en     km
en     km

មន្ទីរកសិកម្មខេត្តកំពង់ធំអំពាវនាវដល់កសិករប្រើម៉ាស៊ីនព្រួសស្រូវជាជួរខណៈកសិករថាអាចជួយឱ្យកាត់បន្ថយចំណាយ

Share

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានអំពាវនាវដល់កសិករប្រើម៉ាស៊ីនព្រួសស្រូវជាជួរ ដេលអាចជួយឱ្យ ចំណេញកម្លាំង និងចំណេញគ្រាប់ពូជស្រូវ តែកសិករថា អាចជួយឱ្យកាត់បន្ថយចំណាយលើការប្រើថ្នាំ និងផ្ដល់ផលល្អប្រសើរផងដែរ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានអំពាវនាវឱ្យប្រជាកសិករប្រើប្រាស់ម៉ាស៊ីន ព្រួសស្រូវជាជួរ នៅលើផ្ទៃដីស្រែមឲរបស់ខ្លួន ដោយមន្ទីរបានបញ្ជាក់ថា ការប្រើម៉ាស៊ីនព្រួសស្រូវជាជួរគឺជួយឱ្យចំណេញកម្លាំង និងចំណេញគ្រាប់ពូជស្រូវ។

 

ថ្លែងនៅក្នុងកម្មវិធី ទិវាស្រែបង្ហាញដាំស្រូវព្រួស នៅក្នុងសហគមន៍សាមគ្គីមានជ័យ នៃស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក អ៊ឹម ប៊ុនថាន ប្រធានការិយាល័យក្សេត្រសាស្ដ្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំបានឱ្យដឹងថាបន្ថែមថា ការដាំស្រូវដោយប្រើម៉ាស៊ីនព្រួសស្រូវជាជួរគឺ ចំណាយគ្រាប់ពូជតិច ស្រូវដុះលូតលាស់ល្អ ដោយសារមានចន្លោះជួរដែលអាចអោយពន្លឺនិងខ្យល់ចេញចូលបានគ្រប់គ្រាន់ ជាពិសេសអាចបង្កើនចំណេះដឹងដល់កសិករ ចេះតម្លើងម៉ាស៊ីន សម្រាប់ធ្វើការព្រួសគ្រាប់ស្រូវជាជួរផងដែរ។

លោកបន្ដថា ក្រៅពីអាចជួយសម្រាលកម្លាំងដៃរបស់ប្រជាកសិករ និងដុះលុតលាស់បានល្អ ការដាំស្រូវជាជួរក៏អាចងាយស្រួលក្នុងការថែទាំ និងកំចាត់សត្វល្អិតចង្រៃ និងស្មៅ ចំណែកទិន្នផលប្រហាក់ប្រហែលនឹងអាចខ្ពស់ជាងការប្រើប្រាស់ពូជច្រើន ជាពិសេគ្រាប់ស្រូវពេញល្អ។

គួរជម្រាបថា មន្ទីរកសិកម្មខេត្តកំពង់ធំ បានសហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ធ្វើស្រែបង្ហាញព្រួសស្រូវជាជួរ ដែលប្រើឧបករណ៍បង្ហាញសម្រាប់ស្រូវប្រដេញទឹក និងស្រូវប្រាំងដោយប្រើពូជស្រូវនាងក្រអូប និងពូជស្រូវអ៊ីអឹម «៥៤៥១» ក្នុងស្រុកចំនួនបួនមានស្រុកតាំងគោក ស្រុកសន្ទុក ស្រុកស្ទោង និងស្រុកសណ្ដាន់។

ប្រជាកសិករម្នាក់ ឈ្មោះលោក អ៊ុំ អឿ រស់នៅភូមិត្របែក ក្នុងសហគមន៍សាមគ្គីមានជ័យ បានប្រើឧបករណ៍ដាំស្រូវព្រួសជាជួរ ប្រាប់ដល់វិទ្យស្ដ្រីថា លោកទើបតែចាប់អនុវត្តធ្វើស្រែ ដោយប្រើម៉ាស៊ីន ព្រួសជាជួរនៅឆ្នាំនេះតែប៉ុណ្ណោះ តែលោកថា មិនទាន់ដឹងទិន្នផលជាក់លាក់នៅឡើយទេព្រោះមិនទាន់ទទួលផល។ តែយ៉ាងណាលោកថា ក្រោយពីមន្ទីរកសិកម្ម និងអង្គការចុះមកពីនិត្យ បានវាតម្លៃថាស្រូវរបស់លោកអាចទទួលផល២គីឡូក្រាម ក្នុងផ្ទៃដី២ការ៉េ។

លោកបានបន្ដថា ការដាំស្រូវដោយប្រើម៉ាស៊ីន គឺជួយលោកកាត់បន្ថយលើការចំណាយលើពូជ និងជី។ ដោយលោកជាសមាជិកក្នុងសហគមន៍ ពេលលោកត្រូវការម៉ាស៊ីន លោកប្រាប់ដល់សហគមន៍ដើម្បីយកមកប្រើប្រាស់។

កសិកររូបនះ ក៏បានណែនាំដល់ប្រជាកសិករដទៃទៀត ឱ្យធ្វើតាមលំនាំនៃការដាំស្រូវព្រួសជាជួរ ព្រោះវាល្អប្រសើរជាង និងជួយដល់បរិស្ថាន ដោយកាត់បន្ថយការប្រើជីគីមី ថ្នាំពុល និងពូជក្នុងការសាបព្រួស៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង