en     km
en     km

តុលាការមិនអនុញ្ញាតឱ្យក្រុមអង្គការសង្គមស៊ីវិលចូលសួរសុខទុក្ខសហជីពណាហ្គាវើលដ៍ក្នុងពន្ធនាគារ

Share

ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបដិសេធតំណាងអង្គសង្គមស៊ីវិលចំនួន ៨ មិនឱ្យចូលទៅជួបសួរសុខទុក្ខតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ក្នុងពន្ធនាគារនោះទេ។ ខាងសង្គមស៊ីវិលសម្តែងការសោកស្តាយចំពោះការបដិសេធនេះ ហើយយល់ថា សហជីពណាហ្គាវើលដ៍គួរទទួលបានការសួរសុខទុក្ខពីបណ្តាអង្គការសង្គមស៊ីវិលនិងសហជីពនានា ព្រោះពួកគេមិនទាន់កាត់ឱ្យមានទោសជាស្ថានពរ។

លោក​ កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

លិខិតរបស់សាលាដំបូងរាជធានីភ្នំពេញលេខ ២៦៤ ចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ អ៊ឹម វណ្ណះ បានបដិសេធលើសំណើសុំការអនុញ្ញាតចូលសួរសុខទុក្ខតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ចំនួន៨នាក់ ដែលស្នើដោយលោកស្រី ជរ ច័ន្ទធីតា តំណាងអង្គការសង្គមស៊ីវិលចមនួន ៨ ស្ថាប័ន។ នេះបើយោងតាមលិខិតរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញផ្ញើជូនតំណាងអង្គការសង្គមស៊ីវិលកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងលិខិតនោះ ចៅក្រមស៊ើបសួរបញ្ជក់ពីមូលហេតុដែលមិនអនុញ្ញាតឱ្យក្រុមអង្គការចូលសួរសុខទុក្ខតំណាងសហជីពណាហ្គាវើលដ៍ ព្រោះថា សំណុំរឿងនេះស្ថិតក្នុងដំណាក់កាលស៊ើបសួរ ហើយចៅក្រមស៊ើបសួរកំពុងតែបន្តស្រាវជ្រាវស៊ើបសួរលើបុគ្គលទាំងនោះដែលចៅក្រមត្រូវកោះហៅសួរបំភ្លឺ។

តាមសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានស្នើសុំចូលសុខទុក្ខតំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដ៍ទាំង ៨ នាក់ ចំនួនមួយដងក្នុងមួយខែ ដោយចាប់ពីខែមករាឆ្នាំ២០២២តទៅ។

លិខិតរបស់សាលាដំបូងរាជធានីភ្នំពេញជូនដល់CCHR។រូបភាពពីហ្វេសប៊ុកCCHR

 

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)បានបង្ហោះលិខិតនេះ លើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០២ ខែកុម្ភៈនេះដោយសម្តែងការសោកស្តាយចំពោះការបដិសេធរបស់ចៅក្រមស៊ើបសួរដែលមិនអនុញ្ញាតឱ្យតំណាងក្រុមសង្គមស៊ីវិលចូលជួបសួរសុខទុក្ខសហជីពណាហ្គាវើលដ៍ក្នុងពន្ធនាគារ។ បើតាម CCHR ក្រុមអង្គការសង្គមស៊ីវិលនិងសហជីពនានាគួរទទួលបានការចូលជួបសួរសុខទុក្ខបុគ្គលិកសហជីពណាហ្គាវើលដ៍ ត្បិតពួកគេមិនទាន់ត្រូវបានតុលាការកាត់ទោសជាស្ថាពរ ដូច្នេះ ពួកគេត្រូវបានសន្មត់ថាគ្មានទោសនិងមានសិទ្ធិទទួលបានការសួរសុខទុក្ខពីមិត្តជាបណ្តាញអង្គការសង្គមស៊ីវិលនិងសហជីពនានា។

មួយទៀតដែល CCHR យល់ថា ការឃុំខ្លួនសហជីពបុគ្គលិកណាហ្គាវើលដ៍រង់ចាំសវនាការរយពេលយូរបែបនេះ មិនមែនជាជម្រើសល្អនោះទេ ហើយធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ពិសេសសិទ្ធិសន្មត់ថាគ្មានទោសដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។

ជុំវិញរឿងនេះ លោក សំ ចម្រើន មេធាវីការពារក្តីជូនតំណាងសហជីពណាហ្គាវើលសយល់ថា ការបដិសេធហាមមិនឱ្យកូនក្តីលោកមានជំនួបសួរសុខទុក្ខពីស្ថាប័ននានាគឺបានរំលោភដល់សិទ្ធិកូនក្តីរបស់លោក។

លោក សំ ចម្រើន៖«ផ្អែកតាមនីតិវិធីព្រហ្មទណ្ឌការសម្ងាត់ទាក់ទងឯកសារសំណុំរឿងទេ ទាក់ទងបុគ្គលដូចអត់មានអីប៉ះពាល់ដល់ការអនុវត្តនីតិវិធីផងហ្នឹង។ចឹងខ្ញុំយល់ថា ការមិនអនុញ្ញាតឱ្យស្ថាប័នណាមួយចូលសួរសុខទុក្ខជាការបង្ហាញសមានចិត្ត ខ្ញុំគិតថាជាការរំលោភសិទ្ធិរបស់ជនជាប់ឃុំហើយ ព្រោះអីការជាប់ឃុំគាត់បាត់បង់សេរីភាពក្នុងការដើរហើរ ហើយមិនស្ថិតក្នុងក្រមខ័ណ្ឌច្បាប់ទេ ហើយជាសេចក្តីសម្រេចមួយដែលប៉ះពាល់សិទ្ធិកូនក្តីខ្ញុំ»។

សូមរំលឹកថា តំណាងសហជីពនិងបុគ្គលិកណាហ្គាវើលដចំនួន៨នាក់រួមមានឈ្មោះ ឈឹម ស៊ីថរ រីសុវណ្ណឌី សុន ស្រីពេជ្រ ហៃ សុភាព ឃ្លាំង សុបិន្ត ទូច សិរីមាស ឈឹម សុខន និងសុខ ណារិទ្ធ ត្រូវបានចាប់ខ្លួនអំឡុងពេលចេញធ្វើកូដកម្មនៅមុខកាស៊ីណូណាហ្គាវើលដ៍ទាមទារលក្ខខណ្ឌចំនួន៩ចំណុច។ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់។

វិវាទរវាងបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍បានផ្ទុះឡើងតាំងពីខែឧសភាឆ្នាំ២០២១មក ដោយការចរចានៅសាលារាជធានីភ្នំពេញ នៅក្រសួងការងារ និងនៅក្រុមប្រឹក្សាអាជ្ញារកណ្តាលសុទ្ធតែរងបរាជ័យ។ រហូតដល់ពាក់កណ្តាលខែធ្នូឆ្នាំ២០២១ក្រុមបុគ្គលិកក៏សម្រេចចេញធ្វើកូដកម្ម។ តែការធ្វើកូដកម្មនេះត្រូវរងការឃាត់ខ្លួនហើយរហូតមកដល់បច្ចុប្បន្ននេះមានតំណាងសហជីពនិងបុគ្គលិកចំនួន៨ នៅជាប់ឃុំឃាំងនៅឡើយ។ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានថ្កោលទោសការឃុំខ្លួនបុគ្គលិកណាហ្គាវើលដ៍ថា ធ្វើឡើងដោយរំលោភសិទ្ធិមនុស្ស និងសិទ្ធិកម្មករ។

ប៉ុន្តែមន្រ្តីរាជរដ្ឋាភិបាលបដិសេធការលើកឡើងនេះ ដោយថា ការចាប់ខ្លួននិងចោទប្រកាន់បុគ្គលិកណាហ្គាវើលដ៍អាជ្ញាធរ និងតុលាការមានមូលដ្ឋានភស្តុតាង និងច្បាប់ច្បាស់លាស់៕

 

 

 

Share

Image
Image
Image