en     km
en     km

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងសមភាគីអ៊ុយក្រែនជួបគ្នា ខណៈសង្គ្រាមឈានចូលដល់សប្តាហ៍ទី៣

Share

សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនបានឈានចូលដល់សប្តាហ៍ទី ៣ ហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនទាន់មានគោលបំណងណាមួយ ដែលរុស្ស៊ីធ្លាប់បានប្រកាស បានសម្រេចផលនៅឡើយទេ។ នៅថ្ងៃព្រហស្បតិ៍នេះ ប្រមុខការទូតនៃប្រទេសទាំងពីរជួបចរចាគ្នានៅប្រទេសទួរគី។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនបានឈានចូលដល់សប្តាហ៍ទី៣ហើយនៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនទាន់មានគោលបំណងណាមួយ ដែលរុស្ស៊ីធ្លាប់បានប្រកាស បានសម្រេចផលនៅឡើយទេ។ ចាប់តាំងពីផ្ទុះសង្គ្រាមមក មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ប្រជាជនអ៊ុយក្រែនច្រើនជាង ២ លាននាក់បានក្លាយជាជនភៀសខ្លួន ហើយមនុស្សរាប់ពាន់នាក់ទៀតមានភាពភ័យខ្លាចក្រោមការទម្លាក់គ្រាប់បែកមិនឈប់ឈរនៅក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ក្នុងប្រទេសតួកគី។ នេះជាការចរចាកម្រិតខ្ពស់បំផុតរវាងប្រទេសទាំង២ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គុល្លឺបា បាននិយាយនៅមុនថ្ងៃចរចាជាមួយលោក ស៊ែហ្គៃ ឡាវ្រូវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា ការរំពឹងទុករបស់លោកមិនមានច្រើនទេ។ ចំណែងឯអ្នក​ចរចាខាងភាគី​រុស្ស៊ីវិញ គឺ​លោក ឡេអូនីដ ស៊្លុតស្គី បាន​និយាយ​ថា រដ្ឋាភិបាលរុស្ស៊ី«នឹង​មិន​ព្រមបោះបង់​ចំណុចណាមួយដែលរុស្ស៊ីទាមទារក្នុងការ​ចរចាទេ»។

កិច្ចពិភាក្សាពីមុនបានផ្តោតជាសំខាន់ទៅលើការបង្កើតបទឈប់បាញ់នៅតាមមូលដ្ឋានមួយចំនួនតូច ដើម្បីជួយដល់ជនស៊ីវិលនៅក្នុងទីក្រុងនានាដែលត្រូវបានឡោមព័ទ្ធ ជាពិសេសគឺកំពង់ផែ ម៉ារីយូប៉ូល ដែលជាកំពង់ផែនៅភាគខាងត្បូងអ៊ុយក្រែន។ នៅទីនោះ មនុស្សរាប់សែននាក់បានជាប់គាំង ដោយមិនមានទឹក មិនមានឱសថឬអាហារ ក្នុងលក្ខខណ្ឌដែលកាកបាទក្រហមបានហៅថា«ទីបញ្ចប់នៃពិភពលោក»។ ប្រទេសអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីកំពុងប្រព្រឹត្ត«អំពើប្រល័យពូជសាសន៍» នៅពេលដែលរុស្ស៊ីទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យសម្ភពនៅទីនោះកាលពីថ្ងៃពុធម្សិលមិញ។ រុស្ស៊ី​បាន​និយាយ​ថា អគារ​នេះ​មិន​ត្រូវ​បាន​ប្រើ​ជា​មន្ទីរពេទ្យ​ទៀត​ទេ ហើយ​ត្រូវ​បាន​ទាហាន​អ៊ុយក្រែនចូល​កាន់កាប់​យូរ​មក​ហើយ៕

យោង៖ https://www.reuters.com/world/europe/ukraine-accuses-russia-genocide-after-bombing-childrens-hospital-2022-03-10/

Share

Image
Image
Image