ភ្នំពេញ៖ សហមេធាវីលោក កឹម សុខា បានបង្ហាញជំនឿចិត្តបន្ទាប់ពីបានបង្ហាញភស្តុតាងដោះបន្ទុកនៅក្នុងអង្គសវនាការនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ មានជំនឿចិត្ត ក៏ព្រោះភស្តុតាងទាំងអស់សុទ្ធតែបង្ហាញពីភាពស្អាតស្អំរបស់លោក កឹម សុខា ដោយគ្មានពាក់ព័ន្ធអំពើក្បត់ជាតិដូចការចោទប្រកាន់នោះទេ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបន្តសវនាការលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិក្នុងសំណុំរឿងសន្និដ្ឋិភាព ឬបទរួមគំនិតក្បត់ជាមួយបរទេសដែលជាសប្តាហ៍ទី ៤ បន្ទាប់ពីសប្តាហ៍មុនត្រូវបានលើកពេលមួយសប្តាហ៍។
ដូចសវនាការសប្តាហ៍មុនៗដែរ ទិដ្ឋភាពនៅមុខតុលាការរាជធានីភ្នំពេញកាលពីព្រឹកមិញ គេសង្កេតឃើញថា មានការចូលរួមឃ្លាំមើលពីអ្នកគាំទ្រអតីតគណបក្សសង្គ្រោះ មន្រ្តីនិងសកម្មជនសិទ្ធិមនុស្ស ព្រមជាមួយវត្តមានកងកម្លាំងសមត្ថកិច្ចប៉ូលីលសជាច្រើននាក់ផងដែរ។
លោក ផេង ហេង មេធាវីមួយរូបក្នុងចំណោមសហមេធាវីរបស់លោក កឹម សុខា បានថ្លែងក្រោយចេញពីសវនាការថា ព្រឹកនេះ ក្រុមមេធាវីបានបន្តចាក់បញ្ចាំងពិនិត្យមើលភស្តុតាងវីដេអូចំនួន ៩ ឃ្លីបដែលលោក កឹម សុខា បានថ្លែងនៅក្នុងកម្មវិធីផ្សេងៗគ្នា តួយ៉ាងដូចការថ្លែងក្នុងអង្គសមាជតែងតាំងលោកកាលពីឆ្នាំ ២០១៧ និងការថ្លែងពីគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិជាដើម។ លោកបន្តថា ភស្តុតាងវីដេអូដែលបានចាក់បង្ហាញពីលេខរៀងទី ៧ ដល់ទី១៥ នៅព្រឹកនេះ ជាភស្តុតាងដោះបន្ទុកដែលអាចបញ្ជាក់បានពីភាពស្អាតស្អំរបស់លោក កឹម សុខា គ្មានពាក់ព័ន្ធអំពើក្បត់ជាតិដូចការចោទប្រកាន់នោះទេ។
នៅក្នុងបន្ទប់សវនាការកាលពីព្រឹកមិញនេះដែរលោក កឹម សុខា បានបញ្ជាក់បន្ថែមលើចំណុចមួយចំនួនដែលក្រុមមេធាវីបកស្រាយពុំទាន់គ្រប់ជ្រុងជ្រោយ។ ក្នុងនោះលោក កឹម សុខា បានលើកឡើងដោយពន្យល់លើការថ្លែងរបស់លោកក្នុងឃ្លីបវីដេអូមួយ ដែលលោកចង់ឱ្យយុវជនបន្តវេនត្រូវប្រកាន់គោលការណ៍អហិង្សា ស្គាល់ពីតម្លៃនៃប្រជាធិបតេយ្យដើម្បីឆ្ពោតទៅរកការបោះឆ្នោតមួយប្រកបដោយភាពសេរីត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកមេធាវី ផេង ហេង។
សម្រាប់មេធាវីលោក កឹម សុខា មួយរូបទៀតគឺលោក ចាន់ ចេន មានជំនឿថា តាមរយៈភស្តុតាងទាំងនេះលោក កឹម សុខា ជាកូនក្តីនឹងអាចរួចផុតពីការចោទប្រកាន់ ព្រោះការថ្លែងរបស់លោក កឹម សុខា សុទ្ធតែជាការអប់រំដល់សមាជិកអ្នកគាំទ្រ គឺគ្មានការប្រើភាសាញុះញង់ អុចអាល នាំពលរដ្ឋឱ្យបំបះបំបោលប្រឆាំងរដ្ឋាភិបាលនោះទេ។
លោក ចាន់ ចេន៖«ឆ្លងតាមដែលយើងពិនិត្យលើភស្តុតាងដែលសហមេធាវីដាក់ទៅកាន់តុលាការនិងលោក កឹម សុខា ថ្លែងក្នុងសវនាការផ្ទាល់គឺសរបញ្ជាក់ថា ឯកឧត្តម កឹម សុខា គឺអត់មានបានព្រឹត្តិអីខុសដូចការចោទប្រកាន់នោះទេ គឺគាត់បានធ្វើត្រឹមត្រូវស្របតាមច្បាប់រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។ហើយពិសេសឯកឧត្តម កឹម សុខា បានថ្លែងនៅទីសាធារណៈក្តី តាមបណ្តាលខេត្តក្តី ឬការចូលរួមរបស់លោក កឹម សុខា ការចូលរួមពេលធ្វើបាតុកម្មរបស់ពលរដ្ឋក្តី និងការថ្លែងនៅអង្គសមាជនៅស្នាក់ការគណបក្សសង្គ្រោះជាតិ គឺគាត់សង្កាត់ធ្ងន់ថា ដំណើររបស់គណបក្សសង្គ្រោះជាតិ អត់យកខ្មែរណាជាសត្រូវទេ អត់គំកួន អត់សងសឹង រឿងសំខាន់គឺទៅបោះឆ្នោត»។
ទាក់ទងរឿងនេះវិទ្យុស្រ្តីពុំទាន់អាចសុំការយល់ឃើញពីមេធាវីដើមបណ្តឹងរដ្ឋប្បវេណីលោក គី តិច បានទេថ្ងៃនេះដោយលោកមិនទទួលទូរស័ព្ទ។ ចំណែកអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញវិញ ក៏មិនទាន់អាចអត្ថាធិប្បាយយ៉ាងណាដែរ ព្រោះនីតិវិធីពិនិត្យភស្តុតាងដែលបានដាក់ដោយមេធាវីការពារជនជាប់ចោទមិនទាន់បានបញ្ចប់នៅឡើយ។ នេះបើតាមលោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ប្រាប់វិទ្យុស្ត្រីតាមប្រព័ន្ធតេឡេក្រាម។
សំណុំរឿងសន្និទិដ្ឋិភាពឬបទក្បត់ជាតិរបស់លោក កឹម សុខា នេះត្រូវបានក្រុមមេធាវីរបស់លោកដាក់ភស្តុតាងជាច្រើនដើម្បីដោះបន្ទុក។ក្នុងនោះមានភស្តុតាងជាវីដេអូចំនួន១៧ និងភស្តុតាងជាឯកសារមួយចំនួនទៀត។ បើតាមគ្មានអ្វីប្រែប្រួលនោះទេ គឺនៅសប្តាហ៍ក្រោយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងសហមេធាវីលោក កឹម សុខា នឹងបន្តចាក់បញ្ចាំងភស្តុតាងជាវីដេអូចំនួនពីរដែលនៅសល់ ព្រមជាមួយដាក់បង្ហាញភស្តុតាងជាឯកសារផងដែរ។
ជុំវិញរឿងនេះដែរលោក ហ៊ុន កុសល មនុស្សសិ្នតជាមួយលោក កឹម សុខា ប្រាប់វិទ្យុស្រ្តីដោយមានសុទិដ្ឋិនិយមថា ជំនួបរវាងលោក កឹម សុខា ជាមួយមន្រ្តីអង្គទូតនានា និងជំនួបប្រមុខរដ្ឋាភិបាលកម្ពុជានិងមេដឹកនាំសហរដ្ឋអាមេរិកនាពេលខាងមុខ អាចជាពន្លឺនាំឱ្យមានដំណោះស្រាយនយោបាយដែលជាប់គាំងជាច្រើនឆ្នាំ។ បើតាមលោក ហ៊ុន កុសល បណ្តាអង្គទូតទាំងនោះ ចាត់ទុកសេរីភាពរបស់លោក កឹម សុខា គឺជាការបង្ហាញពីលំហូរប្រជាធិបតេយ្យ ដូច្នេះបើសិនលោក កឹម សុខា មិនមានសិទ្ធិចូលរួមការបោះឆ្នោតបានទេ គឺសរបញ្ជាក់ឱ្យឃើញថា ការបោះឆ្នោតនាពេលខាងមុខមិនឈរលើគោលការណ៍សេរី សុក្រឹត ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។
លោក ហ៊ុន កុសល៖«បណ្តាលអគ្គរដ្ឋទូត ឬរាជទូតដែលបានមកជួបលោក កឹម សុខា ជាការមកផ្តល់ជាមតិឬការដាស់តឿអីនោះមិនមែនទេ គឺគេមកដើម្បីសួរពីដំណើរការកាត់ក្តីនិងលើកទឹកចិត្ត ព្រោះដូចសហរដ្ឋអាមេរិកជាដើមគេចាត់ទុកលោក កឹម សុខា ថាជាបុគ្គលស្អាតស្អំ។ ហើយលោក កឹម សុខា មិនមែនជាបុគ្គលក្បត់ជាតិ ព្រោះមកដល់ថ្ងៃនេះតុលាការមិនទាន់រកឃើញភស្តុតាងឬមានសាក្សីណាមួយថាលោក កឹម សុខា ក្បត់ជាតិនេះយើងឃើញទាំងអស់គ្នា។ចឹងរឿងក្តីរបស់លោក កឹម សុខា នេះជារឿងនយោបាយសុទ្ធសាទនៅពេលមានទំនាស់នយោបាយតែងមានការចូលដោះស្រាយពីភាគីអន្តរជាតិរហូតមក»។
សូមរំលឹកថា សំណុំរឿងលោក កឹម សុខា ត្រូវបានតុលាការផ្អាកទុកជិតពីឆ្នាំបន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ១៩។ បច្ចុប្បន្នសហមេធាវីខាងលោក កឹម សុខា និងមេធាវីរដ្ឋាភិបាល ជាមួយតំណាងអយ្យការ កំពុងតតាំងក្តីគ្នាដោយផ្អែកលើភស្តុតាងវីដេអូរបស់ពួកគេរៀងៗខ្លួន ជុំវិញការថ្លែងរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលីនិងការថ្លែងនៅលើផ្លូវវេងស្រេង និងនៅស្ពាននាគជាដើម។
សូមរំលឹកថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកម្រោល នៅរំលងអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧។ លោកត្រូវតុលាការចោទពីបទសន្និដ្ឋិភាពជាមួយបរទេសឬទោសក្បត់ជាតិដែលត្រូវរ៉ូវគ្នាជា មួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល តាមរយៈវីដេអូដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលីក្នុងជំនួបជាមួយអ្នកគាំទ្រ។
បន្ទាប់មក លោក កឹម សុខា ត្រូវបានឃុំខ្លួននៅគុកត្រពាំងផ្លុងជាប់ព្រំដែនវៀតណាមជាងមួយឆ្នាំ។ ហើយក្រោយមក លោកត្រូវបានឃុំខ្លួននៅក្នុងផ្ទះជាងមួយឆ្នាំទៀត ដោយតុលាការហាមលោកមិនឪ្យធ្វើសកម្មភាពនយោបាយ និងទៅក្រៅប្រទេសនោះទេ៕