ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានបំភ្លឺជាថ្មីទៀត ជុំវិញករណីទាក់ទងការបង្កើតច្រកទ្វារអ៊ិនធឺណិតនិងការពន្យារពេលអនុវត្តវិធានការមួយនេះ បន្ទាប់ពីមានសារព័ត៌មានមួយចំនួនរិះគន់ជាច្រើនលើវិធានការមួយនេះថា បានជៈឥទ្ធិពលធ្ងន់ធ្ងរលើសិទ្ធិឯកជននិងសេរីភាពបញ្ចេញមតិរបស់អ្នកប្រើប្រាស់អ៊ិនធឺណិត។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាន
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតមួយបំភ្លឺទៅប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ដែលនៅតែបន្តបកស្រាយខុសពីបំណងនៃការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ និងការពន្យារពេលអនុវត្តវិធានការមួយនេះ។
តាមរយៈសេចក្តីបំភ្លឺចុះផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេសបានលើកឡើងពីគុណប្រយោជន៍ដែលបង្កើតឱ្យមានវិធានការនេះឡើង ក្នុងនោះដើម្បីងាយស្រួលគ្រប់គ្រងការតភ្ជាប់អ៊ិនធឺណិត ពង្រឹងសន្តិសុខជាតិ ការប្រមូលពន្ធ រក្សាបានសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាដើម។ ក្រៅពីនេះ អនុក្រឹត្យស្តីពីច្រកទ្វារអ៊ិនធឺណិតជាតិ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ជាឧបករណ៍មួយដ៏មានប្រសិទ្ធភាព បង្កើនការប្រមូលចំនូលជាតិដោយឈរលើមូលដ្ឋានប្រកួតប្រជែងដោយតម្លាភាព សមភាព និងភាពស្មោះត្រង់រវាងរដ្ឋនិងប្រតិបត្តិករទូរគមនាគមន៍។
ជាងនេះអនុក្រឹត្យមួយនេះ នឹងអាចជួយទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត ល្បែងស៊ីសងអនឡាញខុសច្បាប់ ការបោកប្រាស់តាមអ៊ិនធឺណិតជាដើម។
អ្វីជាពិសេសជាងនេះ អនុក្រឹត្យនេះរាជរដ្ឋាភិបាលបានឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងបើកទូលាយពីអ្នកជំនាញជាតិ និងអន្តរជាតិលើបទបញ្ញត្តិដែលមានចែងក្នុងអនុក្រឹត្យនេះ។
ក្រសួងការបរទេសកម្ពុជាច្រានចោលចំពោះការលើកឡើងដោយរិះគន់ថា អនុក្រឹត្យមួយនេះអនុញ្ញាតឱ្យអាជ្ញាធរអាចត្រួតពិនិត្យ និងតាមដានសកម្មភាពអ្នកប្រើប្រាស់អ៊ិនធឺណិត។ក្នុងនោះអាចមាន ការចាប់ចង និងការរឹតបណ្តឹងលើការប្រាស្រ័យទាក់ទងនានាតាមប្រព័ន្ធឌីជីថល។ ជាងនេះទៀតអនុក្រឹត្យមួយនេះ ក៏រងការរិះគន់ថា បង្កហានិភ័យដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិចែកចាយព័ត៌មានគំនិតយោបល់នានានិងអាចឈានដល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
ចំណែកលោក សូ វិសុទ្ធី អ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា អនុក្រឹត្យមួយនេះពិតជាត្រូវពន្យារពេលមែន តែគ្មានអ្វីក្រៅពីមូលហេតុនៃការរាតត្បាតនៃជំងឺកូវីដ១៩នោះទេ ពោលគឺការពន្យារពេលនេះមិនមែនដោយសារអនុក្រឹត្យនេះរងការរិះគន់ច្រើនពីមជ្ឈដ្ឋានមួយចំនួននោះទេ។
នេះជាការបញ្ជាក់របស់លោក សូ វិសុទ្ធី ប្រាប់វិទ្យុស្ត្រីតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២២នេះ។
លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃ CCIM យល់ថា បើទោះបីជាអនុក្រឹត្យមួយនេះមានចំណុចវិជ្ជមានជាច្រើនក៏ដោយ តែនៅមានចំណុចចន្លោះប្រហោងខ្លះៗដែលជាឧបករណ៍មួយអាចធ្វើឱ្យប៉ះពាល់សិទ្ធិសេរីភាពរបស់អ្នកប្រើប្រាស់អ៊ិនធឺណិត។ លោកបន្ថែមថា ចំណុចខ្លះនៃអនុក្រឹត្យអាចបង្កហានិភ័យដល់អ្នកប្រើប្រាស់ ព្រោះទិន្នន័យនិងព័ត៌មានរបស់អ្នកប្រើប្រាស់ត្រូវបានអាជ្ញាធរអាចឃ្លាំមើលបាន។
លោក អ៊ិត សូធឿត៖«ហានិភ័យមួយទៀត ការតម្លើងជាច្រកទ្វារអន្តរជាតិនេះគឺវាផ្តល់សិទ្ធិអំណាចខ្លាំងដល់រដ្ឋាភិបាលដើម្បីពិនិត្យមើល និងគ្រប់គ្រងទិន្នន័យលើកការប្រើប្រាស់របស់អ្នកប្រើប្រាស់អ៊ីនធឺណិតនៅក្នុងស្រុកខែ្មរហ្នឹង។ ចឹងដើម្បីការពារកន្លែងហ្នឹងបានយើងត្រូវមានស្ថាប័ន ឬអ្នកឯករាជ្យពីរដ្ឋាភិបាលដែលមិនត្រូវរងសម្ពោធរងឥទ្ធិពលពីរដ្ឋាភិបាល ចឹងបើគាត់រងឥទ្ធិពលរដ្ឋាភិបាលអាចបញ្ជាឱ្យគាត់ធ្វើអ្វីតាមចិត្ត នោះគាត់អាចឃ្លាំមើលតាមចិត្តនូវសកម្មភាពនិងច្រោះព័ត៌មានដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាអាចមើលបានហ្នឹង គឺវានាំឱ្យបាត់បង់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាជនពលរដ្ឋដែលត្រូវបានធានាដោយច្បាប់»។
គួររំលឹកថា កន្លងមកក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិធ្លាប់ចេញសេចក្តីថ្លែងការណ៍រួម មួយកាលពីដើមឆ្នាំ២០២២ ដោយបានធ្វើការអត្ថាធិប្បាយលើអនុក្រឹត្យមួយនេះថា ជាការបើកផ្លូវដល់រដ្ឋាភិបាលអាចតាមដានសកម្មភាពអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដោយមានលទ្ធភាពប្រមូលយកនូវការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
សម្រាប់អ្នកជំនាញ UN យល់ថាអនុក្រឹត្យមួយនេះ មានលក្ខណៈរឹតត្បិតសេរីភាព និង ប៉ះពាល់ដល់សិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់៕