en     km
en     km

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មតាមបណ្តាញសង្គមអំឡុងពេលអនុវត្តវិធានការសុខាភិបាល

Share

ភ្នំពេញ៖ កូដករនៃកាស៊ីណូណាហ្គាវើលដ៍នៅតែបន្តធ្វើកូដកម្មរបស់ពួកគេដដែលតាមបណ្តាញសង្គម ព្រោះតែពួកគេត្រូវអនុវត្តតាមវិធានការសុខាភិបាល បន្ទាប់ពីកូដករមួយចំនួនមានផ្ទុកជំងឺកូវីដ១៩។ យ៉ាងណាក្រុមកូដករតាំងជំហរមិនបោះបង់ចោលការតវ៉ាទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេឡើយ ហើយពេលបញ្ចប់ការអនុវត្តវិធានការពួកនឹងត្រឡប់មកធ្វើកូដកម្មដូចដើម។

លោក​ កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

គ្មានអ្វីជាឧបសគ្គរារាំងស្មារតីសាមគ្គីរបស់ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ឡើយ ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេ ទោះបីទម្រង់នៃការធ្វើកូដកម្មប្តូរមកធ្វើតាមបណ្តាញសង្គមក្តី។

នេះជាការគូសបញ្ជាក់ពីកញ្ញា អ៊ុក សុភ័ក្រម៉ូនីកា តំណាងកូដករណាហ្គាវើលដ៍ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៨ ខែកុម្ភៈនេះ។ បើតាមកញ្ញា ម៉ូនីកា ឱ្យដឹងថា ការធ្វើកូដកម្មតាមបណ្តាញសង្គមក៏អត្ថន័យមិនខុសគ្នានោះទេ មាន គឺមានការទាមទារឱ្យដោះលែងតំណាង ទាមទារឱ្យក្រុមហ៊ុនទទួលយកលក្ខខណ្ឌរបស់កូដករ និងស្នើក្រុមហ៊ុនទទួលយកការចរចាឡើងវិញ។ តំណាងកូដកររូបនេះបញ្ជាក់ថា ក្រុមកូដករមិនបោះបង់ចោលតំណាងរបស់ពួកគេដែលកំពុងជាប់ក្នុងពន្ធនាគារឡើយ ដោយពួកគេនឹងប្រើគ្រប់មធ្យោបាយក្នុងការទាមទារស្វែងរកកិច្ចអន្តរាគមន៍។

ក្រុមសហជីពគាំទ្រឱ្យមានការដោះលែងសហជីពណាហ្គាវើលដ៍។

 

ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍បានប្តូរមកធ្វើកូដកម្មតាមបណ្តាញសង្គមវិញ បន្ទាប់ពីកូដករមួយចំនួនត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩។ តាមព័ត៌មានចុងក្រោយគិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២២ កូដករណាហ្គាវើលដ៍ចំនួន ២៩នាក់។តាមកញ្ញា ម៉ូនីកា ពួកគេបានគោរពតាមវិធានការសុខាភិបាលដោយមានអ្នកខ្លះត្រូវទទួលការព្យាបាលនៅមណ្ឌល និងខ្លះត្រូវទទួលបាលនៅតាមផ្ទះ។

ទាក់ទងរឿងនេះលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលស្នើឱ្យក្រុមកូដករដែលកំពុងគេងវៀសពីការធ្វើសំណាកត្រូវចូលខ្លួនធ្វើតេស្តរកមេរោគនេះ ដើម្បីព្យាបាលទប់ស្កាត់ការចម្លងមេរោគនេះក្នុងសហគមន៍។ សមត្ថកិច្ចកំពុងស្វែងរកកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនដែលកំពុងរត់គេងពីការធ្វើសំណាក់នេះផងដែរ។

កាលពីថ្ងៃម្សិលមិញ សមាគម និងក្រុមអង្គការសង្គមស៊ីវិល បានយកលិខិតចំហរមួយច្បាប់ទៅដាក់នៅក្រសួងមហាផ្ទៃនិងនៅរដ្ឋសភា ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយបញ្ហារបស់កូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍។ សកម្មភាពរបស់ក្រុមអង្គការសង្គមស៊ីវិល និងសមាគមនេះកើតមានឡើងបន្ទាប់ពីសកម្មភាពធ្វើកូដកម្មរបស់ក្រុមកូដករទាមទាររកដំណោះស្រាយហាក់មិនមានការអើពើពីស្ថាប័នពាក់ព័ន្ធសោះ។

ទាក់ទងលិខិតចំហររបស់ក្រុមអង្គការសង្គមស៊ីវិលដែលបានដាក់មកក្រសួងមហាផ្ទៃនេះ លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វិទ្យុស្ត្រីថា ក្រសួងមហាលូកដៃក្នុងរឿងណាហ្គាវើលដ៍នេះទេ ព្រោះរឿងនេះមានពាក់ព័ន្ធនឹងរឿងក្តីក្តាំនៅតុលាការផង និងពាក់ព័ន្ធនឹងវិវាទការងារផង។ អ្នកនាំពាក្យរូបនេះស្នើគូភាគីវិវាទស្តាប់តាមអនុសាសន៍របស់សម្តេច ស ខេង ដែលចង្អុលបង្ហាញឱ្យភាគីទាំងសងខាងត្រូវបែរមុខរកគ្នាដើម្បីខិតចូលតុចរចាបញ្ចប់រឿង។

ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ធ្លាប់ប្រាប់ថា ខ្លួនតែត្រៀមលក្ខខណ្ឌចូលតុចរចាជានិច្ចនៅពេលតំណាងរបស់ពួកគេត្រូវបានដោះលែង៕​

Share

ព័ត៌មានទាក់ទង

Image