ភ្នំពេញ៖ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នឹងនាំយកញត្តិដាក់តាមស្ថាប័នពាក់ព័ន្ធមួយចំនួននៅរាជធានីភ្នំពេញនៅថ្ងៃស្អែកនេះ ដើម្បីសុំកិច្ចអន្តរាគមន៍រកដំណោះស្រាយ។
(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)
បើគ្មានអ្វីប្រែប្រួលនោះទេ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនOCIC នឹងធ្វើដំណើរឡើងមករាជធានីភ្នំពេញនៅថ្ងៃស្អែកនេះ ដើម្បីដាក់ញត្តិនៅស្ថាប័នទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា និងស្ថាប័នព្រះមហាក្សត្រ សុំកិច្ចអន្តរាគមន៍ពីស្ថាប័នទាំងពីរនេះជួយរកដំណោះស្រាយ។
នេះបើតាមអ្នកស្រី ឃឹម ម៉ាលី តំណាងសហគមន៍ព្រលានយន្តហោះថ្មីមួយរូបប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២នេះ។ អ្នកស្រី ឃឹម ម៉ាលី បន្តថា ការដាក់ញត្តិនេះអ្នកស្រីហាក់មានសង្ឃឹមតិចតួចណាស់ តែប្រជាពលរដ្ឋគ្មានជម្រើសអ្វីក្រៅពីសុំកិច្ចអន្តរាគមន៍បន្ថែមពីស្ថាប័នពាក់ព័ន្ធ ព្រោះការដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានរងបរាជ័យ។
ដោយឡែកខ្លឹមសារនៃញត្តិដែលប្រជាពលរដ្ឋជាង ៥០ គ្រួសាបានផ្តិតមេដៃនោះ គឺស្នើឱ្យស្ថាប័នពាក់ព័ន្ធជួយធ្វើអន្តរាគមន៍លូកដៃក្នុងរឿងនេះជាបន្ទន់ ព្រោះខាងភាគីក្រុមហ៊ុននៅតែបន្តឈូសឆាយដីស្រែពលរដ្ឋទាំងមិនទាន់ដោះស្រាយត្រូវរូវគ្នានៅឡើយ។ មួយទៀត ប្រជាពលរដ្ឋស្នើសុំដោះស្រាយសំណងដីស្រែចន្លោះពី ៨០ដុល្លារទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកដីផ្ទះ ឬ ដីលំនៅដ្ឋានវិញពលរដ្ឋស្នើតម្លៃចន្លោះពី ៣០០ដុល្លារ ដល់ ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
វិទ្យុស្រ្តីពុំទាន់អាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុនOCICបានទេនៅថ្ងៃនេះដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
យ៉ាងណាទាក់ទងរឿងវិវាទដីធ្លីនៅព្រលានយន្តហោះថ្មីនេះ ទាំងភាគីក្រុមហ៊ុន OCIC និងអាជ្ញាធរខេត្តកណ្តាល ធ្លាប់គូសបញ្ជាក់ពីជំហររបស់ខ្លួនដោយដោះស្រាយតម្លៃដីត្រឹមតែ ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ព្រោះជាគោលការណ៍តម្លៃដែលបានសិក្សាច្បាស់លាស់ចេញពីក្រសួងដែនដី។ អាជ្ញាធរធ្លាប់បញ្ជាក់ថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារយល់ព្រមទទួលយកសំណងនេះ នៅតែពលរដ្ឋមួយក្តាបតូចតែប៉ុណ្ណោះមិនទាន់ទទួលយកសំណង។ អាជ្ញាធរខេត្តកណ្តាលជារឿយៗតែងតែអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល តាមរយៈការទទួលយកគោលការណ៍សំណងនេះ។
ដោយឡែកប្រជាពលរដ្ឋនិងមន្រ្តីសង្គមស៊ីវិលតែងលើកឡើងថា សំណងត្រឹមតែ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ មិនអាចឆ្លើយតបនឹងតម្លៃដីនៅក្បែរនោះដែលហក់ឡើងជិត ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េទៅហើយ។
អ្នកស្រី ឃឹម ម៉ាលី បន្ថែមថា បើសិនជាការដាក់ញត្តិនេះគ្មានដំណោះស្រាយ នោះពលរដ្ឋនឹងបន្តដាក់ញត្តិទៅតាមបណ្តាស្ថានទូតបរទេសនានាវិញម្តង មុននឹងសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការដែលជាជម្រើសចុងក្រោយ។
សូមរំលឹកថា ជម្លោះដីធ្លីនៅព្រលានយន្តហោះថ្មីនេះបានអូសបន្លាយពេលជិត ៤ ឆ្នាំមកហើយ ខណៈដែលការសម្របសម្រួលទាំងនៅក្រុមហ៊ុន នៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិមួយចំនួននៅតែមិនអាចរកច្រកចេញ។ ខាងភាគីក្រុមហ៊ុននៅតែប្រកាន់ជំហរទូទាត់សំណងតែ ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងគោលការណ៍ដោះដូរទីតាំងថ្មីក្បែរនោះ។
រហូតមកទល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណ ១០០នាក់បានប៉ះទង្គិចជាមួយសមត្ថកិច្ច ដែលប្រដាប់ដោយខែលនិងដំបងរាប់រយនាក់។ ការប៉ះទង្គិចនេះកើតឡើងបន្ទាប់ពីសមត្ថកិច្ចបានដាក់ប៉ាស់យាមកាមមិនឱ្យពលរដ្ឋចូលមើលដីស្រែដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន OCIC របស់ឧញ៉ា ពុង ឃាវសែ។ ក្នុងការប៉ះទង្គិចគ្នាដោយហិង្សានោះសមត្ថកិច្ចចាប់ខ្លួនប្រជាពលរដ្ឋចំនួន ៣០ នាក់ហើយក្រោយមកបានដោះលែងមកវិញខ្លះ។ ដោយឡែកពលរដ្ឋចំនួន ៩ នាក់ត្រូវបានបញ្ជូនទៅតុលាការ តែក្រោយមកក៏ត្រូវបានដោះលែងដូចគ្នា៕