loader

បញ្ហាអ៊ុយក្រែនឡើងក្ដៅរហូតដល់ ស.រ.អ បញ្ជាទាហានជិត៣ពាន់នាក់ឱ្យទៅអឺរ៉ុបខាងកើត

មន្ត្រីនានារបស់អាមេរិកបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងបញ្ជូនទាហានបន្ថែមជិត៣ពាន់នាក់ ទៅកាន់ប្រទេសប៉ូឡូញនិងប្រទេសរូម៉ានី ដើម្បីការពារអឺរ៉ុបខាងកើត។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

មន្ត្រីនានារបស់អាមេរិកបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងបញ្ជូនទាហានបន្ថែមជិត៣ពាន់នាក់ ទៅកាន់ប្រទេសប៉ូឡូញនិងប្រទេសរូម៉ានី ដើម្បីការពារអឺរ៉ុបខាងកើតទល់នឹងផលវិបាកដែលអាចកើតចេញពីវិបត្តិជុំវិញរឿងដែលរុស្ស៊ីប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅជិតព្រំដែនប្រទេសអ៊ុយក្រែន។

ប្រទេសរុស្ស៊ីបានបដិសេធថាខ្លួនពុំមានផែនការឈ្លានពានប្រទេសអ៊ុយក្រែនទេ ប៉ុន្តែកាលពីថ្ងៃពុធ បានផ្ដល់សញ្ញាឱ្យដឹងថា ខ្លួនពុំមានអារម្មណ៍សម្រុះសម្រួលទេ។ ប្រទេសនេះថែមទាំងបានចំអកឱ្យប្រទេសអង់គ្លេសទៀត ដោយហៅនាយករដ្ឋមន្ត្រី បូរីស ចនសុន ថា «ជាមនុស្សមិនយល់រឿងទាល់តែសោះ» និងដោយចោទប្រកាន់អ្នកនយោបាយអង់គ្លេសមួយចំនួនថា«ឆ្កួតនិងល្ងង់ខ្លៅ»។

រដ្ឋាភិបាលរុស្ស៊ីបានដាក់ពង្រាយទាហានលើសពី១សែននាក់នៅជិតព្រំដែនប្រទេសអ៊ុយក្រែន ហើយបាននិយាយថា ខ្លួនអាចនឹងចាត់វិធានការយោធាណាមួយ ប្រសិនបើសំណើទាំងឡាយរបស់ខ្លួនមិនត្រូវបានបំពេញ រួមទាំងការសន្យាពីសំណាក់អង្គការណាតូថានឹងមិនបញ្ចូលប្រទេសអ៊ុយក្រែនក្នុងអង្គការនេះផង។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា កងអនុសេនាធំរថពាសដែកមួយ ដែលមានកម្លាំងទ័ពអាមេរិកប្រហែល១ពាន់នាក់ ឈរជើងនៅទីក្រុង វីលសិក ប្រទេសអាល្លឺម៉ង់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសរូម៉ានី។ ទន្ទឹមនឹនេះ បើតាមក្រសួងដដែល កម្លាំងទ័ពប្រហែល១ពាន់៧រយនាក់ទៀត ភាគច្រើនមកពីកងពលធំទី៨២ នៅមូលដ្ឋាន ហ្វ័ត ប្រែក នៅរដ្ឋ ន័ស្ស ការ៉ូឡាយណា ដែលជំនាញខាងលោតឆត្រយោង នឹងត្រូវដាក់ពង្រាយនៅប្រទេសប៉ូឡូញ។ ទាហាន៣រយនាក់ផ្សេងទៀតនឹងផ្លាស់ទីពីមូលដ្ឋាន ហ្វ័ត ប្រែក ទៅប្រទេសអាល្លឺម៉ង់។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយថា ការដាក់ពង្រាយនេះគឺស្របទៅនឹងអ្វីដែលលោកបានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។ ផ្អែក​តាម​សេចក្ដីរាយការណ៍តាម​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ទ្វីតធើ លោក បៃដិន បាននិយាយថា ដរាបណាលោក ពូទីន នៅតែបន្តធ្វើសកម្មភាពបែបរំលោភបំពាន សហរដ្ឋអាមេរិកនឹងធ្វើឱ្យប្រាកដថា ខ្លួនអាចធានាដល់សម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូ ក៏ដូចជានៅអឺរ៉ុបខាងកើតថា សហរដ្ឋអាមេរិកនៅទីនោះ»។

អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ចន ឃើប៊ី បាននិយាយថា គោលបំណងនៃការបញ្ជូនទ័ពទៅអឺរ៉ុបនេះ គឺដើម្បីផ្ញើ«សញ្ញាឱ្យច្បាស់»ទៅកាន់លោក ពូទីន «ហើយបើនិយាយឱ្យត្រង់ ទៅកាន់ពិភពលោកឱ្យដឹងថា អង្គការណាតូមានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិក ហើយអង្គការនេះមានសារៈសំខាន់ចំពោះសម្ព័ន្ធមិត្តរបស់យើង»។

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ម៉ារីយុស ប្លាសហ្សាក់ បាននិយាយថា ការដាក់ពង្រាយកងទ័ពរបស់សហរដ្ឋអាមេរិក គឺជាសញ្ញាសាមគ្គីភាពដ៏រឹងមាំ ហើយអគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលធិនប៊ើក ក៏បានថ្លែងទទួលស្វាគមន៍ជំហានរបស់សហរដ្ឋអាមេរិកនេះដែរ ដោយលោកនិយាយថា ការឆ្លើយតបរបស់សម្ព័ន្ធមិត្តចំពោះរុស្ស៊ី គឺជាការការពារខ្លួន និងមានលក្ខណៈសមាមាត្រកម្លាំង។

កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ដំណោះស្រាយតាមការទូតបានថយចុះ ដោយបណ្តាប្រទេសលោកខាងលិចពិពណ៌នាការទាមទារចម្បងៗរបស់ភាគីរុស្ស៊ីថាមិនអាចទៅរួច ហើយទីក្រុងម៉ូស្គូមិនបង្ហាញសញ្ញានៃការដកសំណើទាំងឡាយរបស់ខ្លួនចេញទេ៕

យោង៖ https://www.reuters.com/world/europe/kremlin-mocks-britains-utterly-confused-johnson-before-putin-talks-2022-02-02/

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សហរដ្ឋអាមេរិកនិយាយជាថ្មីម្តងទៀតថាមិនគាំទ្រឯករាជ្យភាពតៃវ៉ាន់ទេ

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្ន[...]

ចៅក្រម ចេកសិន ជាស្ដ្រីអាមេរិកស្បែកខ្មៅដែលក្លាយជាសមាជិកាតុលាការកំពូលអាមេរិកដ៏កម្រ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធ[...]

លោកស្រី ម៉ារីន ឡឺ ប៉ិន ជាគូប្រជែងយកតំណែងលោក អេម៉ានុយអែល ម៉ាក្រុង

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x