សម្ដេច ស ខេង ដែលជារដ្ឋមន្ត្រីមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងកាលពីពុធម្សិលមិញថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមខ្ពស់ជាងគ្រោះថ្នាក់ដោយសារកូវីដ-១៩ និងគ្រោះថ្នាក់សង្គមផ្សេងៗទៀត។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …
សម្ដេច ស ខេង ដែលជារដ្ឋមន្ត្រីមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមខ្ពស់ជាងគ្រោះថ្នាក់ដោយសារកូវីដ-១៩ និងគ្រោះថ្នាក់សង្គមផ្សេងៗទៀត។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ ថយចុះជាងខែមករា ប៉ុន្តែករណីស្លាប់បានកើនឡើង បើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ខណៈចំនួនអ្នករងរបួសបានថយចុះ។
ដោយផ្អែកតាមរបាយការណ៍ផ្ដល់ដោយមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានលម្អិតថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន ២៥៦ លើក បណ្ដាលឱ្យមានអ្នកស្លាប់ ១៤៣ នាក់ និងអ្នករបួស ៣៤៩ នាក់ ក្នុងនោះមានអ្នករបួសធ្ងន់ ២១៩ នាក់។
យោងតាមសម្ដេច ស ខេង បើប្រៀបធៀបនឹងខែមករា ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៨៧ លើក ចំនួនអ្នកស្លាប់ថយចុះ ៥២ នាក់ និងអ្នករបួសថយចុះ ១០៤ នាក់ ប៉ុន្តែចំនួននេះបើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ វិញ គឺមានការកើនឡើងចំនួន ៥ លើក ករណីស្លាប់កើនឡើង ១៦ នាក់ ហើយករណីរងរបួសបានថយចុះ ៦៦ នាក់។
សម្ដេចប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសន្និដ្ឋានតាមសំណេរដើមថា៖ «ជារួមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លាប់ និងអ្នករងរបួស ដែលក៏អាចឱ្យយើងប្រៀបធៀបបានថាមានកម្រិតខ្ពស់ជាងអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅកម្ពុជានាបច្ចុប្បនេះ និងគ្រោះថ្នាក់សង្គមផ្សេងទៀត»។
សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង បានបន្តថា ក្នុងចំណោមការប្រឈមនៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីជំនាញបានកត់សម្គាល់ឃើញថា បញ្ហាធំជាងគេគឺការមិនគោរពច្បាប់ ដូចជាការបើកបរធ្វេសប្រហែស ការបើកបរលឿន ការបើកបរមិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ការបើកបរជែង បត់ឆ្វេងស្តាំមិនប្រយ័ត្ន និងបើកបរពេលស្រវឹងជាដើម។
សម្ដេច ស ខេង បានអំពាវនាវឱ្យបងប្អូនជនរួមជាតិគោរពនិងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ពេលធ្វើដំណើរ មានស្មារតីប្រុងប្រយ័ត្ន យោគយល់អធ្យាស្រ័យ ដើម្បីការពារសេចក្ដីសុខផ្ទាល់ខ្លួន អ្នកដទៃ ហើយរួមចំណែកនិងកាត់បន្ថយហានិភ័យខ្លាំងដល់ជីវិតពលរដ្ឋ។ ទន្ទឹមនឹងនេះ សម្ដេច ស ខេង បានក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំនិងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ ឱ្យបង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ៕