en     km
en     km

ស្រុកអង្គរជុំខេត្តសៀមរាបបញ្ឈប់បានការបន្ទោរបង់ពាសវាលខណៈស្រុកបន្ទាយស្រីគ្រោងបញ្ឃប់៦ខែទៀត

Share

ស្រុកដំបូងគេនៃខេត្តសៀមរាប គឺស្រុកអង្ករជុំ បានសម្រេចជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ក្រោយពីប្រជាជនមានបង្គន់អនាម័យប្រើប្រាស់ ខណៈស្រុកបន្ទាយស្រីក៏ត្រៀមបញ្ឃប់ការបន្ទោរបង់ពាសវាលពាសកាលដូចគ្នា ក្នុងរយៈពេល៦ ខែទៀត។

រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ស្រុកអង្គរជុំក្លាយជាស្រុកដំបូងបំផុតនៅក្នុងខេត្តសៀមរាបដែលសម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ខណៈស្រុកបន្ទាយស្រី ដែលជាស្រុកគោលដៅទេសចរណ៍មួយដែរនៃខេត្តសៀមរាបថា រយៈពេល៦ខែទៀត ស្រុកនេះ និងសម្រេចបានការឈប់បន្ទោរបងពាសវាលពាសកាលដូចគ្នា។

លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានបញ្ជាក់នៅក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកអង្គរជុំជាស្រុកដំបូងបំផុតក្នុងខេត្តសៀមរាប ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលថា ស្រុកអង្គរជុំគឺជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង ១២ នៃខេត្តសៀមរាប មានឃុំចំនួន ៧ឃុំ មាន ៨៦ភូមិ និងមានប្រជាជនរស់នៅចំនួនជាង ១ម៉ឺន៥ពាន់៧០០ ខ្នងផ្ទះ ។ បន្ទាប់ពីការជម្រុញនិងផ្សព្វផ្សាយ រួមជាមួយកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ និង អ្នកពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលបួនឆ្នាំ ប្រជាជនទាំងអស់នៅក្នុងស្រុកមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា ។ នេះបើយោងទៅតាមរដ្ឋបាលខេត្តសៀមរាប។

អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបលោក ង៉ាន់ ភិរុណ បានអះអាងថា ស្រុកអង្គរជុំ ត្រូវបានកំណត់ជាស្រុកគោលដៅមួយ ដែលមិនមានការបន្ទោរបង់ពាសវាលពាសកាលពេញលេញ កាលពីដំណាច់ខែវិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពីស្រុកមួយនេះ មានពលរដ្ឋ បានប្រើប្រាស់បង្គន់អនាម័យភាគច្រើន។ លោកបញ្ជាក់ថា ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយដែលមិនអាចខ្វះបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព រស់នៅរបស់ប្រជាជនស្របទៅតាម គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកបានបន្តថា ស្របគ្នានេះ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជម្រុញការអភិវឌ្ឍនានា នៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជន ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយសំខាន់ដែលរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ ។

ទន្ទឹមស្រុកអង្គរជុំក្លាយជាស្រុកដំបូងគេនៃខេត្តសៀមរាប មិនមានការបន្ទោរបង់ពាលវាលពាសកាល លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងតាមរយៈហ្វេសប៊ុកលោកថា ប្រសិនបើអ្វីៗពិតជាអាចសម្រេចបានដូចផែនការគ្រោងទុកមែន ៦ខែទៀត ស្រុកបន្ទាយស្រីនឹងលែងមានអ្នកបន្ទោរបង់ពាសវាលពាសកាលទៀតហើយ។

លោកអភិបាលស្រុកនេះ បានលម្អិតថា បង្គន់ចំនួនជាង៣០០០ទៀតនឹងត្រូវតែកើតមានឡើងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋដែលមិនទាន់មានបង្គន់នៅឡើយនៅក្នុងឆ្នាំ២០២២នេះ ដើម្បីធ្វើឱ្យអត្រាមានបង្គន់អនាម័យប្រើប្រាស់នៅក្នុងស្រុកបន្ទាយស្រីកើនឡើងពីក្រោម ៧០% ទៅដល់ ១០០% ក្នុងរយៈពេលដ៏ខ្លីនេះបាន។ លោកបញ្ជាក់ថា នេះជាគោលដៅប្រកបដោយមហិច្ឆតា គឺជាការប្តេជ្ញាចិត្តរបស់លោកមេឃុំទាំង៦ និងភូមិទាំង៣៦នៅក្នុងស្រុកបន្ទាយស្រីទាំងមូល នៅក្នុងសិក្ខាសាលាពន្លឿនស្ថានភាពបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។

បើតាមរដ្ឋបាលខេត្តសៀមរាប គម្រោងបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលមានការគំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ មានអង្គការភ្លែនអន្តរជាតិ អង្គការយូរីដូ អាជ្ញាធរមូលដ្ឋាន ជាពិសេស ការចូលរួមទូលំទូលាយពីសំណាកប្រជាពលរដ្ឋ។

សូមជម្រាបថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ការបន្ទោរបង់ពាសវាលពាសកាលត្រូវបានបញ្ចប់ និងប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានអនាម័យ ប្រកបដោយនិរន្តរភាព៕

 

Share

ព័ត៌មានទាក់ទង

Image