en     km
en     km

រុស្ស៊ីបន្តរក្សាសម្ពាធលើអ៊ុយក្រែន ខណៈកិច្ចចរចាពុំទទួលបានលទ្ធផល

Share

កងទ័ពរុស្ស៊ីបានបន្តទម្លាក់គ្រាប់បែកទៅលើទីក្រុងកំពង់ផែ ម៉ារីយូប៉ូល កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្បួនរថពាសដែកដ៏វែង នៅក្រៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន បានបំបែកជួរ និងបានបរសំដៅទីក្រុងនិងចូលព្រៃ ហើយកងកាំភ្លើងធំរុស្ស៊ីបានប្តូរទីតាំងទៅកន្លែងប្រយុទ្ធ។ ទាំងនេះបានកើតឡើងស្របពេលដែលកិច្ចចរចាពុំទទួលបានលទ្ធផល។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានអេភី …

 

 

កងកម្លាំងរុស្ស៊ីបានបន្តការទម្លាក់គ្រាប់បែករបស់ពួកគេទៅលើទីក្រុងកំពង់ផែ ម៉ារីយូប៉ូល កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលរូបថតពីផ្កាយរណបបង្ហាញថា ក្បួនរថពាសដែកដ៏វែង នៅខាងក្រៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន បានបំបែកជួរ និងបានបរសំដៅទីក្រុង និងចូលព្រៃឈើក្បែររដ្ឋធានីនោះ។ ស្របគ្នានេះដែរ កងកាំភ្លើងធំរុស្ស៊ីក៏បានផ្លាស់ប្តូរទៅរកទីតាំងប្រយុទ្ធ។

ការថ្កោលទោសជាអន្តរជាតិបានកើនឡើង ចំពោះការវាយប្រហារតាមអាកាសដោយកងទ័ពរុស្ស៊ីនៅទីក្រុងកំពង់ផែ ម៉ារីយូប៉ូល កាលពីថ្ងៃពុធ។ ការវាយប្រហារនោះបានសម្លាប់មនុស្ស ៣ នាក់ នៅឯមន្ទីរពេទ្យសម្ភពមួយរបស់អ៊ុយក្រែន។ ពួកមន្ត្រីអ៊ុយក្រែននិងមន្ត្រីបស្ចិមលោក​បាន​ហៅ​ការ​វាយ​ប្រហារ​នោះ​ថា​ជា«​ឧក្រិដ្ឋកម្ម​សង្គ្រាម»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្ស៊ើឡិនស្គី បាននិយាយថា ការណ៍ដែលរុស្ស៊ីមិនអនុញ្ញាតឱ្យមានការជម្លៀសប្រជាជនចេញពីទីក្រុងកំពង់ផែនេះ គឺជា«ភេរវកម្មសុទ្ធសាធ»។

ខណៈដែលប្រទេសបស្ចិមលោកស្វែងរកវិធីថ្មីដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន គ្រោងប្រកាសនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្មឈានមុខគេចំនួន ៧ នឹងបោះជំហានឆ្ពោះទៅដកហូតឋានៈពាណិជ្ជកម្មជា«ប្រទេសដែលទទួលបានការអនុគ្រោះបំផុត»ពីប្រទេសរុស្ស៊ី។ ការបាត់បង់ឋានៈពាណិជ្ជកម្មនេះនឹងអនុញ្ញាតឱ្យមានការដំឡើងពន្ធលើការនាំចូលពីប្រទេសរុស្ស៊ី និងបង្កើនភាពឯកោនៃសេដ្ឋកិច្ចរុស្ស៊ី។

ទន្ទឹមនឹងនេះ កិច្ចពិភាក្សាកម្រិតខ្ពស់បំផុតនៅប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ ដែលបានធ្វើឡើងចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីអស់រយៈពេល ២ សប្តាហ៍មកហើយនោះ មិនទទួលបានលទ្ធផលអ្វីឡើយ។ ចំនួនជនភៀសខ្លួនដែលភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនបានកើនឡើងដល់ ២,៣ លាននាក់ ហើយ ហើយទីក្រុងកៀវបានត្រៀមខ្លួនសម្រាប់ការវាយលុកថ្មីមួយទៀត។ អភិបាលក្រុងកៀវបានអួតថា រដ្ឋធានីបានក្លាយជាបន្ទាយការពារដោយជនស៊ីវិលដែលបំពាក់អាវុធ។

រូបភាពពីផ្កាយរណបរបស់ក្រុមហ៊ុន ម៉ាក្សា ថិកណូឡូជី បានបង្ហាញថា ក្បួនរថយន្ត រថក្រោះ និងកាំភ្លើងធំ ដែលមានប្រវែង ៦៤ គីឡូម៉ែត្រ បានបំបែកជួរ ហើយត្រូវបានដាក់ពង្រាយជាថ្មី។ នេះបើយោងតាមក្រុមហ៊ុន ម៉ាក្សា ដែលបានរាយការណ៍ឱ្យដឹងបន្ថែមថា អង្គភាពរថពាសដែករុស្ស៊ីត្រូវបានគេឃើញនៅក្នុងទីក្រុង ក្បែរអាកាសយានដ្ឋាន អង់តូណូវ នៅភាគខាងជើងទីក្រុងកៀវ ហើយថាយានយន្តមួយចំនួនទៀតបានផ្លាស់ប្តូរទីតាំងចូលទៅក្នុងព្រៃនៅក្បែររដ្ឋធានី ដោយមានសណ្ដោងកាំភ្លើងធំ ចូលទៅទីតាំងដើម្បីបើកការបាញ់ផ្លោងផង។

ក្បួននោះបានប្រមូលផ្តុំគ្នានៅខាងក្រៅរដ្ឋធានីកៀវកាលពីដើមសប្តាហ៍មុន ប៉ុន្តែការរុលទៅមុខហាក់ដូចជានៅទ្រឹង ស្របពេលដែលមានសេចក្តីរាយការណ៍អំពីការខ្វះខាតស្បៀងអាហារនិងប្រេងឥន្ធនៈ។ មន្ត្រីអាមេរិកបាននិយាយថា ទាហានអ៊ុយក្រែនបានវាយប្រហារលើក្បួននោះដោយប្រើកាំជ្រួចប្រឆាំងរថក្រោះ។

នៅឯទីក្រុង ម៉ារីយូប៉ូល ដែលជាទីក្រុងកំពង់ផែសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន និងដែលមានប្រជាជនចំនួន ៤៣ ម៉ឺននាក់ ស្ថានភាពគឺកាន់តែអាក្រក់ឡើងៗ នៅពេលដែលជនស៊ីវិលដែលជាប់នៅក្នុងទីក្រុងបានខំស្វះស្វែងរកអាហារនិងប្រេងឥន្ធនៈ។ លោកស្រីឧបនាយករដ្ឋមន្ត្រី អៀរីណា វ៉េរ៉េសឈុក បាននិយាយថា មនុស្សជាង ១៣០០ នាក់ បានស្លាប់នៅក្នុងការឡោមព័ទ្ធរយៈពេល ១០ ថ្ងៃ នៅទីក្រុងដែលមានអាកាសធាតុត្រជាក់នោះ៕

យោង៖ https://apnews.com/article/russia-ukraine-war-bf2bcfb3a499d688e3075f2d4cf54989

Share

ព័ត៌មានទាក់ទង

Image