រុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលៗរបស់សហរដ្ឋអាមេរិក ក្នុងនោះមានទាំងលោកប្រធានាធិបតី ចូ បៃឌិន ផង ជាការសងសឹកចំពោះវិធានការដាក់ទណ្ឌកម្មលើបណ្ដាមេដឹកនាំរបស់រុស្ស៊ី ពាក់ព័ន្ធនឹងអំពើឈ្លានពានប្រទេសអ៊ុយក្រែន។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ …
រុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានដាក់ទណ្ឌកម្មលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងរដ្ឋមន្ត្រីការបរទេសរបស់គាត់ គឺលោក អែនថូនី ប្លីងឃិន ដើម្បីជាការសងសឹកចំពោះវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីកំពូលរបស់រុស្ស៊ី ពាក់ព័ន្ធនឹងការឈ្លានពានប្រទេសអ៊ុយក្រែន។
ការប្រកាសរបស់រុស្ស៊ីម្សិលមិញបានធ្វើឡើងនៅពេលដែលរដ្ឋបាលលោក បៃឌិន បន្តបង្កើនសម្ពាធលើរុស្ស៊ី ចំពោះការណ៍ដែលរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។ សហរដ្ឋអាមេរិកបានបង្ហាញការដាក់ទណ្ឌកម្មបន្ថែមទៅលើបុគ្គលជនជាតិរុស្ស៊ីជាច្រើននាក់ ព្រមទាំងការដាក់ចេញនូវវិធានការថ្មីៗសំដៅលើប្រធានាធិបតីបេឡារុស លោក អាឡិចសានឌើរ លូកាសេនកូ ដែលបានធ្វើឱ្យរបបរបស់គាត់គាំទ្រយុទ្ធនាការយោធារបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន។
នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា លោកប្រធានធិបតី ចូ បៃឌិន លោករដ្ឋមន្ត្រីការបរទេស អែនថូនី ប្លីងឃិន លោករដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន និងមន្ត្រីយោធាជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក គឺលោក ម៉ាក ម៉ៃលី នឹងស្ថិតក្នុងចំណោមមន្ត្រីសហរដ្ឋអាមេរិក ដែលនឹងត្រូវហាមឃាត់មិនឱ្យចូលទៅក្នុងប្រទេសរុស្ស៊ី។
ចាប់តាំងពីការវាយប្រហារដោយយោធារុស្ស៊ីលើប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិក រួមជាមួយនឹងសហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិក រួមទាំងប្រទេសជប៉ុនផង បានដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន លើរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គៃ ឡាវ្រូវ និងអ្នកដទៃៗទៀត។
នៅខាងសហរដ្ឋអាមេរិក ទណ្ឌកម្មដែលត្រូវបានប្រកាសដោយក្រសួងការបរទេសនិងក្រសួងរតនាគារជាតិកាលពីថ្ងៃអង្គារ ប្រឆាំងនឹងបុគ្គលជនជាតិរុស្ស៊ី ក្នុងនោះមានទាំងមន្ត្រីនៅក្រសួងការពារជាតិរុស្ស៊ី និងប្រធានាធិបតីបេឡារុស លោក លូកាសេនកូ ផង គឺពាក់ព័ន្ធនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថា «ការរំលោភសិទ្ធិមនុស្សសម្បើមៗ» និង«អំពើពុករលួយដ៏គួរឱ្យកត់សម្គាល់»។
លោក ប្លីងឃិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមសម្ដីផ្ទាល់ថា៖ «យុទ្ធនាការយោធារបស់ប្រធានាធិបតី ពូទីន ប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យមានការឈឺចាប់យ៉ាងធំធេងដែលមិនគួរកើតមាន វាបានបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតចំពោះជនស៊ីវិលរាប់រយនាក់ ឬអាចដល់រាប់ពាន់នាក់ផង ក្នុងចំណោមនោះមានទាំងកុមារដែរ ហើយវាក៏បានបង្កឱ្យមានការរំលោភបំពានសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើហិង្សាកាន់តែខ្លាំងឡើងៗ។»
ប្រមុខការទូតរបស់សហរដ្ឋអាមេរិករូបនេះក៏បានរិះគន់រដ្ឋាភិបាលរុស្ស៊ីដែរ ចំពោះការបង្ក្រាបកាន់តែខ្លាំងលើសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋរុស្ស៊ី រួមទាំងលើបុគ្គលិកសារព័ត៌មាន ក៏ដូចជាសេរីភាពក្នុងការបង្កើតសមាគមនិងការប្រមូលផ្ដុំគ្នាជួបជុំដោយសន្តិវិធី។
ពីមុន លោក លូកាសេនកូ ធ្លាប់ត្រូវបានរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មហើយ។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ចូលមេដឹកនាំបេឡារុសដែលកាន់អំណាចយូររូបនេះទៅក្នុងបញ្ជីទណ្ឌកម្មឡើងវិញ រួមជាមួយភរិយារបស់គាត់ផង គឺលោកស្រី ហាលីណា លូកាសេនកូ៕
—
យោង៖ https://english.kyodonews.net/news/2022/03/b45de554ca38-russia-imposes-sanctions-on-biden-blinken-in-retaliatory-steps.html