en     km
en     km

កម្ពុជាត្រៀមសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៤

Share

ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ដែលខិតជិតមកដល់ រដ្ឋាភិបាលកម្ពុជាបានចេញសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ នេះ ក្រោមប្រធានបទដដែលដូចរាល់ឆ្នាំ គឺ យុវជនដើម្បីវប្បធម៌ជាតិ ក្នុងការរំលឹកស្មារតីដល់យុវជន ជាអ្នកបន្តវេនឱ្យចេះស្រលាញ់ថែរក្សា អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។

នៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្ណោះ ទិវាវប្បធម៌ជាតិ ៣មីនា លើកទៅ២៤ ឆ្នាំ២០២២ នឹងរៀបចំឡើង ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលប្រធានបទនេះ ដូចគ្នាកាលពីឆ្នាំកន្លងៗទៅដែរ។

ផ្អែកតាមសារាចររបស់រដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន  ស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ បានឱ្យដឹងថា​​ប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ មានគោលបំណងជម្រុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ទូទាំងប្រទេស ចូលរួមកាន់តែសកម្មឡើងថែមទៀតក្នុងការថែរក្សា និងការពារមរកតវប្បធម៌ជាតិ។ លើកកម្ពស់មនសិការ និងស្មារតីចូលរួមផ្ទេរ ព្រមទាំងទទួលយកទាំងចំនេះដឹង ជំនាញ បច្ចេកទេស សិល្បះវប្បធម៌ សំដៅជម្រុញដល់ការអភិរក្ស និងអភិវឌ្ឈវប្បធម៌ ក៍ដូចជាវប្បធម៌ចម្រុះរបស់សហគមន៍ ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។

ផ្អែកតាមសារាចរដដែលបានបន្ដថា ទិវានេះគ៏ជម្រុញឱ្យមានការចូលរួមដោយការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឈវប្បធម៌ជាតិ ដោយមិនប្រកាន់ និន្នាការនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។ ជាពិសេសលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ ដើម្បីចង់ក្រងរក្សាទុកឱ្យបានគង់វង្ស រាល់ឯកសារបេតិកភណ្ឌ វប្បធម៌គ្រប់ប្រភេទដែលមានក្នុងមូលដ្ឋានរបស់ខ្លូន និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

ក្រៅពីនេះ អាចឱ្យយុវជនបង្កើនការយល់ដឹងពីតម្លៃវប្បជាតិ ភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើនការងារ និងកាលានុវត្តភាពសម្រាប់ទាញយកប្រាក់ចំណូល  ដើម្បីរួមចំណែកអភិវឌ្ឈសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវា និងផលិតផលវប្បធម៌ ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍។ បន្ថែមពីនេះ ជម្រុញដល់ប្រជាពលរដ្ឋ យុវជនឱ្យខិតខំបង្កើត និងបង្កើនស្នាដៃវប្បធម៌ថ្មីៗ ឱ្យកាន់តែមានភាពច្នៃប្រឌិត ផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់ សក្ដានុពលវប្បធម៌ ដើម្បីចូលរួមចំណែក អភិវឌ្ឈសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

សូមបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ជាទិវាដ៏សំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរម្លឹកដល់គុណូបការៈ បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយចិត្ត កម្លាំងបញ្ញា និងអាយុជីវីត ក្នុងការបង្កើតថែរក្សា និងការពារ សម្បត្តិវប្បធម៌ ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ដល់កូនចៅជំនាន់ក្រោយ។

ទិវានេះក៏បំផុសស្មារតី ឱ្យស្រលាញ់វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ដល់យុវជនដែលត្រូវបន្ដវេន អភិរក្សលើកស្ទួយតម្លៃ វប្បធម៌ជាតិ ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ដែរ។

គួររម្លឺកដែរថា កាលពីឆ្នាំមុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំនូវពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ដោយមានទម្រង់សិល្បៈដូចជា សិល្បៈរបាំបុរាណ នារីសន្តិភាព , របាំរឿងក្ងោកព្រះពោធិ៍សាត់ និង ល្ខោនបាសាក់រឿងកុមារទេព។

Share

ព័ត៌មានទាក់ទង

Image