en     km
en     km

ជប៉ុន ស.រ.អ និងកូរ៉េខាងត្បូង នឹងដោះស្រាយការគំរាមពីកូរ៉េខាងជើង

Share

ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានអះអាងជាថ្មីអំពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការគំរាមកំហែងរបស់កូរ៉េខាងជើងដែលទើបអួតថាខ្លួនជាប្រទេសតែមួយគត់ដែលមានលទ្ធភាព«អង្រួនពិភពលោក»ដោយការបាញ់កាំជ្រួចដល់ទឹកដីសហរដ្ឋអាមេរិក។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …

 

 

ក្រសួងការពារជាតិជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានអះអាងជាថ្មីអំពីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខសកល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូដែលបន្តថា ទន្ទឹមនឹងនេះ ប្រទេសទាំងបីនេះក៏យល់ព្រមធ្វើការជាមួយគ្នាដើម្បីទប់ទល់នឹងការគំរាមកំហែងដែលបង្កឡើងដោយកម្មវិធីអាវុធមហាប្រល័យនិងកម្មវិធីកាំជ្រួចរបស់កូរ៉េខាងជើងដែរ។

ក្យូដូរាយការណ៍ឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ណូប៊ុអូ គីស្ស៊ី និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ូ វូក បានធ្វើកិច្ចពិភាក្សាត្រីភាគីតាមទូរស័ព្ទ ស្ដីពីបញ្ហាសន្តិសុខ។ អំឡុងពេលនោះ បើតាមប្រភពដដែល ប្រមុខការពារជាតិនៃប្រទេសទាំងបីបានសង្កត់ធ្ងន់ថា ការបាញ់កាំជ្រួចផ្លោងអាចបញ្ជាបាន ដោយរដ្ឋាភិបាលកូរ៉េខាងជើងនាពេលថ្មីៗនេះ កំពុងធ្វើឱ្យសន្តិសុខក្នុងតំបន់បាត់លំនឹង។ អ្នកនយោបាយបាយទាំងនោះក៏បានគូសបញ្ជាក់ទៀតថា ទង្វើខាងលើរបស់កូរ៉េខាងជើងរំលោភយ៉ាងជាក់ស្ដែងលើសេចក្ដីសម្រេចចិត្តជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

កន្លងទៅថ្មីៗនេះ កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចផ្លោងយ៉ាងរន្ថើន ក្នុងនោះមានទាំងអ្វីដែលហាក់ដូចជាកាំជ្រួចផ្លោងរយៈចម្ងាយឆ្ងាយបំផុតអាចបញ្ជាបានផង បើគិតចាប់តាំងពីឆ្នាំ២០១៧មក។ អំឡុងពេលនោះ រដ្ឋាភិបាលកូរ៉េខាងជើងថែមទាំងបានបង្ហាញឱ្យដឹងអំពីចេតនាវិលត្រឡប់ទៅធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរនិងកាំជ្រួចផ្លោងឆ្លងទ្វីបវិញទៀតផង បន្ទាប់ពីបានសម្រេចផ្អាកមួយរយៈ។

យោងតាមក្យូដូ ក្រសួងការពារជាតិជប៉ុនបានប្រាប់ឱ្យដឹងដែរថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីក៏បានយល់ព្រមធ្វើការជួបប្រជុំត្រីភាគីទល់មុខគ្នាថ្នាក់រដ្ឋមន្ត្រីការពារជាតិនាពេលអនាគត ហើយបានឯកភាពគ្នាថានឹងបន្តកិច្ចខិតខំរបស់ខ្លួន ដើម្បីរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េឱ្យបានសម្រេច។

នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកកាលពីថ្ងៃពុធ ​ក្រសួង​ការពារជាតិសហរដ្ឋ​អាមេរិកបាន​និយាយ​ថា​ ការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក​ចំពោះ​កិច្ចការពារ​ប្រទេស​ជប៉ុន​និងប្រទេស​កូរ៉េ​ខាង​ត្បូង ​គឺ​«ម៉ឺងម៉ាត់»។ ក្យូដូបានប្រាប់ឱ្យដឹងដូច្នេះ។

ជំនួបតាមទូរស័ព្ទរបស់ប្រមុខការពារជាតិនៃប្រទេសសេរីទាំងបីនេះបានកើតឡើង បន្ទាប់ពីប្រទេសកុម្មុយនីស្តកូរ៉េខាងជើងបានអួតខ្លួនថាអាច«អង្រួនពិភពលោក»ដោយការសាកល្បងកាំជ្រួចផ្លោងដែលអាចបាញ់ដល់សហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធើដែលរាយការណ៍ថា កាលពីថ្ងៃអង្គារ ក្រសួងការបរទេសកូរ៉េខាងជើងបានលើកឡើងថា ការសាកល្បងកាំជ្រួចផ្លោងជាបន្តបន្ទាប់ក្នុងឆ្នាំថ្មីនេះបង្ហាញឱ្យឃើញ«សមិទ្ធិផលគួរឱ្យកត់សម្គាល់»ដែលពង្រឹងសមត្ថភាពរបស់កូរ៉េខាងជើងក្នុង«ការទប់ស្កាត់សង្គ្រាម»។

យោងតាមរើយធើ ក្រសួងការបរទេសកូរ៉េខាងជើងបង្ហាញមោទនភាពថា៖ «នៅលើពិភពលោកនេះ មានលើសពី ២០០ ប្រទេស ប៉ុន្តែមានប្រទេសតិចតួចប៉ុណ្ណោះដែលមានគ្រាប់បែកអ៊ីដ្រូហ្ស៊ែន កាំជ្រួចផ្លោងឆ្លងទ្វីបអាចបញ្ជាបាន និងកាំជ្រួចផ្លោងលឿនជាងសំឡេង»។ ប្រភពដដែលរាយការណ៍ដោយផ្អែកតាមសំដីដើមរបស់ក្រសួងដដែលនេះថា៖ «នៅក្នុងពិភពលោកបច្ចុប្បន្ន ដែលមានប្រទេសជាច្រើនខ្ជះខ្ជាយពេលវេលាស្ដាប់បង្គាប់សហរដ្ឋអាមេរិកដោយងងឹតងងុល មានតែប្រទេសកូរ៉េរបស់យើងតែមួយគត់នៅលើផែនដីនេះ ដែលអាចអង្រួនពិភពលោកបាន ដោយការបាញ់កាំជ្រួចទៅដល់ទឹកដីសហរដ្ឋអាមេរិក»៕

យោង៖

១) https://english.kyodonews.net/news/2022/02/f23594b8bfc2-japan-us-s-korea-reaffirm-to-tackle-pyongyangs-security-threats.html

២) https://www.reuters.com/world/asia-pacific/nkorea-boasts-shaking-world-by-testing-missiles-that-can-strike-us-2022-02-08/

Share

Image
Image
Image