លោក យូន ស៊ុក យើល បានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង នៅពេលដែលមនុស្សមួយចំនួនចាត់ទុកលោកថាជា«ជើងថ្មី»ក្នុងវិស័យនយោបាយការបរទេស។ ការណ៍នេះធ្វើឱ្យគេប្រមើលឃើញថា ជោគជ័យរបស់លោកនឹងនាំមកនូវសម្ព័ន្ធភាពរឹងមាំជាងមុនជាមួយសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន ប៉ុន្តែមិនអាចរក្សាជំហរតឹងរ៉ឹងជាងមុនចំពោះកូរ៉េខាងជើងនិងចិនបានឡើយ នៅពេលប្រឈមមុខនឹងតថភាពនយោបាយនិងភូមិសាស្ត្រសេដ្ឋកិច្ច។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …
លោក យូន ស៊ុក យើល ដែលជាអតីតអគ្គរដ្ឋអាជ្ញាអភិរក្សនិយម និងដែលត្រូវបានទីភ្នាក់ងារសារព័ត៌មានអេភីហៅថា«ជើងថ្មី»ក្នុងវិស័យនយោបាយការបរទេស បានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីពាក់កណ្ដាលសប្ដាហ៍មុន។ ជោគជ័យរបស់លោកត្រូវគេរំពឹងថានឹងនាំមកនូវសម្ព័ន្ធភាពរឹងមាំជាងមុនជាមួយសហរដ្ឋអាមេរិក ហើយគេក៏រំពឹងដែរថា លោកនឹងប្រកាន់ជំហរតឹងរ៉ឹងជាងមុនចំពោះកូរ៉េខាងជើង។
បន្ទាប់ពីសន្លឹកឆ្នោតជាង ៩៩ ភាគរយ ត្រូវបានរាប់ហើយកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក យូន ដែលមកពីបក្សប្រឆាំងដ៏ធំ គឺគណបក្សអំណាចប្រជាជន ទទួលបានការគាំទ្រចំនួន ៤៨,៦ ភាគរយ ទល់នឹង ៤៧,៨ ភាគរយ សម្រាប់បេក្ខជន លី ចេ មីយុង មកពីគណបក្សប្រជាធិបតេយ្យសេរី ដែលជាបក្សកាន់អំណាច។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃពុធ មានការប្រជែងគ្នាយ៉ាងប្រកៀកប្រកិតបំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង។
លោក យូន នឹងចូលកាន់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃទី ១០ ខែឧសភា ជំនួសប្រធានាធិបតីបច្ចុប្បន្ន គឺលោក មូន ចេ អ៊ីន ហើយនឹងដឹកនាំកូរ៉េខាងត្បូងដែលមានសេដ្ឋកិច្ចធំបំផុតទី ១០ របស់ពិភពលោក សម្រាប់រយៈពេលតែមួយអាណត្តិ ពោលគឺប្រាំឆ្នាំ។
បន្ទាប់ពីបានឈ្នះការបោះឆ្នោត លោក យូន បាននិយាយថា ការប្រជែងរបស់លោកទល់នឹងលោក លី ក៏ដូចជាទល់នឹងបេក្ខជនផ្សេងៗទៀត បានធ្វើឱ្យនយោបាយកូរ៉េខាងត្បូងប្រសើរឡើង។ លោក យូន បានថ្លែងក្នុងសម្ដីដើមថា៖ «ការប្រកួតរបស់យើងបានចប់សព្វគ្រប់ហើយឥឡូវនេះ។ យើងគួរយកភាពខ្លាំងរបស់យើងមកបញ្ចូលគ្នា ហើយក្លាយជាមនុស្សតែម្នាក់សម្រាប់ប្រជាជនយើង។»
ក្រុមអ្នករិះគន់បាននិយាយថា ទាំងលោក យូន ស៊ុក យើល ទាំងលោក លី ចេ មីយុង មិនបានបង្ហាញឱ្យឃើញយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីបន្ធូរបន្ថយការគំរាមកំហែងពីកូរ៉េខាងជើងនិងពីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះទេ។ ពួកអ្នករិះគន់ក៏បាននិយាយដែរថា អ្នកបោះឆ្នោតមានការងឿងឆ្ងល់អំពីរបៀបដែលអ្នកទាំងពីរចាត់ចែងកិច្ចការទំនាក់ទំនងអន្តរជាតិ នៅពេលដែលមានការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិកនិងចិន ព្រមទាំងអំពីរបៀបដែលពួកគេនឹងដោះស្រាយវិសមភាពផ្នែកសេដ្ឋកិច្ចដែលកាន់តែរីកធំឡើង និងតម្លៃផ្ទះដែលឡើងកាន់តែខ្ពស់។
លោក យូន ស៊ុក យើល បាននិយាយថា លោកនឹងដោះស្រាយបញ្ហាយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង ហើយនឹងព្យាយាមជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលជប៉ុន ដើម្បីលុបបំបាត់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក យូន បានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធភាពដែលកាន់តែជ្រាលជ្រៅជាមួយសហរដ្ឋអាមេរិក នឹងក្លាយជាចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់លោក។ លោក យូន បាននិយាយទៀតថា រូបលោកនឹងប្រកាន់ជំហរកាន់តែរឹងប៉ឹងថែមទៀត ចំពោះមុខប្រទេសចិន។
ក្រោយបានជាប់ឆ្នោតភ្លាមៗ លោក យូន ស៊ុក យើល បានសន្ទនាពីចម្ងាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន និងជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស្ស៊ីដា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានប្រាប់ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងថា រូបលោកទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសកូរ៉េខាងជើង និងបញ្ហាប្រឈមជាសកលសំខាន់ៗផ្សេងៗទៀត។ ពេលអបអរសាទរចំពោះជ័យជម្នះរបស់លោក យូន ក្នុងការបោះឆ្នោត លោក ចូ បៃឌិន ក៏បានថ្លែងអំពីកម្លាំងនៃសម្ព័ន្ធភាពទ្វេភាគីសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ដែលសេតវិមានហៅថាជា«សម្ព័ន្ធភាពសម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង ក៏បានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងដែរ។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស្ស៊ីដា និងលោក យូន ស៊ុក យើល បាននិយាយថា ពួកគេបានឯកភាពគ្នាដើម្បីពង្រឹងទំនាក់ទំនងត្រីភាគីជាមួយសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាដែលកំពុងវិវឌ្ឍន៍របស់ប្រទេសកូរ៉េខាងជើង ដែលចេះតែបាញ់សាកល្បងឥតឈប់ឈរ នូវកាំជ្រួចផលិតបានថ្មីៗ រួមទាំងកាំជ្រួចអន្តរទ្វីបផង។
អ្នកជំនាញខ្លះបានថ្លែងថា គោលជំហរនយោបាយការបរទេសរបស់លោក យូន ស៊ុក យើល នឹងធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងខិតកាន់តែជិតស្និទ្ធនឹងសហរដ្ឋអាមេរិក ប៉ុន្តែលោកនឹងមិនអាចជៀសវាងទំនាស់ជាមួយរដ្ឋាភិបាលកូរ៉េខាងជើងនិងរដ្ឋាភិបាលចិនបានឡើយ។
លោក ឌុយយើន គីម អ្នកវិភាគជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី ដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយតាមសម្ដីដើមថា៖ «យើងអាចរំពឹងថាសម្ព័ន្ធភាពនេះនឹងប្រព្រឹត្តទៅកាន់តែរលូន និងមានភាពស៊ីសង្វាក់គ្នា ភាគច្រើនលើរឿងកូរ៉េខាងជើង រឿងចិន ព្រមទាំងលើបញ្ហាក្នុងតំបន់និងបញ្ហាក្នុងពិភពលោក។» លោក ឌុយយើន គីម បន្តសម្ដីរបស់លោកទៀតថា៖ «ការប្រឈមដ៏សំខាន់របស់លោក យូន ស៊ុក យើល គឺថា តើគាត់នឹងស្តាប់ទីប្រឹក្សារបស់គាត់ឬទេ ហើយតើគាត់ពិតជាអាចប្រកាន់ជំហរតឹងរ៉ឹងជាងមុនចំពោះកូរ៉េខាងជើងនិងចិនមែនឬអី នៅពេលដែលគាត់ប្រឈមមុខនឹងតថភាពនយោបាយនិងភូមិសាស្ត្រសេដ្ឋកិច្ច បន្ទាប់ពីពេលដែលគាត់បានចូលកាន់តំណែង។»
អ្នករិះគន់ចំពោះលោក យូន ស៊ុក យើល បានវាយប្រហារគាត់ ជុំវិញកង្វះខាតបទពិសោធន៍ក្នុងនយោបាយគណបក្ស គោលនយោបាយការបរទេស និងកិច្ចការរដ្ឋសំខាន់ៗផ្សេងទៀត។ លោក យូន បានឆ្លើយតបថា រូបលោកនឹងអនុញ្ញាតឱ្យមន្ត្រីដែលមានបទពិសោធន៍ចាត់ចែងកិច្ចការរដ្ឋដែលទាមទារជំនាញខ្ពស់។
រដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងបានកំណត់ឱ្យប្រធានាធិបតីកាន់តំណែងត្រឹមមួយអាណត្តិរយៈពេលប្រាំឆ្នាំ ដូច្នេះហើយលោក មូន ចេ-អ៊ីន ប្រធានាធិបតីបច្ចុប្បន្ន មិនអាចឈរឈ្មោះបោះឆ្នោតឡើងវិញបានទេ។ លោក មូន បានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៧ បន្ទាប់ពីប្រធានាធិបតីអភិរក្សនិយម លោកស្រី ប៉ាក គឿន ហ៊ី ត្រូវបានសភាចោទប្រកាន់ និងបណ្តេញចេញពីតំណែង ជុំវិញរឿងអាស្រូវពុករលួយដ៏ធំ។
នៅពេលដែលអ្នកអភិរក្សនិយមស្ថិតក្នុងភាពរប៉ាត់រប៉ាយពីដំបូងៗក្រោយការដួលរលំរបស់លោកស្រី ប៉ាក ប្រជាប្រិយភាពរបស់លោក មូន ចេ-អ៊ីន នៅពេលមួយ បានឡើងដល់ ៨៣ ភាគរយ ខណៈដែលរូបលោកបានជំរុញយ៉ាងខ្លាំងដើម្បីសម្រេចបាននូវការផ្សះផ្សាជាមួយកូរ៉េខាងជើង និងដើម្បីឱ្យមានការស៊ើបអង្កេតអំពីអំពើពុករលួយដែលត្រូវបានចោទប្រកាន់លើលោកស្រីប្រធានាធិបតីអភិរក្សនិយម។ នៅទីបំផុតលោក មូន បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង នៅពេលដែលកិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានទទួលបរាជ័យ ហើយការប្រឹងប្រែងប្រឆាំងនឹងអំពើពុករលួយដែលបានដាក់ចេញ ចោទជាបញ្ហាទាក់ទងនឹងសុចរិតភាព៕
—
យោង៖
១) https://apnews.com/article/business-elections-voting-campaigns-seoul-f29dd8982b18c1f7318d579b9afc83f1
២) https://english.kyodonews.net/news/2022/03/5958d3fe1810-biden-seeks-deeper-ties-with-s-korea-as-yoon-is-elected-president.html?phrase=yoon%20suk%20&words=Yoon,Suk,Yoon%27s
៣) https://www.reuters.com/world/asia-pacific/japan-pm-kishida-told-south-koreas-yoon-good-bilateral-relations-are-essential-2022-03-11/