en     km
en     km

លោកពូទីនមិនមែនមកទីក្រុងប៉េកាំងដើម្បីចូលរួមបើកកីឡាអូឡាំពិករដូវរងាដោយដៃទទេទេ

Share

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងតឹងតែងជាមួយលោកខាងលិច បានមកដល់ទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ ដើម្បីចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ ជាមួយកិច្ចព្រមព្រៀងបង្កើនការផ្គត់ផ្គង់ឧស្ម័នធម្មជាតិឱ្យប្រទេសចិន។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ នៅថ្ងៃសុក្រ ទី០៤ ខែកុម្ភៈនេះ ដោយនាំមកជាមួយនូវកិច្ចព្រមព្រៀងដើម្បីបង្កើនការផ្គត់ផ្គង់ឧស្ម័នធម្មជាតិឱ្យប្រទេសចិន ស្របពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយបស្ចិមលោក។

លោក ពូទីន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ថារុស្ស៊ីបានរៀបចំកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីផ្គត់ផ្គង់ឱ្យប្រទេសចិននូវឧស្ម័នធម្មជាតិចំនួន១០ពាន់លានម៉ែត្រគូបបន្ថែមទៀត។ នេះបើយោងតាមខ្លឹមសារនៃកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ ដែលបានចាក់ផ្សាយនៅទីក្រុងមូស្គូ។

រុស្ស៊ីដែលជាប្រទេសនាំមុខគេមួយលើពិភពលោកខាងផ្គត់ផ្គង់ឧស្ម័នអ៊ីដ្រូកាបូន បាននិងកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនដែលជាអ្នកប្រើប្រាស់ថាមពលច្រើនជាងគេបំផុតនៅក្នុងពិភពលោក ទល់នឹងវិបត្តិបង្កឡើងដោយការប្រឈមមុខដាក់គ្នារបស់ទីក្រុងម៉ូស្គូជាមួយបស្ចិមលោក ជុំវិញបញ្ហាប្រទេសអ៊ុយក្រែននិងបញ្ហាផ្សេងៗទៀត។

ទូរទស្សន៍រដ្ឋចិន ស៊ីស៊ីធីវី បាននិយាយថា លោកពូទីនបានមកដល់រដ្ឋធានីរបស់ប្រទេសចិនហើយ នៅថ្ងៃសុក្រនេះ។ ស៊ីស៊ីធីវី បានកត់សម្គាល់ថា លោកពូទីន ដូចជាមេដឹកនាំប្រទេសចិនដែរ បានសម្តែងការប្រឆាំងទៅនឹង«ការធ្វើនយោបាយ»លើព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារនៅទីក្រុងប៉េកាំងនេះ។

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួន បានប្រកាសធ្វើពហិការការទូតចំពោះការប្រកួតកីឡានេះនៅទីក្រុងប៉េកាំង ទុកជាការតវ៉ាចំពោះកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់ប្រទេសចិន។ ប៉ុន្តែប្រទេសចិនបាន​បដិសេធ​ថាមិនមានការរំលោភ​បំពានសិទ្ធិមនុស្សទេ។

លោក ពូទីន និងលោក ស៊ី ទំនងជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងច្រើនជាង១៥ច្បាប់។ នេះបើយោងតាមវិមានក្រឹមឡាំងដែលបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីទាក់ទងនឹងឧស្ម័នធម្មជាតិ កំពុងត្រូវបានរៀបចំ។

ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសរុស្ស៊ីនិងប្រទេសចិនបានសម្របសម្រួលជំហររបស់ពួកគេលើអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ គឺលោក វ៉ាង យី និងលោក ស៊ែហ្គៃ ឡាវ្រូវ នៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍៕

ជាការឆ្លើយតប សហរដ្ឋអាមេរិកបានព្រមានក្រុមហ៊ុនចិនថា ពួកគេនឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើពួកគេព្យាយាមគេចវេសពីការគ្រប់គ្រងការនាំចេញដែលដាក់លើប្រទេសរុស្ស៊ី ក្នុងករណីដែលរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន៕

យោង៖ https://www.reuters.com/lifestyle/sports/russian-president-putin-arrives-beijing-winter-olympics-state-tv-2022-02-04/

Share

Image Not Found
Image

ព័ត៌មានទាក់ទង