ក្រសួងការបរទេសកម្ពុជាបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កាលពីយប់ថ្ងៃពុធ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន។
ក្នុងនាមជាអ្នកស្នើ កម្ពុជាបានចូលរួមជាមួយសមាជិកអង្គការសហប្រជាជាតិចំនួន១៤០ប្រទេសផ្សេងទៀត បោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តដែលអំពាវនាវឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស «កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋជាសមាជិកផ្សេងៗទៀត»។
ក្រសួងការបរទេសបានឱ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍ដដែលនោះថា កម្ពុជាដែលមាន«ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍» ក៏ដូចជាចំពោះ«លក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង» នៅតែ«មានជំនឿចំពោះកិច្ចសន្ទនានិងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី» តាមច្បាប់អន្តរជាតិនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ៕