en     km
en     km

កម្ពុជានិងសហភាពអឺរ៉ុបបានបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១១ នៅភ្នំពេញ

Share

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១១ ត្រូវ​បាន​រៀបចំឡើង​​នៅរាជធានីភ្នំពេញ ក្នុងទម្រង់​ដោយ​ផ្ទាល់​ផង និង​តាមរយៈ​ប្រព័ន្ធវីដេអូផង នៅ​ថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២ បន្ទាប់​ពី​បាន​បញ្ចប់​កិច្ច​ប្រជុំ​អនុក្រុម​ចំនួន​០៣ រួម​មាន​​៖ (១) ​​ពាណិជ្ជកម្មនិងការ​វិ​និយោគ (២) ​​​កិច្ច​សហប្រតិបត្តិការ និង (៣) ការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ និងយុត្តិធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស រួច​មក​​។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …

 

 

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១១ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក្នុងទម្រង់ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅថ្ងៃទី១០ និងទី១១ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំអនុក្រុមចំនួន៣រួចមក។ កិច្ចប្រជុំអនុក្រុមទាំង ៣ នោះ រួម​មាន​​ទី១ ​​ពាណិជ្ជកម្មនិងការ​វិ​និយោគ ទី២ ​​​កិច្ច​សហប្រតិបត្តិការ និងទី៣ ការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់និងយុត្តិធម៌ អភិបាលកិច្ច និងសិទ្ធិមនុស្ស​​។

បើតាមក្រសួង កិច្ចប្រជុំអនុក្រុម​នីមួយៗ​បានប្រព្រឹត្ត​ទៅ​ចាប់​​ពី​​​​ថ្ងៃ​​ទី​២៥​ ដល់ ទី២៧ ខែវិ​ច្ឆិកា​ ឆ្នាំ២០២០ ហើយត្រូវបានពន្យារពេលចាប់តាំងពីពេល​នោះមក ​ដោយសា​រតែការរំខានបណ្តាល​មក​​ពី​ជំងឺ​កូវីដ​-១៩។ ក្រសួងបន្តថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះនេះដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃ​ព្រះរា​ជាណា​ច​ក្រក​ម្ពុជា ​និងលោកស្រី ប៉ៅឡា ប៉ាំប៉ាឡូនី អនុប្រធាន​គ្រប់គ្រង​ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃមន្ទីរ​កិច្ច​ការ​បរទេស​សហភាព​អឺរ៉ុប។

ក្រសួងការបរទេសបានបន្តឱ្យដឹងទៀតថា កិច្ច​ប្រជុំ​បានពិនិត្យលើវឌ្ឍនភាព​សម្រេច​បាន​ គិត​ចាប់តាំង​ពី​​កិច្ច​ប្រជុំ​គណៈកម្មា​ធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប​​ លើក​ទី១០ ដែលបានប្រព្រឹត្ត​ទៅ​នៅទីក្រុង​ប្រ៊ុច​សែល ក្នុង​ឆ្នាំ២០​១៨ ព្រមទាំង​បាន​ផ្លាស់​ប្តូរ​ទស្ស​នៈលើប្រធាន​បទ​ជាច្រើន​ពាក់ព័ន្ធនឹង​​បញ្ហាទ្វេ​ភាគីនិងពហុភាគី ​ក្នុង​នោះរួមទាំង​​ការវិវត្ត​នយោ​បាយ​ថ្មីៗទាំង​​នៅ​​​កម្ពុជា​​ ​ទាំងនៅ​​សហ​​ភាពអឺរ៉ុប​។​

កិច្ច​ប្រជុំ​ក៏បាន​ពិភាក្សា​ផងដែរអំ​ពី​ស្ថានភាព​នៅប្រទេសអ៊ុយក្រែន​​ ​ស្ថា​ន​ភា​​ព​សេដ្ឋ​កិច្ចសកល​ ​​ការ​ប្រែប្រួល​អាកា​សធា​តុ ​​​ការ​ធ្វើជាប្រធា​នអាស៊ានរបស់​កម្ពុជា​ ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា ភាពជា​ដៃគូយុទ្ធសាស្ត្រ និង​កិច្ច​សហប្រតិ​បត្តិការ​សហភាពអឺរ៉ុប-អាស៊ាននៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​។​ នេះបើយោងតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ទាក់ទងនឹងវិស័យ​ពា​ណិជ្ជ​កម្មនិ​ងការ​​វិនិយោគ កិច្ច​ប្រជុំ​​អនុ​ក្រុមរបស់ភាគីកម្ពុជានិងភាគីសហភាពអឺរ៉ុប ​បាន​ពិនិត្យមើល​ឡើង​វិញ​ទៅ​លើពាណិជ្ជកម្ម​ទេ្វភាគីកម្ពុជា-សហភាពអឺ​រ៉ុប​ និ​ងប​រិយាកាសវិ​និយោគ​នៅកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងឆ្នាំ២០២០​ និងឆ្នាំ២០២១​ ពាណិជ្ជកម្មទ្វេភាគីរវាងភាគី​ទាំងពីរមានតម្លៃរៀងគ្នា ៤,៣ ពាន់​លាន​អឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ។ យោងតាមប្រភពដដែល កិ​​ច្ច​ប្រជុំអនុក្រុមនេះក៏​​​បា​​​នពិ​​​ភាក្សាដែរ ​​អំពី​វិធា​នកា​រស្តា​រសេដ្ឋកិច្ចឡើងវិញ​ ទំនាក់ទំនង​​ពាណិ​ជ្ជកម្មនិង​ការ​វិនិយោគ​ទ្វេភាគី​ រួមទាំងការដកជាបណ្តោះអាសន្ននូវ​ផ្នែក​ខ្លះ​នៃការ​​​​អ​នុគ្រោះ​ពន្ធ​ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបក្រោមគម្រោងគ្រប់យ៉ាង​លើក​លែង​តែសញ្វអាវុធ​ (EBA) កិច្ច​​ស​ហ​ប្រតិ​បត្តិ​ការបច្ចេ​កទេ​ស ​បញ្ហា​នៃកា​រ​ចូល​ទៅ​កាន់​ទីផ្សា​រ ព្រមទាំង​​​កិច្ច​​ខិត​​ខំ​ប្រឹងប្រែ​ង​ជា​​បន្ត​ដើម្បីធ្វើ​ឱ្យ​កាន់តែប្រសើរឡើង​ថែម​ទៀត​នូវបរិយាកាសធុរកិច្ច រួមទាំង​ច្បាប់​វិនិយោគ​ថ្មី និងការ​ធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ក្រសួងការបរទេសបានគូសបញ្ជាក់ថា ​កម្ពុជានិងសហភាពអឺរ៉ុបក៏បាន​​ប្តេជ្ញា​​ព​ង្រឹង​​កិច្ច​​ស​ហ​​ប្រ​​តិបត្តិ​​កា​រ​ប​​ន្ថែម​​ទៀត​ ​ដើម្បីធានាថាបរិយាកាសវិនិយោគ​រប​ស់កម្ពុជានៅ​តែបើកចំហ​ មាន​ការ​​សម្រ​បសម្រួល​យ៉ាង​ល្អ មាន​លក្ខណៈ​ប្រកួតប្រជែង និងអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោ​យចី​រភាព។ បើតាមក្រសួងការបរទេស ​កិច្ចប្រជុំក្នុងអនុក្រុមពាណិជ្ជកម្មនិងការវិនិយោគ ថែមទាំងបានផ្លាស់ប្តូ​រទ​ស្សនៈ​អំពី​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​តំបន់និង​សកលដែរ ​ក្នុងនោះរួម​បញ្ចូលទាំង​បច្ចុប្បន្នភាព​ស្តី​ពី​​​សមាហ​រណ​កម្ម​សេដ្ឋកិច្ច​​នៅក្នុង​​អាស៊ាន និ​ង​នៅទូ​ទាំង​​តំ​បន់​​អា​ស៊ី-​ប៉ាស៊ីហ្វិក ​ទំនា​ក់ទំនង​ពាណិជ្ជកម្ម​តំបន់​អាស៊ាន​-សហភាពអឺរ៉ុប​ ព្រមទាំង​​បច្ចុប្បន្នភាពស្តីពីកំ​ណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​​​​ជាដើម។

ចំពោះកិច្ច​សហ​ប្រតិបត្តិកា​រអភិវឌ្ឍន៍ ភា​គីទាំង​ពីរបានកត់សម្គាល់ អំពី​​​​​​វឌ្ឍ​នភាព​​​​​ស​ម្រេច​បាន​ពាក់ព័ន្ធ​​នឹង​ការបន្តគាំ​ទ្រ​​រ​បស់សហ​ភាពអឺរ៉ុប​ចំពោះ​​​ការអភិវឌ្ឍ​រប​ស់​កម្ពុជា។ ​ក្នុង​ន័យ​នេះ បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស ​កិច្ចប្រជុំអនុក្រុមបានវាយតម្លៃខ្ពស់ចំពោះការអនុម័តកម្មវិធីសូចនាករពហុឆ្នាំនៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប ២០២១-២០២៧ ​ថ្មី​ ដែលមានតម្លៃ​ ១៥៥ លានអឺរ៉ូ សម្រាប់រយៈ​ពេល៣ឆ្នាំ គិតចាប់ពី​ឆ្នាំ​២០២១ ​​ដល់​ឆ្នាំ​​២០២៤។ ក្រសួងការបរទេសបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-សហភាពអឺរ៉ុប ផ្តោតលើវិស័យអាទិភាពចំនួនបីគឺ​កំណើនបៃតងនិងការងារ​សមរម្យ ​​ការ​អប់​រំ​និងការអភិវឌ្ឍជំនាញ​ និង​អភិបាលកិច្ចល្អ​ ស្របតាមរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះទៀត បើតាមប្រភពដដែល ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈទៅលើ​​វឌ្ឍ​នភាពកំ​ណែ​ទម្រង់​គោលនយោបាយ ជាពិ​​សេស​លើ​វិស័យ​ទាំងឡាយ​ណា​​ដែលទទួលបាន​ការ​​គាំទ្រពី​​សហភាពអឺរ៉ុប ដូចជាការអប់រំ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការការពារសង្គម និងជលផលជាដើម​។ ក្រសួងការបរទេសបានរំលេចឱ្យដឹងថា សហភាពអឺរ៉ុប​បានអបអរសាទរកម្ពុជា​ចំពោះការអនុម័តយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹត្យ​ភាព​កាបូន ​​និង​​បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្តលើក​កម្ពស់​​កិច្ចសហប្រតិបត្តិការទ្វេភាគីលើសកម្មភាពអាកាសធាតុ។

ចុងក្រោយ ក្នុងរឿងកសាងស្ថាប័ន កំ​ណែ​ទម្រ​ង់​រដ្ឋ​បាល ​កំណែ​ទ​ម្រង់​ច្បា​ប់​និ​ង​យុ​ត្តិធ​ម៌​ អភិបាលកិច្ច​ និ​ង​សិទ្ធិ​ម​នុស្ស​ ក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំអនុក្រុម​នៃភាគីកម្ពុជា-សហភាពអឺរ៉ុប បាន​ពិភាក្សា​និ​ង​ផ្លាស់​ប្តូរទស្សនៈ​​លើ​​កា​​រ​អ​​ភិ​វឌ្ឍ​​​សំខា​ន់ៗស្តីពី​​​សិទ្ធិ​មនុស្ស​ (​រួម​ទាំងសិទ្ធិ​​ស៊ីវិល​និងនយោបាយ ការងារ ដីធ្លី និងសិទ្ធិស្ត្រីផងដែរ)​ គោលនយោបាយប្រឆាំងការជួញដូរមនុស្ស និង​កា​រផ្ត​ល់​សច្ចា​ប័​នលើ​អ​នុសញ្ញាអន្តរជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងកែទម្រង់ពហុទិដ្ឋភាព និងការត្រៀមខ្លួន​របស់​កម្ពុជាឆ្ពោះ​ទៅ​ការ​​រៀប​ចំ​​បោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់ឆ្នាំ២០២២ នាពេល​​ខាងមុខនេះ​។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង សហភាពអឺរ៉ុបបានគូសបញ្ជាក់អំពីសារសំខាន់យ៉ាង​ខ្លាំង​នៃការប្រកាន់ខ្ជាប់​​នូវ​លទ្ធិប្រជាធិបតេយ្យ​ ពហុ​និយម ​​សិទ្ធិមនុស្ស ​សេរី​ភា​ពជា​មូល​ដ្ឋាន​ ​សិទ្ធិ​កា​រងា​រ ​និ​ងនីតិរដ្ឋ ហើយ​សហភាពអឺរ៉ុបបាន​​កត់​សម្គា​ល់ពី​កិច្ច​ស​ហប្រ​តិ​បត្តិការ​ និងការចូលរួមរបស់កម្ពុជាជាមួ​យនឹ​ង​យន្ត​កា​រ​សិទ្ធិ​មនុស្សរបស់អង្គការសហប្រ​ជាជា​តិ ​ក៏ដូច​ជា​​ការ​ប្តេ​ជ្ញាចិត្តនិងកាតព្វកិច្ចដែលកម្ពុជាបាន​​ទទួលយក ស្ថិត​​ក្រោមច្បាប់និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស។ ក្រសួងការបរទេសកម្ពុជាលើកឡើងដែរថា ភាគីទាំងពីរបានកត់សម្គាល់ពីសារសំខាន់នៃការគាំទ្ររបស់សហភាពអឺរ៉ុបលើ​ការ​ក​សាង​សម​ត្ថភាព ​និងជំនួយហិរញ្ញវត្ថុនៅ​​ក្នុង​វិ​ស័យកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជានៅ​​ក្នុង​ទិដ្ឋភា​ពនីតិរដ្ឋ និងអភិបាលកិច្ចតាមបែប​ប្រជាធិបតេយ្យ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង