en     km
en     km

ក្រសួងរកឃើញកូដករណាហ្គាវើលដ៍ម្នាក់វិជ្ជមានកូវីដ១៩ ខណៈកូដករយល់ថាជាល្បិចចង់រំសាយកូដកម្ម

Share

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញកូដករណាហ្គាវើលដ៍ម្នាក់វិជ្ជមានកូវីដ១៩ ប្រភេទ«អូមីក្រុង»ហើយស្នើឱ្យក្រុមកូដករទាំងអស់ទៅធ្វើតេស្តសំណាក។ តែតំណាងកូដករយល់ថា នេះគ្រាន់តែជាល្បិចថ្មីមួយទៀត ដើម្បីចង់រំសាយការធ្វើកូដកម្មតែប៉ុណ្ណោះ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានដោយរកឃើញកូដករណាហ្គាវើលដ៍ម្នាក់ជាស្រ្តីមានផ្ទៃពោះផង មានផ្ទុកជំងឺកូវីដ១៩ ប្រភេទ«អូមីក្រុង»កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដែលលទ្ធផលរកឃើញចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
តាមរយៈការរកឃើញនេះ ក្រសួងស្នើដល់ក្រុមកូដករទាំងអស់ត្រូវទៅពិនិត្យសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ ១៩។ ករណីតេស្តរកឃើញវិជ្ជមានកូវីដ១៩ កូដករត្រូវដាក់ឱ្យនៅដាច់ដោយឡែកដោយទទួលការព្យាបាលតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ។ ក្រសួងព្រមានថា ជនណាមិនអនុវត្តតាមការស្នើខាងលើ ក្រសួងនឹងអនុវត្តតាមវិធានការរដ្ឋបាល ដែលត្រូវទទួលទោសតាមផ្លូវច្បាប់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលពីរឿងនេះ។

ទាក់ទងក្នុងរឿងនេះ ស្រ្តីមានផ្ទៃពោះជាកូដករណាហ្គាវើលដ៍ដែលផ្ទុកជំងឺកូវីដ១៩ រូបនោះ បាននិយាយបកស្រាយលើទំព័រហ្វេសប៊ុកដោយលើកឡើងថា ខ្លួនសង្ស័យឆ្លងជំងឺនេះពីកន្លែងទិញផ្លែឈើមួយកន្លែងមិនមែនឆ្លងពីកន្លែងធ្វើកូដកម្មនោះទេ ព្រោះខ្លួនខកខានទៅធ្វើកូដកម្មមួយរយៈដោយសារខ្លាចប៉ះពាល់កូនក្នុងផ្ទៃ។ តាមរយៈការ like លើហ្វេសប៊ុកនេះ ស្រ្តីរូបនោះបានអះអាងថា ខ្លួនមិនមែនឆ្លងជំងឺកូវីដ១៩ ពីកន្លែងធ្វើកូដកម្មដូចការសង្ស័យរបស់ក្រសួងសុខាភិបាលឡើយ។
ការលើកឡើងរបស់ស្រ្តីផ្ទុកជំងឺកូវីដ១៩៖«ករណីរបស់ខ្ញុំនេះ ខ្ញុំគិតថា ជាការយល់ច្រលំរបស់ក្រសួងទេបងប្អូន ព្រោះខ្ញុំគិតថាខ្ញុំអត់មានឆ្លងពីកន្លែងយើង[ទីតាំងធ្វើកូដកម្ម]មកទេ ព្រោះខ្ញុំបានទិញខ្នុរពីអ៊ីមួយគាត់កំពុងក្រដាសហើយដោះស្រោមដៃជូតសំបោរ។ហើយខ្ញុំគិតថា ខ្ញុំឆ្លងពីអ្នកលក់ខ្នុរហើយខ្ញុំក៏បានប្រាប់ពីអ្នកពាក់ព័ន្ធកូវីដ១៩ ដែលហៅទូរស័ព្ទមកខ្ញុំហ្នឹងដែល តែគាត់នូវតែគិតខ្ញុំឆ្លងពីកន្លែងធ្វើកូដកម្ម »។

ស្រ្តីដែលមានផ្ទុកកូវីដ១៩ម្នាក់នោះ។

ដោយឡែកតំណាងកូដករម្នាក់កញ្ញា អ៊ុក សុភ័ក្រម៉ូនីកា ប្រាប់វិទ្យុស្រ្តីដោយដាក់ការសង្ស័យថា ប្រការនេះជាល្បិចថ្មីមួយស្នៀតទៀត ដើម្បីធ្វើឱ្យក្រុមកូដករច្របូកច្របល់ ហើយយកបញ្ហានេះជាលេសឈានទៅរំសាយការធ្វើកូដកម្ម។ កញ្ញាបន្តថា ក្រុមកូដករទំនងមិនទៅធ្វើតេស្តសំណាកនោះទេ ព្រោះខ្លាចធ្លាក់ចូលអន្ទាក់។ ចំណែក នៅរសៀលនេះកញ្ញាបញ្ជក់ថា ក្រុមកូដករនៅតែបន្តទៅធ្វើកូដកម្មនៅទីតាំងដដែល
កញ្ញា អ៊ុក សុភ័ក្រម៉ូនីកា៖«បើតាមខ្ញុំគិតឥឡូវនេះ ពួកយើងមិនព្រមទៅទេ ដោយសារតែអានេះជាល្បិច មិនមែនដឹងជាល្បិចរបស់ខាងណាទេ ដែលជាយុទ្ធសាស្រ្តរបស់គេចង់បំបែកពួកទេ។ មានដាក់កងកម្លាំងតាមឃ្លាំមើលពួកខ្ញុំឱ្យបែកគ្នា តែពួកខ្ញុំអត់បែកគ្នាពួកខ្ញុំនៅតែធ្វើកូដកម្ម ឥឡូវមានតែយកលេសកូដវីដហ្នឹងមកបំបែកពួកខ្ញុំ»។

ជាការកត់សម្គាល់ មួយរយៈពេលចុងក្រោយនេះក្រុមកូដកម្មនៃក្រុមហ៊ុនណាហ្គាវើលដ៍បានលើកឡើងពីហេតុការណ៍មួយចំនួនដែលពួកគេដាក់ការសន្និដ្ឋានថា ជាល្បិចចង់ឱ្យពួកគេទុនខ្សោយ។ ហេតុការណ៍ទាំងនោះមាន ការចាប់តំណាងសហជីពរបស់ពួកគេ រួចស្នើឱ្យពួកគេចូលទូទាត់ប្រាក់បំណាច់ផ្សេងៗដែលក្រុមហ៊ុនថា ការទូទាត់កាលពីគ្រាមុនគឺខ្លួនគិតខុស។ មួយទៀត គឺខាងក្រុមហ៊ុនបានហៅទូរស័ព្ទមកកូដករម្នាក់ដោយបញ្ចុះបញ្ចូលឱ្យពួកគេឈប់ធ្វើកូដកម្មជាថ្នូរនៃការទទួលពួកគេចូលធ្វើការវិញ។
ហើយការដាក់កម្លាំងសមត្ថកិច្ចនិងមន្រ្តីក្រសួងការងារមកប្រកាសតាមឃោសនស័ព្ទនៅពីមុខក្បួនកូដកម្មស្នើឱ្យពួកគេទៅទទួលយកការចរចានិងទូទាត់សំណងផ្សេងៗ ក៏ជាមធ្យោបាយមួយធ្វើឱ្យទន់ចិត្តនិងបែកបាក់សាមគ្គីភាពដែលរ។
អ្វីជាការកត់សម្គាល់ពិសេសនោះ គឺបង្គន់ក្នុងផ្សារមួយកន្លែងដែលក្រុមកូដករធ្លាប់ចូលបន្ទោបង់ត្រូវបានបិទ ដែលហេតុការណ៍ទាំងនេះពួកគេយល់ថា ជាល្បិចចង់បំបែកកូដកម្មតែប៉ុណ្ណោះ។

គួររំលឹកថា បុគ្គលិកណាហ្គាវើលដ៍បានចេញធ្វើកូដកម្មទាមទារលក្ខខណ្ឌចំនួន ៩ ចំណុចតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីការស្វែងរកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធត្រូវរងបរាជ័យ។ បន្ទាប់មកតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ដែលរហូតមកទល់ពេលនេះ មានតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ចំនួន ៨ នាក់នៅជាប់ក្នុងពន្ធនាគារនៅឡើយ៕

 

Share

ព័ត៌មានទាក់ទង

Image