ដោយសារមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវី១៩ ប្រភេទអូមីក្រុង បណ្ដាគោលដៅទេសចរណ៍មួយចំនួនមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ។ តាមរបាយការណ៍ភ្ញៀវទេសចរ ក្នុងសប្ដាហ៍មានការថយចុះជិត១០ ភាគរយ បើធៀបនឹងសប្ដាហ៍មុន។
នៅចុងសប្ដាហ៍ទី៣ នៃខែកុម្ភៈ ក្រសួងទេសចរណ៍បានបង្ហាញថា ចំនួនភ្ញៀទេសចរមានការធ្លាក់ចុះដល់ទៅ ៩.៤៤ ភាគរយ បើធៀបនឹងចុងសប្ដាហ៍កន្លងទៅ ដោយទូទាំងប្រទេសមានចំនួនភ្ញៀវដើរម្សាន្ដតែជិត២០ ម៉ឺននាក់ ប៉ុណ្ណោះ។
ទិន្នន័យនេះ ត្រូវបានក្រសួងទេសចរណ៍បង្ហាញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយភ្ញៀវទេសចរជាតិ មានចំនួន១៨ ម៉ឺន ៨ពាន់ ៨១នាក់ និងភ្ញៀវអន្ដរជាតិ ១ម៉ឺន ៩៨៦នាក់ ក្នុងនោះខេត្តព្រះសីហនុ មានចំនួនភ្ញៀវទេសចរច្រើនជាងគេ ខ្ទង់ជាង៤ម៉ឺន ៥ពាន់នាក់។ បន្ទាប់មកគឺរាជធានីភ្នំពេញ ជាង២ម៉ឺននាក់ និងខេត្ត២ផ្សេងទៀត មានពោធិ៍សាត់ និងបាត់ដំបង មានខ្ទង់ជាង២ម៉ឺននាក់ដែរ។
បើតាមការសង្កេត របស់មន្ទីរទេសចរណ៍ ចំនួនភ្ញៀវដែលដើរកម្សាន្ដនៅក្នុងសប្ដាហ៍នេះ ភាគច្រើនជាអ្នកក្នុងខេត្តរបស់ខ្លូន និងឆ្លងខេត្តជិតៗ មិនសូវមានភ្ញៀវទេសចរចេញពីរាជធានីភ្នំពេញទេ។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ដោយសារការបន្ដកំរើកនៃការឆ្លងនៃជំងឺកូវី១៩ ប្រភេទអូមីក្រុង ចរន្ដភ្ញៀវទេសចរមានការថយចុះខ្លះនៅតាមគោលដៅទេសចរណ៍។
កាលពីម្សិលមិញ ក្រសួងសុខាភិបាលបានចេញរបាយការណ៍ថា រកឃើញមានអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ចំនួន៧៣៦ និងមានអ្នកស្លាប់២នាក់ ទោះទទួលវ៉ាក់សាំងហើយក័ដោយ។ ចំនួននេះគឺជាការកើនឡើងខ្ពស់នៃការឆ្លងរាលដាលកូវីដ១៩នៅក្នុងប្រទេស។
តែយ៉ាងណា កាលពីសប្ដាហ៍មុន ក្រសួងទេសចរណ៍ក៍បានចេញសារាចរណែនាំស្ដីពីការពង្រឹងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ទៅដល់មន្ទីរទេសចរណ៍ និងអាជីវកម្មទេសចរណ៍ទូទាំងប្រទេស ដើម្បីគ្រប់គ្រងការកកកុញរបស់ភ្ញៀវ បញ្ជៀសការចម្លងរាលដាលខ្លាំងនៃមេរោគបំម្លែងខ្លួន អូមីក្រុង៕