en     km
en     km

កម្ពុជាលែងព្យាយាមអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាឱ្យចូលរួមកិច្ចប្រជុំអាស៊ានទៀតហើយ

Share

កម្ពុជាបានឱ្យដឹងថា​ តំណាងប្រទេសមីយ៉ាន់ម៉ា ដែល​មិនមែន​ជាអ្នកនយោបាយ ​ត្រូវបានអញ្ជើញឲ្យ​ចូលរួម​ក្នុងកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេសអាស៊ាន​វិញ មិនអញ្ជើញ​រដ្ឋមន្ត្រីការបរទេស​នៃរបប​យោធាមីយ៉ាន់ម៉ា​ទេ នៅពេលដែលកិច្ចប្រជុំនេះគ្រោងធ្វើឡើងវិញនៅថ្ងៃទី១៦ និង១៧ ខែ​កុម្ភៈនេះ។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …

 

 

កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ប្រទេសកម្ពុជាបានឱ្យដឹងថា ​តំណាងប្រទេសមីយ៉ាន់ម៉ាដែល​មិនមែន​ជាអ្នកនយោបាយ ​ត្រូវបានអញ្ជើញឲ្យ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ចុងខែ​នេះវិញ ជាជាងអញ្ជើញ​រដ្ឋមន្ត្រីការបរទេស​ដែលត្រូវបាន​តែងតាំង​ដោយ​យោធា​របស់​ប្រទេសមីយ៉ាន់ម៉ា​។

ប្រទេសកម្ពុជាបច្ចុប្បន្នជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ASEAN។ កាលពីចុងឆ្នាំមុន សមាគមនេះបានបង្កការភ្ញាក់ផ្អើលមួយ តាមរយៈការសម្រេចមិនឱ្យរបបយោធានៃប្រទេសមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់សមាគម ដោយសារតែប្រទេសនេះមិនបានអនុវត្តផែនការសន្តិភាពដែលបានព្រមព្រៀងជាមួយអាស៊ាន។

នាយក​រដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បានព្យាយាម​ធ្វើទំនាក់ទំនង​ឡើងវិញ​ជាមួយ​របប​យោធា ហើយ​បានបង្ហាញជំហរថា សម្ដេច​ចង់​អញ្ជើញ​មេដឹកនាំ​នានានៃរបបយោធា​ឲ្យ​មកចូលរួមក្នុងបណ្ដា​កិច្ចប្រជុំ​របស់សមាគម​ដែលមាន​សមាជិក​១០ប្រទេសនេះឡើងវិញ​។

ប៉ុន្តែសមាជិកអាស៊ានមិនបានឈានដល់ការព្រមព្រៀងគ្នាជាឯកច្ឆន្ទទេ ចំពោះរឿងអញ្ជើញរដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា លោក វូណា ម៉ោង វីន ឱ្យមកចូលរួមប្រជុំ នៅពេលដែលពុំមានវឌ្ឍនភាពគ្រប់គ្រាន់ក្នុងការអនុវត្តផែនការសន្តិភាព។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ជុំ សុន្ទរី។

ឯកឧត្ដម ជុំ​ សុន្ទរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរើយធើថា៖ «អំឡុងពេលនេះ យើងលើកទឹកចិត្តឱ្យមានតំណាងប្រទេសមីយ៉ាន់ម៉ាក្នុងកម្រិតមិនមែននយោបាយ មកចូលរួមប្រជុំអាស៊ាន ជាជាងទុកកៅអីឱ្យនៅទទេ»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា វាអាស្រ័យលើប្រទេសមីយ៉ាន់ម៉ាដែលត្រូវសម្រេចចិត្តថាតើអ្នកណាគួរជាអ្នកតំណាងប្រទេសខ្លួន។

អ្នក​នាំ​ពាក្យ​របប​យោធា​មីយ៉ាន់ម៉ា​មិន​បាន​លើក​ទូរស័ព្ទ​ដែលស្នើសុំ​ការ​អត្ថាធិប្បាយ​លើបញ្ហានេះពីទីភ្នាក់ងារសារព័ត៌មានរើយធើទេ។

កម្ពុជា​គ្រោង​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ចង្អៀតថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាននៅ​ថ្ងៃ​ទី១៦ និងទី១៧ ខែ​កុម្ភៈនេះ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនានា ទាក់ទងនឹងការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្ដីរាយការណ៍អំពីស្ថានភាពប្រទេសមីយ៉ាន់ម៉ា ដែលបេសកជនពិសេសរបស់ប្រធានអាស៊ាន គឺរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ធ្វើជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៨ ខែមករា។

ពីមុន កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននេះគ្រោងធ្វើនៅថ្ងៃទី១៨ និងទី១៩ ខែមករា ប៉ុន្តែត្រូវបានលើកពេល ដោយសារប្រទេសសមាជិកមួយចំនួនបានសម្រេចចិត្តមិនមកចូលរួមប្រជុំ ក្រោមហេតុផលផ្សេងៗ។

ប្រធានអាស៊ានបច្ចុប្បន្ន គឺសម្ដេច ហ៊ុន សែន បាន​រង​សម្ពាធ​ធ្ងន់ ក្នុងការធ្វើឲ្យឧត្ដមសេនីយ៍ មីន អោង ឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែលសម្រេចបានដោយអាស៊ាន ខណៈដែល​សមាជិកអាស៊ាន​មួយ​ចំនួន​បាន​ទាមទារ​ឲ្យ​មេដឹកនាំ​ធ្លាក់ពីអំណាចដោយសាររដ្ឋប្រហារយោធា គឺ​លោកស្រី អោង សាន ស៊ូ ជី ដែល​កំពុងរងការកាត់ទោស ​មាន​សេរីភាពនិងបានចូលរួមក្នុងការចរចារក​សន្តិភាព៕

យោង៖

១) https://www.reuters.com/world/asia-pacific/cambodia-says-non-political-myanmar-rep-invited-asean-meeting-2022-02-03/

២) https://www.mfaic.gov.kh/posts/2022-01-29-Press-Release-Deputy-Prime-Minister-PRAK-Sokhonn-Briefs-the-United-Nations-Security-Council–On-Myanmar-Crisis–08-40-18

Share

ព័ត៌មានទាក់ទង

Image