ភ្នំពេញ៖ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍នៅតែរក្សាជំហរចេញធ្វើកូដកម្មនៅក្បែរស្ថានទូតអូស្ត្រាលីជាទីតាំងចាស់ដដែល ទោះបីជាអាជ្ញាធរតម្រូវឱ្យពួកគេទៅធ្វើសកម្មភាពតវ៉ាទាមទារនៅទីលានប្រជាធិបតេយ្យស្ថិតក្នុងខ័ណ្ឌឫស្សីកែវក៏ដោយ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញបានព្រមានចាត់វិធានតាមផ្លូវច្បាប់លើបុគ្គលិកណាហ្គាវើលដ៍ករណីរឹងរូស មិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័កនិងការបំពេញកាតព្វកិច្ចតាមវិធានការសុខាភិបាលសព្វគ្រប់ហើយ បុគ្គលិកណាហ្គាវើលដ៍នឹងគ្រោងបន្តសកម្មភាពតវ៉ាទាមទារនៅទីតាំងចាស់ក្បែរស្ថានទូតប្រទេសអូស្រ្តាលីដដែរ ដែលពួកគេហៅថាការធ្វើកូដកម្មដោយអហិង្សា។
នេះជាការគូសបញ្ជាក់ពីអ្នកស្រី សោម ចាន់លក្ខណា កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍មួយរូបប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
អ្នកស្រី សោម ចាន់លក្ខណា បន្តថា ក្រុមកូដករនៅតែរក្សាជំហរចេញតវ៉ាទាមទារស្វែងរកដំណោះស្រាយ និងការដោះលែងតំណាងរបស់ពួកគេដែលកំពុងជាប់ឃុំឃាំងទាំង១១នាក់ឱ្យមានសេរីភាពឡើងវិញ។ អ្នកស្រីបញ្ជាក់ថា ក្រុមកូដករនៅតែយកទីតាំងចាស់ក្នុងការតវ៉ាដដែល ដោយមិនផ្លាស់ប្តូរតាមការតម្រូវរបស់សាលារាជធានីភ្នំពេញឡើយ ព្រោះពួកគេធ្វើសកម្មភាពកូដកម្ម និងមិនមែនធ្វើបាតុកម្មនោះទេ។
អ្នកស្រី សោម ចាន់លក្ខណា៖«ពួកខ្ញុំគឺធ្វើកូដកម្មដោយអហិង្សា ខ្ញុំអត់មានជម្លោះជាមួយរដ្ឋាភិបាលនោះទេ ចឹងពួកខ្ញុំគ្មានលក្ខខ័ណ្ឌណាមួយទៅធ្វើនៅទីលានប្រជាធិតេយ្យនោះទេ ព្រោះនិយមន័យបាតុកម្ម គឺការធ្វើដោយមិនកំណត់ថា ការធ្វើដោយមិនកំណត់ថាជាបុគ្គល បុគ្គលិក ឬការធ្វើរបស់ប្រជាជនធម្មតាតវ៉ាជាមួយរដ្ឋាភិបាលបានគេមានសិទ្ធិទៅធ្វើនៅទីលានប្រជាធិតេយ្យ។តែនិយមកូដកម្ម គឺបុគ្គលិកធ្វើជាមួយក្រុមហ៊ុនទាមទាររកដំណោះស្រាយ ចឹងពួកខ្ញុំធ្វើកូដកម្ម»។
ការប្រកាសជំហរនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២២ ដោយមិនអនុញ្ញាតឱ្យបុគ្គលិកណាហ្គាវើលដ៍ធ្វើសកម្មភាពតវ៉ានៅទីតាំងចាស់ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៀតឡើយ។ តាមរយៈសេចក្តីជូនដំណឹង សាលារាជធានីភ្នំពេញ
តម្រូវឱ្យបុគ្គលិកណាហ្គាវើលដ៍ត្រូវទៅធ្វើសកម្មភាពតវ៉ានៅទីលានប្រជាធិតេយ្យស្ថិតក្នុងសង្កាត់ឫស្សីកែវ ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញជំនួសវិញ។
វិទ្យុស្រ្តីពុំទាន់អាចសុំការពន្យល់បន្ថែមពីលោក ម៉េត មាសភក្តី បានទេនៅព្រឹកនេះ។ ប៉ុន្តែបើតាមសេចក្តីជូនដំណឹង ការតម្រូវឱ្យបុគ្គលិកណាហ្គាវើលដ៍ទៅធ្វើសកម្មភាពតវ៉ានៅទីលានប្រជាធិបតេយ្យជំនួសវិញនេះ ព្រោះដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ។ សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបញ្ជាក់ថា ការជូនដំណឹងរបស់បុគ្គលិកណាហ្គាវើលដ៍កាលពីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២១ក្នុងការធ្វើកូដកម្មនេះគឺមិនស្របតាមច្បាប់ស្តីពីការងារ ព្រោះការធ្វើកូដកម្មគឺមិនត្រូវប្រើទីសាធារណៈធ្វើសកម្មភាពនោះទេ។
មួយវិញទៀតការតម្រូវឱ្យបុគ្គលិកណាហ្គាវើលដ៍ធ្វើសកម្មភាពតវ៉ានៅទីលានប្រជាធិបតេយ្យដោយសារអាជ្ញាធរសង្កេតឃើញថា កន្លងមកបុគ្គលិកណាហ្គាវើលដ៍បានធ្វើកម្មភាពបង្កប៉ះពាល់ធ្ងនធ្ងរដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការកកស្ទះចរាចរ រំខានដល់អាជីវកម្មនិងការងារប្រចាំថ្ងៃរបស់ខ្លួន។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូយល់ឃើញថា វិវាទនេះដើមដំបូងជាជំលោះរវាងបុគ្គលិកនិងភាគីក្រុមហ៊ុនតែប៉ុណ្ណោះ ហើយការធ្វើសកម្មភាពតវ៉ាស្ថិតក្នុងទម្រង់នៃការធ្វើកូដកម្ម ព្រោះពួកគេបានយកទីតាំងមុខសួនក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មដោយមិនប៉ះពាល់ទីតាំងសាធារណៈនោះទេ។ តែបច្ចុប្បន្ននេះលោកយល់ថា វិវាទមួយនេះបានក្លាយជាវិវាទរវាងបុគ្គលិកណាហ្គាវើលដ៍ជាមួយអាជ្ញាធរវិញ បន្ទាប់ពីមានការរារាំងកូដករមិនឱ្យធ្វើកូដកម្មនៅមុខណាហ្គាវើលដ៍ ដែលនាំឱ្យមានការចាប់កំហុសពួកគេថា ធ្វើបាតុកម្មខុសច្បាប់។
លោក អំ សំអាត៖«តែក្រោយមកទេដែលយើងឃើញថា ងាកចេញពីវិវាទការងារឬការធ្វើកូដកម្មរវាងបុគ្គលិកណាហ្គាវើលដ៍ជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ទៅជាវិវាទនិងភាពតានតឹងរវាងអាជ្ញាធរជាមួយកូដករទៅវិញ ដោយសារតែបម្រាមហាមការជួបជុំនៅមុខណាហ្គាវើលដ៍ហើយធ្វើរុញច្រាន រហូតមកនៅឆ្ងាយទៅៗចឹងទៅៗ។ចឹងយើងមើលទៅមិនមែនជាកំហុសរបស់អាជ្ញាធរទេ ហើយផ្ទុយទៅវិញអាជ្ញាធរគួរតែសម្រួលសម្រាប់កូដករឱ្យឈរនៅមុខរបងណាហ្គាវើលដ៍ដើម្បីឱ្យត្រឹមត្រូវតាមផ្លូវច្បាប់ទៅ ហើយរក្សាសណ្តាប់ធ្នាប់ជូនគាត់ ការពារសន្តិសុខជូនគាត់អាហ្នឹងវាជាការទទួលខុសត្រូវ។»។
សូមរំលឹកថា បច្ចុប្បន្នបុគ្គលិកណាហ្គាវើលដ៍កំពុងបន្តធ្វើកូដកម្មតាមបណ្តាញសង្គម ខណៈពួកគេត្រូវអនុវត្តតាមវិធានការសុខាភិបាលបន្ទាប់ពីសមាជិករបស់ពួកគេកើតជំងឺកូវីដ១៩។ ពួកគេកាលពីថ្ងៃម្សិលមិញបានទៅធ្វើសំណាក់ជាលើកទីពីរចំនួនជាង២០០នាក់ ដោយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៨ នាក់។
កាលពីថ្ងៃទី០៥ និងទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរបានចាប់ខ្លួនកូដករចំនួន ៦ នាក់ ដោយចោទប្រកាន់ពួកគេថាបានរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែក្រោយមកបានដោះលែងកូដករ ៣ នាក់ វិញ ចំណែកកូដករ ៣ នាក់ទៀតត្រូវបានចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ន។ បច្ចុប្បន្ននេះមានសមាជិក និងថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍សរុបចំនួន ១១ នាក់ កំពុងជាប់ពន្ធនាគារ ក្នុងនោះ ៨ នាក់ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និង ៣ នាក់ ត្រូវបានចោទប្រកាន់ពីបទរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩៕