en     km
en     km

ពលរដ្ឋព្រលានយន្តហោះថ្មីប្រមូលស្នាមមេដៃគ្រោងដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងប្រមូលស្នាមមេដៃគ្រោងឡើងមកភ្នំពេញដាក់ញត្តិតាមស្ថាប័នមួយចំនួន ដើម្បីស្វែងរកកិច្ចអន្តរាគមន៍។ ការគ្រោងដាក់ញត្តិសុំកិច្ចអន្តរាគមន៍នេះ ព្រោះតែខាងភាគីក្រុមហ៊ុននៅតែបន្តឈូសឆាយដីស្រែប្រជាពលរដ្ឋទាំងមិនទាន់ដោះស្រាយត្រូវរូវគ្នានៅឡើយ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ប្រជាពលរដ្ឋព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន OCIC កំពុងប្រមូលស្នាមមេដៃគ្រោងឡើងមកដាក់ញត្តិនៅស្ថាប័នទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា និងស្ថាប័នព្រះមហាក្សត្រ ដើម្បី ឱ្យស្ថាប័នកំពូលៗទាំងពីរនេះស្វែងរកកិច្ចអន្តរាគមន៍ជួយដោះស្រាយ។ នេះបើតាមការគូសបញ្ជាក់ពីលោក ទួន វណ្ណៈ តំណាងប្រជាពលរដ្ឋព្រលានយន្តហោះថ្មីប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៤ ខែកុម្ភៈនេះ។

លោកបន្តថា ប្រជាពលរដ្ឋគ្មានជម្រើសអ្វីក្រៅពីស្វះស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិធំៗជួយដោះស្រាយនោះទេ ព្រោះយន្តការដោះស្រាយនៅថ្នាក់ក្រោមសុទ្ធតែត្រូវបរាជ័យ។ លោកបន្តថា រយៈជាង ៥ ថ្ងៃមកនេះប្រជាពលរដ្ឋជាង ៥០ គ្រួសារបានផ្តិតមេដៃលើញត្តិ ហើយគ្រោងយកញត្តិនេះប្រគល់ជូនស្ថាប័នរដ្ឋសភានិងព្រឹទ្ធសភាជាថ្មី និងស្ថាប័នព្រះមហាក្សត្រ បន្ទាប់ពីបានកែតម្រូវញត្តិតាមបែបបទរដ្ឋបាលហើយនោះ។

សកម្មភាពគ្រឿងចក្រកំពុងឈូសឆាយដីស្រែប្រជាពលរដ្ឋ។រូបភាពផ្តល់ដោយប្រជាពលរដ្ឋព្រលានយន្តហោះថ្មី។

 

លោក ទួន វណ្ណៈ ប្រាប់បន្តថា ខ្លឹមសារនៃញត្តិគឺសុំឱ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយឱ្យបានឆាប់រហ័ស ខណៈក្រុមហ៊ុនកំពុងបន្តឈូសឆាយដីស្រែរបស់ពលរដ្ឋនិងអាចប៉ះពាល់ផ្ទះពលរដ្ឋនាប៉ុន្មានថ្ងៃខាងមុខនេះ។ មួយទៀតក្នុងញត្តិពលរដ្ឋស្នើសុំឱ្យដោះស្រាយសំណងដីស្រែចន្លោះពី ៨០ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីផ្ទះឬដីលំនៅដ្ឋានវិញពលរដ្ឋស្នើតម្លៃចន្លោះពី ៣០០ ដល់ ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក ទួន វណ្ណៈ៖«បើនិយាយការសង្ឃឹមទុកចំពោះពួកខ្ញុំ ខ្ញុំអត់សង្ឃឹមទេ ព្រោះថា យើងបានសុំគ្រប់ស្ថាប័នហើយ តែថាការធ្វើនេះគឺកុំឱ្យថាពួកយើងនៅស្ងៀម»។

ជុំវិញការគ្រោងដាក់ញត្តិនេះ វិទ្យុស្រ្តីពុំទាន់អាចសុំការឆ្លើយតបពីក្រុមហ៊ុន OCIC ដែលទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះថ្មីបានទេនៅថ្ងៃនេះ។ តែលោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យសាលាខេត្តកណ្តាលដែលជាគណៈកម្មការដោះស្រាយទំនាស់នេះឱ្យដឹងថា ការដាក់ញត្តិនេះជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការស្វែងរកកិច្ចអន្តរាគមន៍។លោកបន្តថា ជំហរនៃការដោះស្រាយរបស់អាជ្ញាធរខេត្តគឺនៅរក្សាគោលការណ៍តម្លៃដែលចេញពីក្រសួងពាក់ព័ន្ធដដែលគឺតម្លៃ ៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោកបន្ថែមថា តម្លៃនេះមានប្រជាពលរដ្ឋមួយចំនួនធំបានទទួលយកហើយ នៅឡើយតែប្រជាពលរដ្ឋមួយចំនួនតូចតែប៉ុណ្ណោះដែលមិនព្រមទទួលយក។ លោកស្នើដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទទួលយកគោលការណ៍ដោះស្រាយសំណង ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។

លោក គ្រុយ ម៉ាឡែន៖«ក្នុងនាមអភិបាលខេត្តសំណុំពរឱ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរក៏ដូចជាគណៈកម្មការថ្នាក់ជាតិ ក្នុងការពិនិត្យទៅលើលទ្ធភាពកំណត់កន្លងមក ព្រោះប្រជាជនច្រើនណាស់ទទួលយកហើយ យើងមិនអាចសើរើតាមចិត្តចង់បានរបស់ប្រជាពលរដ្ឋមួយចំនួននោះទេ។ ដូច្នេះអាជ្ញាធរលើកទឹកចិត្តសម្របសម្រួលទៅកាន់ប្រជាពលរដ្ឋដើម្បីទទួលបានសំណង ព្រោះការងារនេះគ្មាននរណាមួយដែលរងផលប៉ះពាល់ហើយមិនទទួលបានសំណងនោះទេ តែការទាមទាររបស់ពួកគាត់យើងមិនអាចយើងប្រគល់តាមអ្វីដែលគាត់ចង់បានមិនគិតដល់គោលកន្លងមកនោះទេ»។

 

ទាក់ទងរឿងនេះ លោក វណ្ណ សូផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)យល់ថា ការគ្រោងដាក់ញត្តិជាថ្មីនេះ ជាសារថ្មីមួយទៀតប្រកាសឱ្យស្ថាប័នរដ្ឋធំៗបានដឹងនិងជួយលូកដៃអន្តរាគមន៍ បន្ទាប់ពីជម្លោះនេះត្រូវបានជាប់គាំងជាច្រើនឆ្នាំនិងមានការប៉ះទង្គិចគ្នាជារឿយៗរវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋ។ លោកបន្តថា តម្លៃដីដែលកំណត់ដោយក្រសួង អាជ្ញាធរ និងក្រុមហ៊ុននេះមិនអាចឆ្លើយតបនឹងតម្លៃលើទីផ្សារជាក់ស្តែងនោះទេ ហើយការដោះស្រាយវិវាទកន្លងមកក៏បានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់ពលរដ្ឋផងដែរ។

លោក វណ្ណ សូផាត៖«រដ្ឋាភិបាលគួរយកចិត្តទុកដាក់នៅការទាមទារឱ្យមានដំណោះស្រាយរបស់ប្រជាពលរដ្ឋហើយមានការចរចារកដំណោះស្រាយសមរម្យទោះបីជាសំណង ឬដីដោះដូរក៏ដោយ ក៏សុំឱ្យប្រជាពលរដ្ឋអាចទទួលយកបានដើម្បីឱ្យគាត់បន្តជីវភាពរស់នៅសមរម្យរបស់ពួកគាត់ទៀត។»។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន OCIC របស់ឧញ៉ា ពុង ឃាវសែ នៅតែបន្តប្រើគ្រឿងចក្រឈូសឆាយដីស្រែប្រជាពលរដ្ឋក្នុងគម្រោងសាងសង់ព្រលានយន្តហោះថ្មីដដែល បើទោះបីជាពុំទាន់ដោះស្រាយតម្លៃត្រូវរូវគ្នាជាមួយពលរដ្ឋយ៉ាងណាក្តី។ ជម្លោះនេះបានអូសបន្លាយជាច្រើនឆ្នាំរហូតមានការប៉ះទង្គិចគ្នាដោយហិង្សាថែមទាំងមានការចាប់ខ្លួនពលរដ្ឋផងដែរ។ ប្រជាពលរដ្ឋធ្លាប់បានប្រមូលស្នាមមេដៃគ្រោងដាក់ពាក្យបណ្តឹងទៅតុលាការផងដែរ តែគម្រោងនេះត្រូវបានរំសាយវិញបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សាកើតឡើង។ ប្រជាពលរដ្ឋអះអាងថា ដីរបស់ពួកគេសុទ្ធមានប្លង់ត្រឹមត្រូវដូច្នេះការដោះស្រាយសំណងត្រូវឈរលើគោលការណ៍តម្លៃទីផ្សារជាក់ស្តែង។ ប្រជាពលរដ្ឋលើកឡើងថា តម្លៃដីនៅតំបន់ព្រលានយន្តហោះថ្មីបានហាក់ឡើងជាង ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េទៅហើយ ខណៈតម្លៃពីក្រុមហ៊ុនតែ ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

Share

ព័ត៌មានទាក់ទង

Image