en     km
en     km

រដ្ឋមន្ត្រីក្រុមចតុភាគីប្រជុំអំពី«ការបង្ខិតបង្ខំ»នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

Share

សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ បានប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាថាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពុំមាន«ការបង្ខិតបង្ខំ»។

លោក ឯម មាឃ ជូនសេចក្ដីរាយករណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា នៅថ្ងៃសុក្រនេះ បានប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាថាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពុំមាន«ការបង្ខិតបង្ខំ»។ «ការបង្ខិតបង្ខំ»នៅទីនេះត្រូវបានក្រុមប្រទេសចតុភាគីនិយាយបែបបញ្ឆិតបញ្ឆៀងសំដៅដល់ការពង្រីកវិសាលភាពសេដ្ឋកិច្ចនិងយោធារបស់ចិនកាន់តែធំឡើងៗ។

ក្រៅពីការលើកឡើងខាងលើ រដ្ឋមន្ត្រីការបរទេសនៃប្រទេសនីមួយៗ ដែលជួបគ្នាប្រជុំនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ក៏បានអះអាងពីការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ជំងឺកូវីដ និងការគំរាមកំហែងផ្សេងៗទៀតដែរ។

ប្រមុខការទូតនៃក្រុមប្រទេសចតុភាគី បានសន្យាធ្វើការជាមួយគ្នា លើរឿងជំនួយមនុស្សធម៌ អំពើភេរវកម្ម សន្តិសុខតាមអ៊ីនធើណិតនិងតាមផ្លូវសមុទ្រ ព្រមទាំងលើបញ្ហាប្រឈមនៃប្រព័ន្ធផ្គត់ផ្គង់នៅលើពិភពលោកថែមទៀត។

អំឡុងកិច្ចប្រជុំនោះ វិបត្តិដែលកើនឡើងរវាងប្រទេសបស្ចិមលោកនិងប្រទេសរុស្ស៊ី ក្នុងរឿងអ៊ុយក្រែន ក៏ជារបៀបវារៈដ៏សំខាន់មួយដែរ ទោះបីជាវានៅក្រៅតំបន់របស់ក្រុមប្រទេសចតុភាគីក៏ដោយ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនថូនី ប្លីងឃិន បានចាត់ទុកការបង្កើនកម្លាំងរបស់រុស្ស៊ីថាជាឧបសគ្គចំពោះសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ ហើយលោកបានថ្លែងថា ក្រុមប្រទេសចតុភាគីនឹងធ្វើការរួមគ្នាដើម្បីការពារសណ្ដាប់ធ្នាប់ដែលមានស្រាប់នេះ។

លោក ប្លីងឃិន បានលើកឡើងនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំថា៖ «ការងារទាំងនោះរាប់បញ្ចូលទាំងការពង្រឹងសិទ្ធិរបស់ប្រទេសទាំងអស់ក្នុងការជ្រើសរើសមាគ៌ាផ្ទាល់ខ្លួនដោយមិនមានការបង្ខិតបង្ខំ និងសិទ្ធិទទួលបានការគោរពចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសទាំងនោះ ទោះបីជាវាស្ថិតនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅអឺរ៉ុប ឬនៅទីណាក្ដី ក្នុងពិភពលោកនេះ»។

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ចង់បង្ហាញពិភពលោកថា ការយកចិត្តទុកដាក់ជាយុទ្ធសាស្ត្ររយៈពេលវែងរបស់សហរដ្ឋអាមេរិកនៅតែផ្តោតលើតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយថាទោះបីមានវិបត្តិគោលនយោបាយការបរទេសធំនៅក្នុងតំបន់ណាមួយនៃពិភពលោកនេះក៏ដោយ ក៏វាមិនអាចបង្វែរចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកឱ្យងាកចេញពីអាទិភាពចម្បងៗដែរ។

ពេលអ្នកសារព័ត៌មានសួរថាតើការប្រឈមមុខទល់នឹងប្រទេសចិននៅឥណ្ឌូប៉ាស៊ីហ្វិកពិតជាមិនអាចបញ្ចៀសបានមែនឬ លោក ប្លីងឃិន បានឆ្លើយតបថា៖ «គ្មានអ្វីដែលមិនអាចបញ្ចៀសបាននោះទេ»។ លោកបាននិយាយថា៖ «បានជានិយាយដូច្នេះ គឺខ្ញុំគិតថា យើងចែករំលែកក្ដីបារម្ភដែលថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបាននិងកំពុងធ្វើសកម្មភាពកាន់តែរំលោភបំពាននៅក្នុងប្រទេស ហើយរឹតតែបំពានថែមទៀតនៅក្នុងតំបន់»។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ម៉ារីស ផេន បាននិយាយថា កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសចតុភាគីលើការឆ្លើយតបនៃតំបន់ចំពោះជំងឺកូវីដគឺ«សំខាន់បំផុត» រីឯសន្តិសុខតាមអ៊ីនធើណិតនិងសន្តិសុខតាមផ្លូវសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធ សកម្មភាពទាក់ទងនឹងអាកាសធាតុ ព្រមទាំងជំនួយសម្រាលគ្រោះមហន្តរាយ ជាពិសេសបន្ទាប់ពីការផ្ទុះភ្នំភ្លើងតុងហ្គានាពេលថ្មីៗនេះ ក៏ជាប្រធានបទដែលត្រូវយកចិត្តទុកដាក់ដែរ។

លោកស្រី ផេន ក៏បានឱ្យដឹងដែរថា បញ្ហាអ៊ុយក្រែន ចិន និងកូរ៉េខាងជើង ក៏នឹងត្រូវលើកយកមកពិភាក្សាដែរ។ លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានថ្លែងបញ្ជាក់មុនមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកថា៖ «របបផ្តាច់ការជាច្រើនកំពុងបង្ហាញខ្លួនឯងឱ្យគេមើលឃើញថាជាបញ្ហាប្រឈមនៅក្នុងបរិយាកាសពិភពលោកបច្ចុប្បន្ន។ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (គឺកូរ៉េខាងជើង) ចិនដែរ ក៏នឹងក្លាយជាផ្នែកមួយនៃការពិភាក្សារបស់យើងនៅថ្ងៃនេះ។ យើងគាំទ្រយ៉ាងខ្លាំងក្លាចំពោះការដឹកនាំរបស់សហរដ្ឋអាមេរិកលើបញ្ហាប្រឈមទាំងនេះ»។

ក្រុមប្រទេសចតុភាគីបានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្ហាញឱ្យឃើញអំពីប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំង៤នេះ ហើយសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់បានបើកនាវាល្បាតនៅក្នុងសមុទ្រចិនខាងត្បូងដើម្បីការពារសេរីភាពនាវាចរណ៍។

កន្លងទៅ ប្រទេសចិនបានបរិហារក្រុមប្រទេសចតុភាគីនេះថាជាការបង្កើតឱ្យមានសង្គ្រាមត្រជាក់ និងជាក្រុមមួយដែល«យកប្រទេសដទៃជាគោលដៅ»។

ដំណើររបស់លោក ប្លីងឃិន មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កើតឡើងបន្ទាប់ពីប្រទេសចិននិងប្រទេសរុស្ស៊ីបានប្រកាសកាលពីសប្តាហ៍មុនអំពីភាពជាដៃគូយុទ្ធសាស្ត្រ«គ្មានដែនកំណត់» ដែលជាសេចក្តីថ្លែងការណ៍លម្អិតនិងខ្លាំងក្លាបំផុតរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការជាមួយគ្នាក្នុងការកសាងសណ្តាប់ធ្នាប់អន្តរជាតិថ្មីមួយ ដោយផ្អែកលើការបកស្រាយរបស់ប្រទេសទាំងពីរនេះ ទាក់ទងនឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ការណ៍នេះគឺដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។

ក្រុមអ្នករិះគន់និយាយថា កង្វះការវិនិយោគផ្នែកសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក គឺជាចំណុចខ្សោយដ៏សំខាន់នៅក្នុងវិធីសាស្ត្ររបស់លោក ចូ បៃឌិន នៅក្នុងការបង្កើនឥទ្ធិពលលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទីដែលប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលសម្រាប់ប្រទេសជាច្រើនក្នុងតំបន់នេះ៕

យោង៖ https://www.reuters.com/world/asia-pacific/quad-ministers-convene-address-indo-pacific-coercion-climate-covid-2022-02-10/

Share

Image
Image
Image