en     km
en     km

លោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ចូលរួមពិធីបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ

Share

នៅថ្ងៃទី១៦ ខែ កុម្ភៈនេះ ជាថ្ងៃមាឃបូជា លោកជំទាវ ម៉ែន សំអន បានចូលរួមប្រារព្ធពិធីបុណ្យសាសនាដ៏មានអត្ថន័យនេះ នៅភ្នំព្រះរាជទ្រព្យ ដើម្បីរម្លឹកដល់ថ្ងៃនៃការបង្កើតព្រះពុទ្ទសាសនាឡើងមក។

ថ្ងៃ១៥ កើត ខែមាឃ គឺជាថ្ងៃដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា គឺបុណ្យមាឃបូជា ។ នៅក្នុងឆ្នាំនេះ ថ្ងៃ១៥ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះតែម្ដង តាមវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់ មានផ្កាភ្ញី ទៀន ធូប និងលឺសំឡេងព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យសាសនាមួយនេះ ។

ពុទ្ធសាសនិកប្រាកដជាដឹងថា ពីធីបុណ្យព្រះពុទ្ធសាសនានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

បើតាមអត្ថបទដែលរៀបរៀងដោយលោកធម្មបណ្ឌិត ហេង មណីចិន្ដា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ពីធីបុណ្យមាឃបូជា ធ្វើឡើងមានអត្ថប្រយោជន៍ ៥យ៉ាង គឺ

ទី១៖ ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។

ទី២៖ យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។

ទី៣៖ បណ្តុះសទ្ធាជ្រះថ្លាកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។

ទី៤៖ បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។

ទី៥៖ បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឲ្យស្ថិតស្ថេរចេរកាលយូរអង្វែង។

នៅថ្ងៃនេះផងដែរ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ទំនងរដ្ឋសភា និងព្រឹទ្ធសភា បានចូលរួមក្នុងពិធីបុណ្យមាឃបូជា នៅឯភ្នំព្រះរាជទ្រព្យ ខេត្តកណ្ដាល ដោយមានការចូលរួមពី ព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ បួរ គ្រី ថ្នាក់ដឹកនាំរដ្ឋាភិបាល  រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យមាឃបូជា បានធ្វើឡើងនៅ ក្នុងបរិវេណព្រះមហាសក្យមុនីចេតីយ៍ នៅភ្នំព្រះរាជទ្រព្យ។

  ​

នៅក្នុងហ្វេសប៊ុក របស់លោកជំទាវបានបញ្ជាក់ពីធីសាសនានេះបន្ថែមថា  ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការ សាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោមព្រះសង្ឃចំនួន ១.២៥០អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាត មួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធទ្រង់ បានប្រកាសនៅគោលការណ៍ចំនួន ១១ប្រការ មាន ឈ្មោះ ជាភាសាបាលីថា “ឱវាទ បាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សាឲ្យយល់ដឹង និង អនុវត្ត៕

Share

Image
Image
Image