន្តរហូតបានក្លាយខ្លួនជាកីឡាករបាល់ទាត់មួយរូប ជាគ្រូបង្វឹកផង និងជាគ្រូជំនួយការបង្ហាត់បាល់ទាត់ផងក្នុងសហគមន៍មួយក្នុងខេត្តបាត់ដំបងតាមរយៈអង្គការមួយដែលនាងផ្លាស់ទៅនៅទីនោះក្នុងឆ្នាំ២០១២។
នៅលើវិថីដ៏វែងឆ្ងាយមួយនេះ កីឡាការនី សាវីន មិននៅទ្រឹងមួយកន្លែងនោះទេ គឺនៅឆ្នាំ២០១៥ នាងមានឱកាសចូលវគ្គសិក្សាកម្មវិធីគ្រូបង្វឹកកីឡាបាល់ទាត់កម្រិត C license មួយ រៀបចំដោយសហព័ន្ធកីឡាជាតិកម្ពុជា។ គ្រានោះហើយនាងបានក្លាយជាកីឡាការនីជម្រើសជាតិប្រចាំខេត្តបាត់ដំបង និងបានចូលបង្វឹកក្រុមបាល់ទាត់នារីនៅក្នុងខេត្តនេះតាំងពីពេលនោះមក។
ឈានចូលឆ្នាំ ២០១៧ នាងទទួលបានអាជ្ញាប័ណ្ណកម្រិត B License បន្ថែមទៀត។ ក្តីស្រមៃលើសមរភូមិវាលស្មៅខៀវខ្ចីមួយនេះ បានជំរុញឱ្យនាងបន្តវគ្គបណ្តុះបណ្តាលផ្នែកនេះនៅភ្នំពេញ ក្រោយនាងប្រឡងជាប់សញ្ញាមត្រមធ្យមសិក្សាទុតិយភូមិ។
តាមរយៈការខិតខំសិក្សា វគ្គបណ្តុះបណ្តាលនេះបានហុចផលផ្លែផ្កាដល់រូបនាងក្នុងឆ្នាំ២០១៨ នោះគឺអាជ្ញាប័ណ្ណបង្ហាត់បាល់ទាត់កម្រិត A license ដែលនាងមានឱកាសក្លាយជាកីឡាការនីអាជីពមួយរូប និងក្លាយជាគ្រូបង្ហាត់ទាំងក្រុមលីគនារីនិងបុរសទាំងក្នុង និងក្រៅប្រទេស។
ពេលវេលាក្នុងឆ្នាំ ២០១៨ នេះជាឱកាសមាសមួយសម្រាប់ ម៉ៅ សាវីន ដែលបានឈានជើងចូលបង្ហាត់កីឡាករបាល់ទាត់នារីភ្នំពេញក្រោន រហូតធ្វើឱ្យក្រុមមួយនេះបានគ្រងពានតំណែងជើងឯកលីគនារីរដូវកាល ឆ្នាំ២០២១ ក្រោមលទ្ធផលប្រកួត ២ ទល់នឹង ១ ជាមួយក្លិបណាហ្គាវើលដ៍ លើទឹកដីខ្លួនកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២កន្លងទៅ។
កីឡាការនី ម៉ៅ សាវីន ឱ្យដឹងបន្តទៀតថា រយៈពេលជាង ១០ ឆ្នាំក្នុងអាជីពបាល់ទាត់នេះ អ្នកនាងធ្លាប់ឈ្នះពានរង្វាន់ជើងឯកចំនួន ៨ និងធ្លាប់បានដឹកនាំក្លិបឈ្នះពានចំនួន០៦ ផ្សេងទៀត។ មិនតែប៉ុណ្ណោះគ្រូបង្វឹកបាល់ទាត់លីគនារីរូបនេះ ធ្លាប់បានទៅចូលរួមកម្មវិធីជាច្រើនជាមួយក្រុមជម្រើសជាតិកម្ពុជា នៅក្រៅប្រទេសជាង ១០ ប្រទេសផ្សេងទៀតរួមមានសិង្ហបុរី ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ប្រេស៊ីល និង អាឡឺម៉ង់៕
រូបភាពពី៖ Phnom Penh Crown Women’s Team, ម៉ៅ សាវីន