en     km
en     km

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​ រដ្ឋាភិបាល​នឹង​ចេញ​សារាចរ​ហាម​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ឈប់​ជួល​ដី​ឱ្យ​បរទេស​

Share

Cover-hun-sen

​ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ រដ្ឋាភិបាល​នឹង​ចេញ​សារាចរ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​ ឱ្យ​ឈប់​ជួល​ដីស្រែ​ចម្ការ​របស់​ខ្លួន​ដល់​បរទេស​។​ ការ​ប្រកាស​របស់​លោក​ ហ៊ុន​ សែន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​នឹង​ចេញ​សារាចរ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ កុំឱ្យ​ជួល​ដី​ឱ្យ​បរទេស​នេះ​ ធ្វើ​ឡើង​ដើម្បី​ចៀសវាង​បញ្ហា​ ដី​ខ្មែរ​ ស្រែ​វៀតណាម​ ដី​ខ្មែរ​ស្រែ​ថៃ​ ឬ​ដី​ខ្មែរ​ស្រែ​ឡាវ​ជាដើម​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្ត​ថា​ រដ្ឋាភិបាល​ម្ពុ​ជា​ នឹង​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​នៅ​តាម​ទីតាំង​ទាំងនោះ​ ដើម្បី​រក​វិធានការ​អភិវឌ្ឍ​ រួម​ទាំង​ការ​សាងសង់​លំនៅ​ដ្ឋា​ន​សម្រាប់​កងទ័ព​នៅ​តាម​បណ្តា​ព្រំដែន​ដើម្បី​ការពារ​ទឹកដី​កម្ពុជា​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឱ្យ​ដឹង​បន្ថែម​ថា​ នៅ​ពេល​ខាង​មុខ​នេះ​ រដ្ឋាភិបាល​នឹង​ផ្ញើ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ដែល​ជាប់​ព្រំប្រទល់​កម្ពុជា​ ដើម្បី​ឱ្យ​ជួយ​សហការ​ និង​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំងនោះ​មក​ជួល​ដី​នៅ​តាម​ព្រំដែន​កម្ពុជា​។​ ប៉ុន្តែ​លោក​បាន​បន្ត​អះអាង​ថា​ កម្ពុជា​ និង​ប្រទេស​ជាប់​ព្រំដែន​ទាំងអស់​ នឹង​សហការ​គ្នា​ពង្រឹង​សេដ្ឋកិច្ច​ ដើម្បី​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ រស់នៅ​តាម​ព្រំដែន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​នៅ​ថ្ងៃនេះ​ដែរ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ គាំទ្រ​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ដែល​នឹង​ចេញ​សារាចរ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កុំឱ្យ​ជួល​ដី​ឱ្យ​បរទេស​។​ ប៉ុន្តែ​គណបក្ស​នេះ​យល់​ថា​ ការ​គ្រាន់តែ​ចេញ​សារាចរ​ហាមឃាត់​ការ​ជួល​ដី​ គឺ​មិន​គ្រប់គ្រាន់​ទេ​ សំខាន់​គឺ​រដ្ឋាភិបាល​ត្រូវ​ធានា​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ផង​ដែរ​៕

Share

Image
Image
Image