ដោយមិនអាចជួយសង្គ្រោះជិវិតសត្វផ្សោតមួយក្បាលចុងក្រោយនៃ អន្លង់ឈើទាល បានធ្វើឱ្យសត្វដ៏ពិសិដ្ឋមួយនេះបានបាត់បង់ជីវិតកាលពីថ្ងៃទី១២ ខែកុម្ភៈ តែយ៉ាងណាដើម្បីជាការចង់ចាំ រដ្ឋបាលជលផល និងអង្គការដៃគូ បានត្រឹមសង់រូបសំណាក់មួយប៉ុណ្ណោះទុកជាកេរដំណែលនៅតំបន់នេះ។
សត្វផ្សោតឈ្មោលមួយក្បាលចុងក្រោយនៃអន្លង់ឈើទាល ខេត្តស្ទឹងត្រែង បានបាត់បង់ជិវិតហើយ ក្រោយពីមានស្នាមរបួស នៅនិងកន្ទុយដោយសារជាប់មងរសាត់មិនមានកម្លាំងអាចចាប់ចំណីបាន។ នេះបើតាមលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានកម្ពុជា(AKP)។
លោកបានឱ្យដឹងថា ក្រោយពីធ្វើការពិនិត្យសាសពសត្វផ្សោត វាប្រហែលជាអាចស្លាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ ហើយទើបហើមផុសចេញមកលើផ្ទៃទឹក។ តំបន់មួយនេះ នឹងលែងមានថនិកសត្វប្រភេទនេះទៀតហើយ តែនឹងនៅមានរូបសំណាកជំនួសវិញ ដើម្បីបញ្ជាក់ថាជាកន្លែងដែលធ្លាប់មានសត្វផ្សោតរស់នៅ។ បើតាមការបញ្ជាក់របស់លោកប្រធាននាយកដ្ឋានជលផលដដែល រដ្ឋបាលជលផល និងសហការជាមួយអង្គការ WWF ដើម្បីកសាងរូបសំណាកសត្វផ្សោតនៅលើច្រាំងទន្លេនៃអន្លង់កោះឈើទាល។
ផ្អែកតាមប្រភពខាងលើ លោក ស្រី សមវិចិត្រ នាយខណ្ឌស្ដីទីនៃរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានឱ្យដឹងថា គេប្រទេះឃើញសពផ្សោតអណ្ដែតលើផ្ទៃទឹក នៅថ្ងៃទី១៥ ខែកុម្ភៈ នៅចំណុចថ្មបាំងក្បាលភូមិកោះល្ង ឃុំព្រះរកិល ស្រុកបុរីអូរស្វាយសែនជ័យ។ មន្ដ្រីទទួលបន្ទុកការងារអភិរក្សសត្វផ្សោត បានស្រង់មកលើគោក ឃើញថាសត្វផ្សោតនេះ មានទម្ងន់១១០ គីឡូក្រាម ប្រវែង ២,៣៤សង់ទីម៉ែត្រ។ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ឆ្មាំទន្លេអភិរក្សសត្វផ្សោត បានព្យាយាមជួយសង្គ្រោះសត្វផ្សោតមួយក្បាលនេះ ដោយកន្ទុយជាប់មងហែក តែជួយមិនបានសម្រេច ធ្វើឱ្យសត្វផ្សោតមួយក្បាលនេះ ពិបាកផ្លាស់ទី មិនអាចរកចំណី។
តាមការពិនិត្យ ពីរដ្ឋបាលជលផល និងបុគ្គិលកអង្គការ WWF បញ្ចាក់ដឹងឱ្យច្បាស់ថា សត្ចផ្សោតនេះមានអាយុប្រហែល២០ឆ្នាំ។
បើតាមនាយកដ្ឋាន អភិរក្សជលផល នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានបន្ថែមថា សត្វផ្សោតនេះ បានទទួលរងនូវសម្ពាធដ៏ធ្ងន់ធ្ងរបំផុត ទាំងសម្ពាធពីសកម្មភាពមនុស្សនៅតាមតំបន់ព្រំដែន ការប្រែប្រួលរបបទឹក និងការប្រែប្រួលអាកាសធាតុ ធ្វើឱ្យចំនួនផ្សោតបានថយចុះជាបន្តបន្ទាប់ ។ តែយ៉ាងណា នាយកកដ្ឋានប្ដេជ្ញាបន្តយកចិត្តទុកដាក់ការពារផ្សោតនៅតាមអន្លង់ក្នុងខេត្តក្រចេះ និងស្ទឹងត្រែងផ្សេងៗទៀត ឱ្យបានគង់វង្ស ជានិរន្ត។
សូមជម្រាបថា ទោះបីសត្វមួយក្បាលនេះ ជាសត្វផ្សោតចុងក្រោយនៃអន្លង់ឈើទាល តែវាជាប្រភពចំណូលមួយសម្រាប់ប្រជាសហគមន៍តំបន់នោះ ដែលអាចដល់ប្រជាពលរដ្ឋប្រកបរបរទេសចរណ៍តាមរយៈការនាំភ្ញៀវជិះទូកមើលសត្វផ្សោតដ៏ឯកោមួយនេះ។ ការបាត់បង់សត្វដ៏ពិសិដ្ឋនៃតំបន់អន្លងឈើទាល ជាបញ្ហាបាត់ចំណូលដល់ប្រជាពលរដ្ឋសហគមន៍ផងដែរ៕