en     km
en     km

រដ្ឋមន្ដ្រីទេសចរណ៍ថា ទេសចរមានសន្ទុះវិជ្ជមានខណៈចុងសប្ដាហ៍នេះមានភ្ញៀវដើរជិត២០ម៉ឺននាក់

Share

ផ្អែកតាមរបាយការណ៍ប្រចាំសប្ដាហ៍របស់ក្រសួងទេសចរណ៍, នៅក្នុងសប្ដាហ៍ទី១ នៃខែមីនា ឆ្នាំ២០២២ មានចំនួនភ្ញៀវទេសចរកើនឡើងវិញ​បន្ទាប់ពីមានការថយចុះ៣សប្ដាហ៍ជាប់គ្នា ដោយរដ្ឋមន្ដ្រីក្រសួងថា​ជាសន្ទុះវិជ្ជមាន ទន្ទឹមខាងសមាគមសណ្ឋាគារក៏បញ្ជាក់ថាមានការកើនឡើងនេះ បានត្រឹម១៥ភាគរយ ទៅ២០ភាគរយ មិនទាន់អាចរកភាពចំណេញបានទេ។

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានអះអាងនៅថ្ងៃទី៧ ខែ មីនា ឆ្នាំ២០២២ ថា សន្ទុះរបស់ទេសចរវិជ្ជមានឡើងវិញ បន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា ដោយនៅចុងសប្ដាហ៍ទី១ខែមីនានេះ កម្ពុជាទទួលបានភ្ញៀវជិត២០ម៉ឺននាក់។ នេះបើយោងទៅតាមរបាយការណ៍ភ្ញៀវទេសចរប្រចាំសប្ដាហ៍របស់ក្រសួងទេសចរណ៍។

ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុង នាចុងសប្តាហ៍ ត្រឹមថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ មានភ្ញៀវសរុបមានចំនួន១៩ម៉ឺន៩ពាន់ ៤២៩នាក់ ក្នុងនោះភ្ញៀវជាតិ១៨ម៉ឺន ៨ពាន់ ៣៣៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១ម៉ឺន១ពាន់ ០៩១នាក់។

ផ្អែកតាមក្រសួងទេសចរណ៍ដដែល គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តព្រះសីហនុមានទេសចរប្រមាណជាង ៤ម៉ឺននាក់ រាជធានីភ្នំពេញ មានជាង ២ម៉ឺន៤ពាន់នាក់ ខេត្តពោធិ៍សាត់ ២ម៉ឺន ៣ពាន់នាក់  ខេត្តបាត់ដំបងមានជាង ២ម៉ឺននាក់។

បើតាមឯកឧត្ដម ថោង ខុន បានអះអាងថា ចរន្តភ្ញៀវទេសចរក្នុងសប្តាហ៍នេះ មានសន្ទុះវិជ្ជមានឡើងវិញ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ២០.៨៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។

លោកបន្ដថា អត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលមានលក្ខណៈថមថយខ្លះធៀបនឹងសប្តាហ៍កន្លងមក ភ្ញៀវទេសចរបានចាប់ផ្តើមដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍តាមខេត្តឡើងវិញជាបណ្តើរៗ ប៉ុន្តែតាមការសង្កេតជាក់ស្តែង ចរន្តភ្ញៀវពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក៏នៅមិនទាន់មានចំនួនច្រើននៅឡើយធៀបនឹងរយៈពេលមុនមានការកំរើកឡើងនៃវីរុសប្រភេទអូមីក្រុង។

ទន្ទឹមនេះ លោក ឌីន សុមេធារិទ្ធ ប្រធានសមាគមនសណ្ឋាគារកម្ពុជាបានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរណ៍មានការកើនឡើង តែយ៉ាងណា លោកថាមានការកើនឡើងចន្លោះ ១៥%-២០% តែដើម្បីឱ្យម្ចាស់អាជីវកម្មរួចខ្លួនបាន ទាល់តែ៥០%។

យ៉ាងណា លោក ថោង ខុន បន្ថែមថា បើសិនជានិន្នាការនៃការរីករាលដាលនៃ អូមីក្រុង បន្តថមថយចុះ ចរន្តភ្ញៀវទេសចរផ្ទៃក្នុង នឹងមានភាពផុសផុលត្រលប់មកវិញ ពិសេសអាចវិលទៅរកស្ថានភាពមុនការកម្រើកនៃប្រភេទអូមីក្រុងនេះ ដូចកាលពីកំឡុងចុងខែមករា និងដើមខែកុម្ភៈកន្លងមក។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាលនៅតែបន្តសហការជាមួយមន្ទីរ និងស្ថាប័នពាក់ពាន់ខិតខំជំរុញការអនុវត្តន៍វិធានការ៣កុំ និង៣ការពារ វិធានសុវត្ថិភាពទេសចរណ៍ និង SOP ជាប្រចាំ បើទោះអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្តខ្លះក៏ដោយ៕

 

 

 

 

 

 

 

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍ជាសំឡេង៖

Share

Image
Image
Image