ដោយសារតែជីវភាពទ័លក្រនិងគ្មានជំនាញអី្វក្រៅពីសិល្បៈ ក្រុមជនពិការភាពមួយក្រុមខិតខំដើរប្រគុំតន្រ្តីស្វែងរកជំនួយមនុស្សធម៌ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃនៅតាមទីផ្សារ និងទីប្រជុំជននានានៅរាជធានីភ្នំពេញដើម្បីបានប្រាក់កាសខ្លះសម្រាប់ចិញ្ចឹមជីវិត។ ប៉ុន្តែពួកគាត់បានជួបប្រទះនឹងឧបសគ្គខ្លះក្នុងការសុំទីតំាងពីសំណាក់អាជ្ញាធរដែនដីមួយចំនួននៅឡើយពីព្រោះនៅតំបន់ខ្លះអាជ្ញាធរត្រូវការលិខិតអនុញ្ញាតពីសំណាក់សង្កាត់ ខណ្ឌ័ ឬក្រុង ដែលជាហេតុធ្វើឲ្យពួកគាត់មិនអាចប្រគុំតន្ត្រី និងមិនអាចសែ្វងរកជំនួយថវិការបន្ថែមបាន។
ការបកស្រាយចម្រៀងរបស់យុវជន យុវតីពិការភ្នែកនៅទីកន្លែងមួយចំនួនត្រូវបានបន្លឺឡើងនៅតាមទីសាធារណៈមួយចំនួននៅក្នុងទីក្រុងភ្នំពេញ។ ឧបករណ៍តន្រ្តីរបស់ពួកគេមានតែធុងបាសចំនួន២ ជាមួយអំភ្លី និងប្រអប់ដាក់លុយពីសម្បុរសជនចំនួន២តែប៉ុណ្ណោះ។ នៅលើប្រអប់ដាក់លុយគេបិទអក្សរថា « ប្រអប់មូលនិធិតន្រ្តីជនពិការ ស្វែងរកសប្បុរសធម៌ពីសប្បុរសជន »។ « ថវិកាដែលទទួលបានពីសប្បុរសជនមិនទៀងនោះទេ។ ពេលលេងនៅទីប្រជុំជនយើងទទួលបានកំរៃគួរសម តែបើលេងតាមផ្សារ និងរោងចក្រតូចៗវិញគឺបានកំរៃតិចតួច។ ប្រាក់ដែលបានមកគឺគ្រប់គ្រាន់សម្រាប់តែបង់ថ្លៃឈ្នួលផ្ទះ អាហារ ហូបចុក ទឹកភ្លើង និងចំណាយប្រចំាថ្ងៃផ្សេងៗតែប៉ុណ្ណោះ »។ នេះគឺជាសម្តីរបស់ យុវជនពិការភ្នែក ពៅ ធារិទ្ធិ ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង។
យុវជនវ័យ៣០ឆ្នំារូបនេះបានរៀបរាប់ថា លោកពិការភ្នែកដោយសារតែជំងឺស្រវាំងមើលមិនជាតាំងពីលោកមានវ័យ ២០ឆ្នាំមកម្ល៉ោះ ហើយចាប់តាំងពីធ្លាក់ខ្លួនពិការ គាត់ក៏ចាកចេញពីស្រុកកំណើតមករៀនច្រៀងនៅក្នុងសមាគមជំនាញជនពិការនៅរាជធានីភ្នំពេញ។ បន្ទាប់ពីរៀនជំនាញនេះរួចមកស្របពេលដែលសមាគមមានខ្វះខាតផងនោះ ធារិទ្ធិ និងមិត្តភក្តិ៤នាក់ទៀតបានបង្កើតជាក្រុមតន្ត្រីតូចចេញច្រៀងតាមសាធារណៈតាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ដើម្បីរកលុយផ្គត់ផ្គង់ជីវិត។
ធារិទ្ធិក៏បានបញ្ជាក់ប្រាប់ទៀតថា សមាជិកទាំងអស់នៅក្នុងក្រុមតន្ត្រីរបស់គាត់នេះធ្លាក់ខ្លួនពិការភាគច្រើនដោយជំងឺមិនមែនពិការពីកំនើតនោះទេ។ យុវជនមកពីខេត្តព្រៃវែងរូបនេះ បានឲ្យដឹងទៀតថា « សមាជិករបស់ក្រុមតន្រ្តីយើងមកពីបណ្តាខេត្តដូចជា ព្រៃវែង ពោធិ៍សាត់ និងតាកែវ។ យើងខិតខំរៀនជំនាញ សិល្បៈតិចតួចដើម្បីសម្តែងនៅតាមទីសាធារណៈ តាមទីផ្សារ និងទីប្រជុំជននានា នៅរាជធានីភ្នំពេញ គឺសុំតែគ្រប់គ្រាន់ក្នុងការរស់នៅ មិនប្រាថ្នាក្លាយជាអ្នកមាននោះទេ »។ ធារិទ្ធ បន្តប្រាប់ថា ការលើកទឹកចិត្ត ផ្តល់ការអបរំ ចំណេះជំនាញ និងលើកកម្ពស់អំពីសិទ្ធិដល់ជនពិការ មានលក្ខណៈល្អប្រសើរជាងមុនខ្លះ ក៏ប៉ុន្តែជនពិការមួយចំនួន នៅតែប្រឹងរស់ដោយសារការឧបត្តមពីសប្បុរសជន ដូចជាក្រុមតន្រ្តីលោកជាគំរូស្រាប់។
យុវជនធា្លប់ជាសិស្សរូបនេះពន្យល់ថា ការជ្រើសរើសទីតាំងដើម្បីរៀបចំប្រគុំតន្ត្រីសប្បុរសធម៌នេះថាមានផលវិបាក និងមានការរើសអើងខ្លះពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ប៉ុន្តែមិនទាំងអស់នោះទេ វាអាស្រ័យទៅតាមតំបន់នីមួយៗប៉ុណ្ណោះ។ ទោះបីជាបែបនេះក្តី យុវជនមានក្តីព្យាយាមនេះបាននិយាយថា មានប្រជាពលរដ្ឋជាច្រើនបានគាំទ្រ ផ្តល់ជាមូលនិធិខ្លះ និងទីតំាងដល់ក្រុមតម្រ្តីជនពិការរបស់ពួកគេ។ «ផ្សារទូទៅដែលគ្រប់គ្រងដោយប្រធានទីផ្សារគឺមានភាពងាយស្រួលតែបើគ្រប់គ្រងដោយអាជ្ញាធរដែនដីគឺពិបាក ពីព្រោះគេទាមទារឲ្យមានលិខិតអនុញ្ញាតិពីខណ្ឌ័ សង្កាត់ ឬ ពីក្រុងដោយហេតុថាខ្លាចស្ទះចរាចរណ៍ »។ តំណាងក្រុមតន្រ្តីជនពិការរូបនេះក៏បាន ស្នើសុំឲ្យអាជ្ញាធរដែនដីមួយចំនួន មានការយោគយល់ដល់ក្រុមតន្រ្តី របស់ពួកគាត់ផង ដើម្បីងាយស្រួសបាន កន្លែងប្រគុំតន្រ្តីនៅក្បែរផ្សារធំៗមួយចំនួន ដែលអាចនឹងទទួលបាន មូលនិធិខ្លះ។
ទោះបីជាធារិទ្ធិពិការភ្នែកក៏ដោយ លោកមានក្តីប្រាថ្នាចង់បង្កើត សមាគមជួយជនពិការមួយ ដើម្បីផ្តល់ចំណេះ និងជំនាញទៅជនពិការដទៃ និងអាចឲ្យជនពិការដទៃទៀតមានលទ្ធិភាពចិញ្ចឹមជីវិតបានដោយខ្លួនឯងនាពេលអនាគត។ យុវជនពិការភ្នែកតែមានឆន្ទះតស៊ូខ្ពស់រូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់សូមជួយគាំទ្រក្រុមតន្រ្តីរបស់ពួកគេ និងកុំរើសអើងក្រុមជនពិការ។ តំណាងក្រុមវ័យ ៣០ឆ្នាំនេះ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរជួយទាក់ទង ក្រុមតន្រ្តីរបស់គាត់ ទៅច្រៀងនៅតាមពិធីផ្សេងៗ ដើម្បីជាការលើកទឹកចិត្តជនពិការក៏ដូចជាជួយឲ្យក្រុមជនពិការអាចរកប្រាប់ចំនូលទ្រង់ជិវិត ពីព្រោះថា សមាជិកក្រុមរបស់គាត់គ្មានអ្វីជាទីពឹងក្រៅពីការសម្តែងនេះទេ។
គួរបញ្ជាក់ផងដែរមាន ក្រុមតន្រ្តីរបស់ ធារិទ្ធិ មានឈ្មោះថា « ក្រុមជំនាញតន្រ្តីសម័យជនពិការ» មានសមាជិក ៥នាក់ ដែលក្នុងនោះមានស្ត្រីចំនួនពីរនាក់។ ក្រុមតន្ត្រីនេះបានបង្កើតឡើងតាំងពីដើមឆ្នាំ២០១៤ និងមានទីតាំងនៅទីក្រុងតាខ្មៅ៕