ភ្នំពេញ៖ កម្ពុជាចាត់ទុកការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ(UN)ដែលបានរិះគន់លើការបង្កើតច្បាប់ស្តីពី«ច្រកទ្វារអ៊ីនធឺណិតជាតិ»របស់កម្ពុជាថា ជាការមើលឃើញតែមួយជ្រុង មិនឆ្លុះបញ្ចាំងពីគុណសម្បត្តិដ៏ធំធេង និងមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ។ យ៉ាងណាអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយយល់ថា អនុក្រឹត្យមួយនេះមានចំណុចល្អជាច្រើន តែគួរកែលម្អចំណុចមិនប្រក្រតីខ្លះ ព្រោះអាចនាំឱ្យរំលោភលើសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
កម្ពុជាតាមរយៈស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដែលកន្លងមកបានរិះគន់កម្ពុជាថា កំពុងរៀបចំផែនការបង្កើតច្បាប់នាំឱ្យប៉ះពាល់សិទ្ធិឯកជន នោះគឺអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ»។
តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ ចាត់ទុកការរិះគន់នេះថា គ្មានមូលដ្ឋានច្បាស់លាស់ មើលឃើញតែមួយជ្រុង និងជាការជ្រៀតជ្រែងកិច្ចផ្ទៃក្នុងរបស់រដ្ឋដទៃ ដែលបង្កឱ្យមានការភ័ន្តច្រលំដល់សាធារណៈមតិ។
សម្រាប់កម្ពុជាសេចក្តីព្រាងអនុក្រឹត្យ«ច្រកទ្វារអ៊ីនធឺណិតជាតិ»នេះមានគុណសម្បត្តិយ៉ាងធំធេងនិងសមស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងនយោបាយ។ ជាងនេះអនុក្រឹត្យមួយនេះ ក៏ផ្តល់ផលប្រយោជន៍លើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យធុរៈកិច្ច។ មួយទៀតដែល សេចក្តីព្រាងអនុក្រឹត្យដែលគ្រងចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខនេះ នឹងធានាដល់ការការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ការតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសង រូបភាពនិងវីដេអូអាសអាភាស ជាមួយនិងការរំលោភបំពានកុមារតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
សេចក្តីប្រកាសព័ត៌មានកម្រាសពីរទំព័រនេះ បានអះអាងពីចំណុចគតិយុត្តិក្នុងមាត្រានីមួយៗដែលធានាថា គ្មានឡើយការចែងណាមួយដែលនាំឱ្យមានការតាមដានឃ្លាំមើលលើបុគ្គលប្រើប្រាស់អ៊ីនធឺណិត។
តែផ្ទុយទៅវិញកម្ពុជាអះអាងពីការប្តេជ្ញាចិត្តការពារឯកជនភាពនិងសេរីភាពក្នុងការបញ្ចេញមតិ ធានាសន្តិសុខ និងរក្សាទុកក្នុងប្រព័ន្ធសុវត្ថិភាពស្របតាមបទស្ថានអន្តរជាតិ។
ការបដិសេធច្រានចោលរបស់កម្ពុជានេះ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលតាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើ កម្ពុជាចាត់ទុកថាអ្នករាយការណ៍ពិសេសបីរូបនោះ ពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិទាក់ទងនឹងច្រកទ្វារអ៊ីនធឺណិតជាតិនៅកម្ពុជាឡើយ។
សេចក្តីថ្លែងការណ៍រួម របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានធ្វើការអត្ថាធិប្បាយលើអនុក្រឹត្យមួយនេះ ដោយប្រមើលមើលឃើញពីការបើកផ្លូវដល់រដ្ឋាភិបាលអាចតាមដានសកម្មភាពអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដោយមានលទ្ធភាពប្រមូលយកនូវការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
សម្រាប់អ្នកជំនាញUN យល់ថាអនុក្រឹត្យមួយនេះមានលក្ខណៈរឹតត្បិតសេរីភាពនិងប៉ះពាល់ដល់សិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA)និយាយថា អនុក្រឹត្យនេះមានចំណុចវិជ្ជមានជាច្រើន ដូចជាត្រង់ចំណុចកៀរគរថវិកាជាតិនិងការលុបបំបាត់ភាពអសកម្មផ្សេងៗដែលជាផលប្រយោជន៍ជាតិ។ តែលោកក៏សង្កេតឃើញពីចំណុចខ្លះដែលចែងក្នុងមាត្រាមួយចំនួន នៅមានភាពមិនប្រក្រតីដែលនាំឱ្យរំលោភសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។លោកបន្ថែមថា មាត្រាខ្លះនៃអនុក្រឹត្យនេះចែងទូលាយពេកជាហេតុនាំឱ្យអ្នកប្រើប្រាស់សិទ្ធិបញ្ចេញមតិភ័យខ្លាចចំពោះការបញ្ចេញយោបល់ដែលនាំឱ្យមានទោសទណ្ឌ។ លោក ណុប វី យល់ថា រដ្ឋាភិបាលគួរពិនិត្យឡើងវិញនូវមតិយោបល់របស់អ្នកជំនាញ UN ដែលជាធាតុចូលលើរឿងនេះ ដើម្បីធានាបានថាអនុក្រឹត្យមួយនេះឆ្លើយតបដល់ប្រយោជន៍សាធារណៈ។
លោក ណុប វី ៖«ជាការព្រួយបារម្ភយើងកុំឱ្យច្បាប់ហ្នឹងគ្រាន់តែជាឧបករណ៍របស់អ្នកនយោបាយ ច្បាប់ហ្នឹងគ្រាន់តែបម្រើផលប្រយោជន៍របស់អ្នកមានអំណាច អាហ្នឹងបានជាយើងត្រូវព្រួយបារម្ភ។ រឿងដែលយើងត្រេកអរយើងសប្បាយចិត្តពេលយើងមានច្បាប់មួយមានគុណភាពគ្រប់គ្រាន់ដែលឆ្លើយតបនឹងគោរពតាមស្តង់ដាសិទ្ធិមនុស្សនិងគោលការណ៍សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ មានការពិគ្រោះយោបល់បានទូលំទំលាយ ដើម្បីធានាថាគ្រប់អ្នកទទួលផលពីការអនុវត្តច្បាប់ហ្នឹងគឺគាត់បានដឹងលឺបានចូលរួមយោបល់ នៅក្នុងដំណើរការនៃការតាក់តែងរៀបចំរហូតដល់សេចក្តីព្រាងច្បាប់ហ្នឹងត្រូវបានអនុញ្ញាតដោយសភា»។
ប៉ុន្តែតាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បញ្ជក់នៅឃ្លាចុងក្រោយថា វិធានការដែលនឹងត្រូវអនុវត្តគឺមានភាពចាំបាច់និងសមាមាត្រនៅក្នុងទិសដៅស្របច្បាប់៕