ក្រសួងបរិស្ថាន បានសហការជាមួយអង្គការអន្ដរជាតិរួមមានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ សមាគមអភិរក្សសត្វព្រៃកម្ពុជា អង្គការជីវិតសត្វស្លាបអន្តរជាតិ អង្គការអភិរក្សអន្តរជាតិ គម្រោងព្រៃឡង់បៃតងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ និងអង្គការ FFI ដើម្បីរៀបចំយុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះតទៅ។
ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះ តទៅ សម្រាប់រយៈពេល៦ខែ នៅតាមបណ្ដាលខេត្តមួយចំនួនខាងកើតទន្លេមេគង្គរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ នឹងមាន«យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា»ជាការរៀបចំដោយក្រសួងបរិស្ថាន និងមានការចូលរួមរបស់អង្គការអន្តរជាតិដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ។ នេះបើយោងទៅតាមការប្រកាសឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
ផ្អែកទៅតាមក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការបើកយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៣ ខែមីនាស្របពេលដែលពិភពលោកប្រារព្ធទិវាសត្វព្រៃពិភពលោកផងដែរ និងមានគោលបំណងសំខាន់រួមមាន ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ។
ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាស្ថានភាពនៃ ការការពារ និងអភិរក្សធនធានធម្មជាតិដែលជាទីជម្រករបស់សត្វព្រៃនៅកម្ពុជាមានភាពល្អប្រសើរ ដែលបានផ្តល់ជាជម្រក សម្រាប់សត្វព្រៃ និងជាប្រភពទឹក និងចំណីរបស់សត្វព្រៃ តែអ្វីដែលយើងត្រូវគិតគូរបន្ថែមទៀត គឺធ្វើឱ្យតំបន់ការពារធម្មជាតិ កាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។
ឯកឧត្តមបានថ្លែងថា អន្ទាក់គឺកត្តាដែលគំរាមកំហែង ខ្លាំងចំពោះសត្វព្រៃ។ នៅឆ្នាំ២០២១ ក្រសួងបរិស្ថានរកឃើញបរិមាណអន្ទាក់ដែលបានដោះ មានចំនួន ៦ម៉ឺន ១ពាន់ ៦១១ អន្ទាក់ កើនឡើងប្រមាណជាង២០% បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤ម៉ឺន ៣ពាន់ ២៧០ អន្ទាក់។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការ អន្ទាក់សូន្យនឹងជាផ្នែកមួយនៃការជួយបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយចំនួនអន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងថាក្នុងយុទ្ធនាការនេះសំដៅធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋតាមមូលដ្ឋានដែលមានទម្លាប់ដាក់អន្ទាក់ចាប់សត្វព្រៃឱ្យងាកមកគោរពច្បាប់ និងឱ្យពួកគាត់យល់ពីតម្លៃសត្វព្រៃ ហើយរួមគ្នាមកចូលរួមអភិរក្សសត្វព្រៃដែលជាសត្វមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានជាសាកល។
ប្រធានអង្គការ WWF លោក សេង ទៀក បានឱ្យដឹងតាមរយៈក្រសួងបរិស្ថានដែរថា បច្ចុប្បន្នអន្ទាក់ដែលត្រូវបានគេដោះនៅតាមតំបន់ការពារធម្មជាតិបានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ហើយចំនួន៨០ភាគរយទៀតមិនទាន់បានដោះ ដែលជនល្មើសបានដាក់នៅតាមតំបន់ធនធានធម្មជាតិនានានៅប្រទេសកម្ពុជា។ ផ្អែកតាមរបាយការណ៍ឆ្នាំ ២០២០ នៅតំបន់អាស៊ីអាគ្នេយ៍មានអន្ទាក់ប្រមាណ១២លានអន្ទាក់ដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ឡាវ ថៃ និងកម្ពុជាដែលកំពុងគំរាមកំហែងសត្វព្រៃ។ ដោយអន្ទាក់ទាំងនេះគឺជាដើមចមធ្វើឱ្យបាត់បង់នូវសត្វកម្រៗក្នុងលោកដូចជា ខ្លា ខ្លារខិន ខ្លាពពកស ឆ្កែព្រៃ ខ្លាឃ្មុំជាដើម។ ប្រធានអង្គការរូបនេះចង់ឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ចំពោះជនល្មើសសម្លាប់សត្វព្រៃកម្រ ក៏ដូចជាភោជនីយដ្ឋានឬតំបន់នានាដែលបានជួញដូរសត្វព្រៃ ដែលទាំងនេះសំដៅធ្វើយ៉ាងណាការពារសត្វព្រៃកម្ពុជាមិនឱ្យបាត់បង់ពូជនៅថ្ងៃខាងមុខ។
ទាក់ទិនក្នុងរឿងនេះដែរ លោក ឈិន សំអាត តំណាងមកគម្រោង USAID ព្រៃឡង់បៃតងបានលើកឡើងថានៅក្នុងសន្និសីទដែលរៀបចំដោយក្រសួងបរិស្ថានដែរថា បើយើងពុំមានវិធានការណាមួយឱ្យជាក់លាក់ទៅលើបញ្ហាអន្ទាក់ដែលត្រូវបានជនល្មើសកំពុងប្រព្រឹត្តិរៀងរាល់ថ្ងៃទេយើងពិតជាទទួលរងផលលំបាកនិងសត្វព្រៃនឹងបាត់បង់បន្តបន្ទាប់ទៀតជាក់ជាពុំខាន។ ទន្ទឹមជាមួយគ្នាក៏ត្រូវអនុវត្តច្បាប់ និងការផ្សព្វផ្សាយក៏ជាការមួយចាំបាច់ដែលត្រូវធ្វើឡើងដល់សហគមន៍មូលដ្ឋានផងដែរ។
ចំណែក លោក ប៊ូ វរក្សសក្ស ប្រធានអង្គការ Birdlife in Cambodia បានលើកថា អន្ទាក់ក្រៅពីបានសម្លាប់សត្វជើងជំពាម និងសត្វព្រៃដទៃទៀត តែវាក៏បានសម្លាប់សត្វស្លាបជាបន្តបន្ទាប់ផងដែរ។ពួកគេក្រៅពីដាក់អន្ទាក់ នៅរាយមង និងដាក់ឧបករណ៍ដទៃទៀតសម្រាប់សម្លាប់សត្វដ៏កម្រថែមទៀត។
លោកបញ្ជាក់ថាក្នុងឆ្នាំ ២០២១កន្លងមកសត្វត្រយ៉ងយក្ស៣ក្បាលត្រូវបានជាប់អន្ទាក់ ប៉ុន្តែត្រូវបានក្រុមសង្រ្កោះជួយដោះលែងវាវិញបានទាន់ពេលវេលា។
យ៉ាងណា លោក Leremy Parker តំណាងមកពីអង្គការ FFI បានថ្លែងបញ្ជាក់ឱ្យដឹងថា អន្ទាក់គឺជាបញ្ហាមួយដែលយើងតែងជួបប្រទះ ហើយយើងចាំបាច់ត្រូវពង្រឹងតាមសហគមន៍ដើម្បីឱ្យគាត់ដើរល្បាត និងស្តារនៅតាមតំបន់សំខាន់ៗដើម្បីធ្វើយ៉ាងណាកុំឱ្យសម្លាប់សត្វបន្តទៅទៀត។
សូមជម្រាបថា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងមានការចូលរួមពីអន្តរក្រសួង រដ្ឋបាលខេត្តពាក់ព័ន្ធ នឹងអង្គការដៃគូនានាដែលសហការជាមួយក្រសួងបរិស្ថានក្នុងយុទ្ធនាការអន្ទាក់សូន្យនេះ៕
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍ជាសំឡេង៖