en     km
en     km

ប្រទះឃើញឆ្អឹងសាកសពនៅល្អាងប្រចៀវខេត្តបាត់ដំបងបង្កការភ្ញាក់ផ្អើល

Share

នៅបាតល្អាងប្រចៀវអូរស្វាយ ជម្រៅដល់ទៅ២០ម៉ែត្រ នៅស្រុកបាណន់ ខេត្តបាត់ដំបង ប្រទះឃើញឆ្អឹងសាកសពបុរសវ័យប្រហែល ៥០ឆ្នាំម្នាក់ ដែលទទួលបានកោសល្យវិច្ច័យពីអាជ្ញាធរស្រុក ថាអាចស្លាប់នៅសម័យប៉ុល ពត។

ហេតុការណ៏ដែលបង្កការភ្ញាក់ផ្អើលមួយនៅខេត្តបាត់ដំបង ប្រជាពលរដ្ឋពីរនាក់បានប្រទះឃើញឆ្អឺងសាកសពនៅក្នុងបាតល្អាងអូរស្វាយជម្រៅ២០ ម៉ែត្រ  ស្ថិតនៅឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោយពីពួកគេចុះទៅកើបលាមកប្រចៀវនៅបាតល្អាង។

រឿងរ៉ាងនេះ ត្រូវបានសមត្ថកិច្ចស្រុកបាណន់ឱ្យដឹងថា មានពលរដ្ឋ២នាក់ ម្នាក់ឈ្មោះ  រួម វុធថា ភេទប្រុស អាយុ២៩ឆ្នាំ និងម្នាក់ទៀត ឈ្មោះ បឿន ណាល់ ភេទប្រុស អាយុ ៣៤ឆ្នាំ  បានប្រទះឃើញឆ្អឹងសាកសព នៅថ្ងៃទី១៩ ខែកុម្ភៈ ដោយពួកគេទាំងពីរបានចុះទៅដល់បាតល្អាងដើម្បីប្រមូលលាមកប្រចៀវ ដែលល្អាងនេះជ្រៅ និងងងឹត គ្មានអ្នកណាចុះទៅដល់ទេ។ តែដោយសារពួកគេត្រូវការលាមកប្រចៀវប្រើប្រាស់ទើបចុះទៅ នឹងប្រទះឃើញ ទើបរាយការណ៍ទៅសមត្ថកិច្ច។ រហូរដល់ថ្ងៃទី២០ ខែកុម្ភៈ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច្ច័យសាសព។

អធិការនគរបាលស្រុកបាណន់ បានឱ្យដឹងថា ក្រោយពិនិត្យស្ថានភាពឆ្អឹងសព គឺជាបុរសម្នាក់ដែលមានអាយុប្រហែល៥០ឆ្នាំ មានចំណងចងដៃក្រពាត់ទៅក្រោយ ដោយខ្សែនីឡុង សម្លៀកបំពាក់ពុកផុយ តែអាវមានព៌ណប្រផេះ និងខោព៌ណខ្មៅ។ អធិការបន្ដថា អាចស្លាប់នៅអំឡុងសម័យ ប៉ុល ពត ដោយពួកខ្មែរក្រហមសម្លាប់ពេលជីកទំនប់កំពីងពួយ ដោយសារទីតាំងនៃការរកឃើញសពគឺស្ថិតនៅជិត អាងកំពីងពួយ។

គួរបញ្ជាក់ដែរថា ឆ្អឹងសាកសពត្រូវបានសមត្ថកិច្ចយកទៅប្រគល់ឱ្យអាចារ្យ វត្តដំបូកខ្ពស់ ឃុំតាង៉ែន ដើម្បីរៀបចំធ្វើទៅតាមប្រពៃណី៕

Share

Image
Image
Image