ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារ ថ្លែងអំពីសង្គ្រាមនៅអ៊ុយក្រែន នៅពេលដែលលោកប្រជុំជាមួយប្រធានាធិបតីបារាំង និងជាមួយអធិការបតីអាល្លឺម៉ង់។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យមាន«ការអត់ធ្មត់ជាអតិបរមា» នៅក្នុងរឿងអ៊ុយក្រែន ហើយលោកបាននិយាយថា ប្រទេសចិន«មានការឈឺចាប់នៅពេលដែលឃើញអណ្តាតភ្លើងនៃសង្គ្រាមបានឆាបឆេះជាថ្មីនៅទ្វីបអឺរ៉ុប»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដែលបង្ហាញពីការថ្លែងដ៏ខ្លាំងក្លាបំផុតរបស់លោក ស៊ី គិតមកដល់ពេលនេះ ទាក់ទងនឹងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។
ប្រធានាធិបតីចិនរូបនេះ ដោយនិយាយនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធទូរសោតទស្សន៍ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កុល បានលើកឡើងថា ប្រទេសទាំងបីនេះគួរតែរួមគ្នាគាំទ្រកិច្ចចរចារកសន្តិភាពរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន។ ទូរទស្សន៍រដ្ឋចិន ស៊ីស៊ីធីវី (CCTV) បានផ្សាយឱ្យដឹងដូច្នេះ ហើយបានបន្តថា លោក ស៊ី បានពិពណ៌នាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនថា«គួរឱ្យព្រួយបារម្ភ»។ បើតាមប្រភពដដែល លោក ស៊ី បានគូសបញ្ជាក់ថា ការការពារកុំឱ្យសង្គ្រាមនោះរីកធំឡើងឬកុំឱ្យវាវិវឌ្ឍទៅរកសភាពលែងអាចគ្របគ្រងបាន គួរតែជាកិច្ចការអាទិភាព។
លោក ស៊ី ក៏បានថ្លែងដែរថា ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ គួរតែខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃវិបត្តិ ហើយលោកបានសម្តែងក្ដីបារម្ភអំពីផលប៉ះពាល់នៃទណ្ឌកម្មចំពោះប្រទេសរុស្ស៊ី ទៅលើស្ថិរភាពនៃហិរញ្ញវត្ថុសកល ការផ្គត់ផ្គង់ថាមពល ការដឹកជញ្ជូន និងប្រព័ន្ធផ្គត់ផ្គង់។
ប្រទេសចិនដែលមិនព្រមថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ឬមិនព្រមហៅសកម្មភាពទាំងនោះថាជាការឈ្លានពាន បានសម្តែងការប្រឆាំងម្តងហើយម្តងទៀតចំពោះអ្វីដែលខ្លួនពិពណ៌នាថាជាទណ្ឌកម្មខុសច្បាប់លើរុស្ស៊ី។
ចំណងមិត្តភាពរបស់ប្រទេសចិនជាមួយប្រទេសរុស្ស៊ី ត្រូវបានពង្រឹងកាលពីខែមុន នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៅក្នុងថ្ងៃតែមួយដែលប្រទេសទាំងពីរបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ«គ្មានដែនកំណត់»។ ការពង្រឹងចំណងការទូតរវាងប្រទេសទាំងពីរបានក្លាយជារឿងគួរឱ្យទើសទាល់មួយសម្រាប់ប្រទេសចិន ខណៈដែលសង្គ្រាមនៅអ៊ុយក្រែនបានលេចឡើង។
រដ្ឋាភិបាលរុស្ស៊ីបានហៅសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនថាជា«ប្រតិបត្តិការពិសេស»ដើម្បីដកហូតអាវុធពីរដ្ឋាភិបាលអ៊ុយក្រែននិងដើម្បីទម្លាក់មេដឹកនាំដែលខ្លួនហៅថាពួកណាហ្ស៊ីសម័យថ្មី។ ប្រទេសអ៊ុយក្រែននិងសម្ព័ន្ធមិត្តបស្ចិមលោករបស់ខ្លួន បានហៅការអះអាងរបស់រុស្ស៊ីថាជាលេសគ្មានមូលដ្ឋានសម្រាប់ការឈ្លានពានដើម្បីគ្រប់គ្រងប្រទេសដែលមានប្រជាជនចំនួន ៤៤ លាននាក់នេះ៕
—
យោង៖ https://www.reuters.com/world/china/chinas-xi-calls-maximum-restraint-ukraine-2022-03-08/