en     km
en     km

ភរិយាព្រះរាជអាជ្ញារងក្រុងភ្នំពេញ អ្នកស្រី ហេង មួយគា ចេញលិខិតបំភ្លឺអំពីទំនាស់គ្រួសារ

Share

អ្នកស្រី ហេង មួយគា បានចេញសារបកស្រាយអំពីទំនាស់ក្នុងគ្រួសារ ដោយអ្នកស្រីបានប្រាប់ពីការប្រើសម្តីលើស​លស់ដែលថាស្វាម៉ីរបស់អ្នកស្រី គឺព្រះរាជអាជ្ញារងនៅសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុត ដារ៉ា បានយកកាំភ្លើងមកគំរាមបាញ់សម្លាប់អ្នកស្រីនិងជំនួយការក្នុងផ្ទះ។

នាងខ្ញុំ មាស គឹមធួន សូមជូនសេចក្តីរាយការណ៍ …

 

 

យោងតាមលិខិតបំភ្លឺជាសាធារណៈ ផ្សាយចេញកាលពីយប់ថ្ងៃចន្ទ​តាមរយៈគណនីហ្វេសប៊ុក អ្នកស្រី ហេង មួយគា បានរៀបរាប់ថា អ្នកស្រីបានប្រើពាក្យសម្ដីជុ្រលមាត់និយាយលើសលស់ ដែលប្រាសចាកពីការពិត ព្រោះតែកំហឹងបាំងមុខ ទាក់ទងនឹងជម្លោះជាមួយស្វាមី ឈ្មោះ ម៉ុត ដារ៉ា ដែលជាព្រះរាជរងនៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា។

អ្នកស្រី ហេង មួយគា បានបន្តតាមសំណេរដើមថា៖ «ចំពោះរឿងពិតប្រាកដ នាងខ្ញុំសូមជម្រាបជូនដូចតទៅ… ដំបូងឡើយ ពេលស្វាមីនាងខ្ញុំវិលត្រឡប់ពីធ្វើការវិញ ក៏មានការប៉ះពារពាក្យសម្តីមួយចំនួន រហូតដល់តឹងសរសៃកដាក់គ្នា ពេលនោះស្វាមីនាងខ្ញុំបានចាប់ដៃនាងខ្ញុំក្នុងបំណងហៅឡើងទៅបន្ទប់ជាន់លើ ដើម្បីសួរនាំដោះស្រាយគ្នា ប៉ុន្តែនាងខ្ញុំបានបដិសេធ ដែលជាហេតុនាំឱ្យស្វាមីនាងខ្ញុំចាប់ច្របាច់ដៃ ដើម្បីទាញឡើងទៅលើជាមួយនឹងពាក្យសម្តីប្រកែកគ្នា ពេលនោះក្នុងអារម្មណ៍នាងខ្ញុំខឹងជាខ្លាំងចំពោះស្វាមី ព្រោះតាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធជាង១០ឆ្នាំមក គាត់មិនដែលប្រព្រឹត្តអាកប្បកិរិយាបែបនេះមកលើនាងខ្ញុំ និងក្រុមគ្រួសារឡើយ។»

អ្នកស្រីរៀបរាប់បន្តទៀតថា៖ «ចំណែកពាក្យថា គាត់យកកាំភ្លើងមកគំរាមរកបាញ់សម្លាប់ ឬវាយតប់ផ្សេងៗនោះ គឺពុំមានឡើយ។ គ្រាន់តែគាត់ចាប់ច្របាច់ដៃ ដើម្បីនាំនាងខ្ញុំឡើងទៅជាន់លើ តែនាងខ្ញុំមិនព្រមនោះ គឺមានពិតប្រាកដមែន អ្វីដែល លើសពីនោះគឺមិនមានទេ។»

រឿងរ៉ាវក្នុងគ្រួសាររបស់អ្នកស្រី ហេង មួយគា និងលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ត្រូវបានអ្នកសារព័ត៌មាន​ថត​យក​មកផ្សព្វផ្សាយជាបន្តបន្ទាប់ ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ជាហេតុធ្វើឱ្យសាធារណៈជនយល់ថា អ្នកស្រី ហេង មួយគា ជាស្ត្រីរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ដែលបណ្ដាលមកពីស្នេហ៍ត្រីកោណ។ រឿងរ៉ាវក្នុងគ្រួសារនេះបានឈានដល់ការដាក់ពាក្យបណ្ដឹងនៅសាលាដំបូងរាជធានីភ្នំពេញទៀតផង ដោយមានអន្តរាគមន៍ពីសំណាក់ឪពុកម្ដាយរបស់អ្នកស្រី ហេង មួយគា។

អ្នកស្រី ហេង មួយគា បានអះអាងតាមសំណេរដើមនៅក្នុងលិខិតបំភ្លឺថា៖ «សូមជម្រាបជូនថា ការបកស្រាយនេះគឺមិនមានការបង្ខំឬប្រឌិត ដើម្បីគេចវេសពីការពិតនោះទេ ព្រោះនេះគឺជាការពិត សូមបងប្អូនអ្នកសារព័ត៌មាន និងសាធារណៈជនមេត្តាជ្រាប និងយោគយល់ដល់នាងខ្ញុំនិងស្វាមី ចំពោះហេតុការណ៍នេះ។»

អ្នកស្រី ហេង មួយគា ដែលបានចោទស្វាម៉ីរបស់អ្នកស្រីថាមានស្រីកំណាន់ ហើយបានគំរាមកំហែងសម្លាប់អ្នកស្រីនិងជំនួយការក្នុងផ្ទះ បានសង្កត់ធ្ងន់ថា៖ «នាងខ្ញុំនិងស្វាមីសុំសេចក្ដីអនុគ្រោះជាសាធារណៈ និងសូមបញ្ចប់វិវាទមួយនេះត្រឹមហ្នឹង។ សូមបងប្អូនទទួលនូវសេចក្តីគោរពស្រលាញ់រាប់អានអំពីនាងខ្ញុំ និងស្វាមី ព្រមទាំងគ្រួសារ។»

ចំណែកឯគណនីហ្វេសប៊ុក ឈ្មោះ ច័ន្ទ ពេញវង់ ដែលទំនងជាសាច់ញាតិនារីម្នាក់ដែលត្រូវអ្នកស្រី ហេង​ មួយគាបានផ្សព្វផ្សាយថាជាស្រីកំណាន់នោះ បានបញ្ចេញមតិតាមសំណេរដើមយ៉ាងដូច្នេះថា៖ «សម្ងំដេកដល់អង្កាល់? ម៉េចគ្រាន់ពាក្យសុំទោស  ធ្វើមិនបាន រួចថាខ្លាចខ្មាសគេ ខ្លាចថោកមែន? ខ្លាចអីទៀត  បើចែឯងថោករួចហើយ ខ្មាសគេរួចហើយ  ទាំងប្តីប្រពន្ធ ទាំងកូនស្រីកូនប្រុស ទាំងម៉ែក្មេក  ថែមទាំងអូសក្មេងស្រីម្នាក់ទៅអោយខូចកត្តិយសជាមួយ  មានកូនស្រីដែរ  តែម៉េចតាង៉ែនៗចឹង ងើបឡើងចែ  កុំសម្ងំ។»

រឿងទំនាស់ក្នុងគ្រួសារអ្នកស្រី ហេង មួយគា បានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា នៅតាមបណ្តោយផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពេលដែលអ្នកស្រី ហេង មួយគា និយាយទៅកាន់អ្នកសារព័ត៌មានតាមបណ្ដាញសង្គមនៅឯតុលាការក្រុងភ្នំពេញ សម្ដីអ្នកស្រីគឺប្រកបដោយក្ដីខកចិត្តដែលលាយឡំនឹងទឹកភ្នែកផង៕

Share

ព័ត៌មានទាក់ទង

Image