សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអំពើរំលោភច្បាប់អន្តរជាតិពីសំណាក់ប្រទេសរុស្សី ក្រោយពីសភាប្រទេសរុស្ស៊ីអនុម័តឲ្យប្រើកំលាំងទ័ពដាក់ពង្រាយនៅក្នុងតំបន់ ដូណេត និងតំបន់ លូហាន នៃប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីទើបបានប្រកាសទទួលស្គាល់ឯករាជ្យភាព។
ក្រោយសភាប្រទេសរុស្ស៊ីអនុម័តឲ្យប្រើកំលាំងទ័ពនៅក្រៅប្រទេស ជាអ្វីដែលត្រូវគេមើលឃើញថា ជាដំណាក់កាលដំបូងនៃការឈ្លានពានប្រទេសអ៊ុយក្រែន, លោក ចូ បៃឌិន បានថ្លែងតាមសម្ដីផ្ទាល់ទៀតថា៖ «ថ្ងៃនេះ ខ្ញុំសូមប្រកាសជាឱឡារឹកថា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនិងអំពើរំលោភច្បាប់អន្តរជាតិពីសំណាក់ប្រទេសរុស្សី»។
មិនថាអ្នកនយោបាយ ពាណិជ្ជករ នាយកធានាគារ អ្នកជំនាញបច្ចេកវិទ្យារបស់រស្ស៊ី បានជាក្លាយក្រុមគោលដៅដំបូងៗ ដែលត្រូវសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ ធនាគាររុស្ស៊ីចំនួន ២ ត្រូវបានដាក់ចូលទៅក្នុងបញ្ជីខ្មៅ ដោយហាមឃាត់មិនឲ្យមានចរាចរណ៍សាច់ប្រាក់ពីក្រៅប្រទេស។ ការណ៍នេះក៏អាចនឹងមានផលបះពាល់ដល់អ្នកវិនិយោគរបស់អាមេរិក និងសម្ព័ន្ធមិត្តដែរ។ ទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃអង្គារ មានគោលដៅកាត់បន្ថយកំលាំងយោធារុស្ស៊ី ដែលពឹងផ្អែកលើប្រព័ន្ធធនាគានេះ។
លោក ចូសេព ប័ររ៉ែល អ្នកទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប បានថ្លែងថា «ប្រទេសជាសមាជិកទាំង២៧នៃសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងឯកច្ឆ័ន្ទលើកញ្ចប់ទណ្ឌកម្មសម្រាប់ដាក់លើរុស្ស៊ី»។ លោក ប័ររ៉ែល បន្តទៀតថា «យើងនឹងធ្វើឱ្យរុស្ស៊ីឈឺចាប់ ហើយនឹងកាន់តែឈឺចាប់ខ្លាំងឡើងទៀត»។
សមាជិកសភាជាន់ទាបរបស់ប្រទេសរុស្ស៊ីទាំង៣៥១នាក់ និងបុគ្គលដ៏មានអំណាច២៧នាក់ផ្សេងទៀត បានក្លាយជាក្រុមគោលដៅនៃទណ្ឌកម្មរបស់ប្រទេសបស្ចិមលោក។ នាយករដ្ឋមន្ត្រីអងគ្លេស លោក បូរីស ចនសុន ក៏បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគាររុស្ស៊ីចំនួនប្រាំ និងពាណិជ្ជកររុស្ស៊ីដែលមានទ្រព្យសម្បត្តិមហាសាល៣នាក់ដែរ។ មនុស្ស៣នាក់នោះគឺម្នាក់ជាពាណិជ្ជករ និងជាសហប្រធានក្រុមហ៊ុនសំណង់ធំបំផុតដែលសាងសង់បំពង់បង្ហូរឧស្ម័នរបស់ប្រទេសរ៉ុស្ស៊ី។ បុគ្គលម្នាក់ទៀតគឺជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនឧស្ម័នហ្គាសព្រំ និងម្នាក់ចុងក្រោយគឺជាស្ថាបនិកនៃក្រុមហ៊ុនវិនិយោគឯកជនដែលរកស៊ីខាងថាមពល ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន គឺលោក ហ្វ៊ូមីអូ គីស្ស៊ីដា បានថ្លែងថា រដ្ឋាភិបាលជប៉ុននឹងផ្អាកការផ្តល់ទិដ្ឋាការដល់ក្រុមមន្ត្រីដែលមកពីតំបន់ ដូណេត និងតំបន់ លូហាន ហើយក៏នឹងបង្កកទ្រព្យសម្បត្តិរបស់ពួកដែរ។ បើតាមនាយករដ្ឋមន្ត្រីជប៉ុន គ្មានទៀតទេការនាំទំនិញចេញចូលរវាងប្រទេសជប៉ុននិងតំបន់ទាំង២ ដែលនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន និងដែលទើបត្រូវបានរុស្ស៊ីប្រកាសទទួលស្គាល់ឯករាជ្យ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារ សភាជាន់ខ្ពស់រុស្ស៊ីបានអនុម័តសំណើរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលរុស្ស៊ីពង្រាយកម្លាំងយោធានៅក្នុងតំបន់បំបែកខ្លួនទាំងពីរនោះ។ នេះជាអ្វីដែលបស្ចិមលោកចាត់ទុកថាជាការចាប់ផ្តើមរបស់រុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន៕
—
យោង៖
១) https://apnews.com/article/russia-ukraine-business-europe-russia-vladimir-putin-46cef648807d0e3c2bac9793ad9022a6
២) https://english.kyodonews.net/news/2022/02/910ad4d69a5f-breaking-news-japan-pm-kishida-announces-sanctions-on-pro-russia-regions-in-ukraine.html
៣) https://www.bbc.com/news/world-europe-60125659
៤) https://english.alarabiya.net/News/world/2022/02/22/EU-unanimously-agree-new-sanctions-that-will-hurt-Russia-France