en     km
en     km

មហាសន្និបាត អ.ស.ប បោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

Share

កាលពីថ្ងៃពុធម្សិលមិញ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចមួយ ដែលស្តីបន្ទោសចំពោះការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ សេចក្ដីសម្រេចនោះអំពាវនាវឱ្យរដ្ឋាភិបាលរុស្ស៊ីដកកងកម្លាំងទាំងអស់ចេញពីអ៊ុយក្រែនជាបន្ទាន់។ នេះជាចំណាត់ការមួយដែលមានបំណងដាក់ប្រទេសរុស្ស៊ីឱ្យនៅឯកាលើផ្នែកនយោបាយ។

សេចក្ដីសម្រេចកាលពីម្សិលមិញទទួលបានការគាំទ្រយ៉ាងច្រើនលើសលុបពីសមាជិកចំនួន១៤១ប្រទេសក្នុងអង្គការពិភពលោកដែលមានសមាជិក១៩៣ប្រទេស។ វាបានកើតឡើងនៅចុងបញ្ចប់នៃសម័យប្រជុំបន្ទាន់ដ៏កម្រនៃមហាសន្និបាតដែលរៀបចំធ្វើតាមសំណើរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្របពេលដែលកងកម្លាំងរុស្ស៊ីបានវាយប្រហារផ្ទួនៗលើទីក្រុងនានារបស់អ៊ុយក្រែន ដោយប្រើការវាយប្រហារតាមអាកាសនិងការទម្លាក់គ្រាប់បែក ដែលបង្ខំឱ្យមនុស្សរាប់សែននាក់ភៀសខ្លួន។

សេចក្ដីសម្រេចនោះត្រូវបានស្នើឡើងដោយជាង ៩០ ប្រទេស ហើយត្រូវការសំឡេងភាគច្រើនពីរភាគបីនៅក្នុងមហាសន្និបាតដើម្បីអនុម័ត។ ជាក់ស្ដែងប្រទេសដែលបានសម្ដែងការគាំទ្រគឺច្រើនលើសលុប ក្នុងនោះមានប្រទេសកម្ពុជាដែរ ខណៈដែលប្រទេស ៣៥ ប្រទេសបានបោះឆ្នោតអនុប្បវាទ ក្នុងនោះមានប្រទេសចិននិងប្រទេសឥណ្ឌាផង រីឯប្រទេសចំនួនប្រាំ ដែលរួមមានបេឡារុស្ស សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (ឬកូរ៉េខាងជើង) អេរីទ្រា រុស្ស៊ី និងស៊ីរី បានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចនោះ៕

យោង៖

១) https://www.reuters.com/world/un-general-assembly-votes-overwhelmingly-deplore-russian-invasion-ukraine-2022-03-02/

២) https://news.un.org/en/story/2022/03/1113152

Share

ព័ត៌មានទាក់ទង

Image