en     km
en     km

បារាំងអំពាវនាវឱ្យមានភាពស្ងៀមស្ងាត់ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន

Share

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា សុំឱ្យមានភាពស្ងៀមស្ងាត់ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន បន្ទាប់ពីលោកបានជួបប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង មេដឹកនាំដំបូងនៃប្រទេសនៅបស្ចិមលោក ដែលបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ចាប់តាំងពីប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅជិតអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា លោកជឿថា វិធានការអាចត្រូវបានចាត់ ដើម្បីកាត់បន្ថយវិបត្តិ។ លោកបានអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពស្ងៀមស្ងាត់។

លោក ម៉ាក្រុង ដែលផ្ទុយពីមេដឹកនាំសហរដ្ឋអាមេរិក និងមេដឹកនាំអង់គ្លេស បានបដិសេធនូវលទ្ធភាពដែលរុស្ស៊ីអាចនឹងឈ្លានពានប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។ លោកបានធ្វើដំណើរពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ទៅកាន់ទីក្រុង កៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ ក្នុងគោលបំណងសម្រុះសម្រួលរកដំណោះស្រាយវិបត្តិ និងបញ្ជៀសសង្គ្រាម។

លោក ម៉ាក្រុង មិនមានមធ្យោបាយដោះស្រាយវិបត្តិភ្លាមៗដើម្បីប្រកាសប្រាប់អ្នកសារព័ត៌មានទេ ប៉ុន្តែប្រធានាធិបតីបារាំងរូបនេះ បាននិយាយថា លោកគិតថា ការពិភាក្សារបស់លោកបានជួយការពារវិបត្តិកុំឱ្យកើនឡើងបន្ថែមទៀត។ លោក​បាន​និយាយ​ថា​ លោកមិន​ដែល​បាន​រំពឹង​ថាមាន«មួយ​វិនាទី»ណា ដែល​លោក ពូទីន ​នឹង​ធ្វើ​សម្បទានកាត់បន្ថយការទាមទាររបស់រុស្ស៊ី​នោះ​ទេ។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៊ើឡិនស្គី បានប្រាប់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ថា ពួកគេបានប្តេជ្ញាចិត្តគោរពគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៤។ នេះបើយោងតាមលោក ម៉ាក្រុង ដែលបានបន្ថែមថា កិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងទីក្រុង មីន នេះ ផ្តល់នូវផ្លូវមួយសម្រាប់ដោះស្រាយជម្លោះរបស់ពួកគេដែលកំពុងបន្តមាន។

លោក ម៉ាក្រុង បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ្ស៊ើឡិនស្គី ថា៖ «ការប្តេជ្ញាចិត្តរួមគ្នានេះគឺជាមធ្យោបាយតែមួយគត់ដែលអនុញ្ញាតឱ្យយើងបង្កើតសន្តិភាព ជាមធ្យោបាយតែមួយគត់ដើម្បីបង្កើតដំណោះស្រាយនយោបាយដែលអាចសម្រេចបាន»។

លោក ម៉ាក្រុង បាននិយាយថា «ភាពស្ងប់ស្ងាត់ … ពីគ្រប់ភាគីគឺជារឿងសំខាន់ ទាំងក្នុងពាក្យសំដី ទាំងក្នុងការប្រព្រឹត្ត»។ លោកបានសរសើរលោក ហ្ស៊ើឡិនស្គី ចំពោះ«ឈាមត្រជាក់»ដែលគាត់និងប្រជាជនអ៊ុយក្រែនកំពុងបង្ហាញ នៅពេលដែលរុស្ស៊ីប្រមូលផ្តុំកងទ័ពជាង១សែននាក់ រថក្រោះ និងអាវុធធុនធ្ងន់នៅព្រំដែនអ៊ុយក្រែន។

លោក ហ្ស៊ើឡិនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មានការសង្ស័យលើការធានាណាមួយដែលលោក ម៉ាក្រុង ទទួលបានពីលោក ពូទីន។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ពិត​ជា​មិន​ជឿ​ពាក្យ​សម្ដី​ទេ។ ខ្ញុំ​ជឿ​ថា ​អ្នក​នយោបាយ​គ្រប់​រូប​អាច​មាន​តម្លាភាព​ ដោយ​ការ​បោះ​ជំហាន​ជាក់ស្តែង»៕

យោង៖ https://www.reuters.com/world/kremlin-denies-putin-promised-not-hold-manoeuvres-near-ukraine-2022-02-08/

Share

Image
Image
Image