en     km
en     km

អ.ស.ប អំពាវនាវឲ្យបញ្ឈប់ហិង្សានៅភូមា និងបញ្ជាក់ពីការគាំទ្រចំពោះតួនាទីអាស៊ាន

Share

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី២ ខែកុម្ភៈ បានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅទូទាំងប្រទេសភូមាឬមីយ៉ាន់ម៉ាជាបន្ទាន់ ទន្ទឹមនឹងការគាំទ្រចំពោះតួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ ASEAN ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …

 

 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី២ ខែកុម្ភៈ បានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សានៅទូទាំងប្រទេសភូមាឬមីយ៉ាន់ម៉ាជាបន្ទាន់ ខណៈដែលរដ្ឋប្រហារយោធានៅក្នុងប្រទេសនេះបានឈានចូលឆ្នាំទី២។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានអះអាងជាថ្មី អំពីការគាំទ្ររបស់ខ្លួនចំពោះការប្រែប្រួលទៅរកលទ្ធិប្រជាធិបតេយ្យនិងស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសភូមា ក៏ដូចជាចំពោះតួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាដែរ។

ក្រុមប្រឹក្សាដ៏មានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិនេះ ក៏បានរំលឹកឡើងវិញអំពីការអំពាវនាវរបស់ឱ្យដោះលែង«អ្នកទាំងអស់ដែលនៅតែត្រូវបានឃុំខ្លួនតាមអំពើចិត្ត» រួមទាំងលោកស្រី អោង សាន ស៊ូ ជី មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតដែលត្រូវបានទម្លាក់ពីអំណាចដោយយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានអនុម័តដោយសមាជិកទាំង១៥ប្រទេស ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបង្ហាញ«ក្ដីបារម្ភដ៏ជ្រាលជ្រៅ» ចំពោះការបន្តស្ថានភាពគ្រាអាសន្នដែលត្រូវបានដាក់ដោយមេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ាកាលពីមួយឆ្នាំមុន និងចំពោះ«ការកើនឡើងយ៉ាងគំហុកនៃតម្រូវការជំនួយមនុស្សធម៌ ជាពិសេសក្នុងចំណោមស្ត្រី កុមារ និងក្រុមជនដែលងាយរងគ្រោះនៅចំពោះមុខវិបត្តិបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ-១៩ដែលកំពុងមាន»។

ខួបលើកទី១នៃរដ្ឋប្រហារ ដែលត្រូវចំថ្ងៃអង្គារ ទី១ ខែកុម្ភៈ ត្រូវបានកំណត់ដោយកូដកម្មទូទាំងប្រទេស ដោយការតវ៉ា និងដោយអំពើហិង្សាតាមកន្លែងនៅទូទាំងប្រទេស។ បាតុកម្ម​គាំទ្រ​យោធា​ជា​ច្រើន ​ដែល​គេ​ជឿ​យ៉ាងទូទៅ​ថា​ត្រូវ​បាន​រៀបចំ​ដោយ​អាជ្ញាធរ ​ក៏​បានកើតឡើង​ដែរ។

បាតុកម្មអហិង្សាដ៏រីករាលដាលបានកើតឡើងបន្ទាប់ពីមានការដណ្តើមអំណាចនិងការទម្លាក់លោកស្រី ស៊ូជី ដោយកងទ័ព អំឡុងពេលដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី បានត្រៀមចាប់ផ្តើមធ្វើការក្នុងអាណត្តិទីពីរ ក្រោយពីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត។ ក្រោយ​ពេលដែលការ​តវ៉ា​ត្រូវ​បានបង្ក្រាប​ដោយកម្លាំង​ដ៏​សាហាវរបស់យោធា​ ការ​តស៊ូ​ប្រដាប់​អាវុធ​បាន​កើត​ឡើង។

ជនស៊ីវិលប្រហែល១ពាន់៥រយនាក់ត្រូវបានសម្លាប់ ប៉ុន្តែរដ្ឋាភិបាលមិនអាចបង្ក្រាបក្រុមប្រឆាំង ដែលបានរីកសាយពាសពេញប្រទេសនោះបានទ។

លោកស្រី ណូអ៊ីលីន ហ៊ីហ្ស៊ើ បេសកជនពិសេសថ្មីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃច័ន្ទថា អំពើហឹង្សានិងភាពឃោរឃៅមានលក្ខណៈកាន់តែរន្ថើនឡើង ចាប់តាំងពីយោធាបានឡើងកាន់អំណាច។ ការណ៍នេះជំរុញឱ្យមានចលនាតស៊ូ ហើយភាគីទាំងអស់បានពង្រឹងជំហររបស់ពួកគេលើ«ការប្រើអំពើហិង្សាជាដំណោះស្រាយ»។

លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានអនឡាញមួយថា ស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ាកាន់តែអស្ថិរភាព ហើយប្រតិបត្តិការយោធា រួមទាំងការវាយប្រហារដោយកាំភ្លើងធំនិងការវាយប្រហារតាមអាកាសផង បានបង្កើនការព្រួយបារម្ភអំពីការការពារជនស៊ីវិល។

លោកស្រី ហ៊ីហ្ស៊ើ បាននិយាយទៀតថា ចាប់តាំងពីចុងខែធ្នូមក ចំនួនអ្នកផ្លាស់ទីលំនៅផ្ទៃក្នុងប្រទេសបានកើនឡើងពីជាង៣សែន២ម៉ឺននាក់ ទៅជាង៤សែននាក់។ លោកស្រីបានបញ្ជាក់ថា «នេះគឺជាចំនួនបន្ថែមលើមនុស្ស៣សែន៤ម៉ឺននាក់ ដែលបានផ្លាស់ទីលំនៅមុនថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១»។

ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ«បានថ្កោលទោសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងមន្ទីរពេទ្យនិងសាលារៀន»។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខបានសរសេរថា៖ «សមាជិកបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវរាល់ទម្រង់នៃអំពើហឹង្សានៅទូទាំងប្រទេស និងធានាសុវត្ថិភាពរបស់ជនស៊ីវិល»។

ក្រុមប្រឹក្សាសន្តិសុខបានគូសបញ្ជាក់អំពីតម្រូវការក្នុងការបង្កើនជំនួយមនុស្សធម៌ជាបន្ទាន់ និងក្នុងការសម្របសម្រួលការផ្តល់ថ្នាំបង្ការកូវីដ-១៩ ដោយគ្មានការរារាំង។

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានគូសបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ពួកគេ ចំពោះតួនាទីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក១០ប្រទេស «ក្នុងការសម្របសម្រួលឱ្យមានដំណោះស្រាយដោយសន្តិវិធី» និងបានគូសបញ្ជាក់ជាថ្មីអំពីការអំពាវនាវរបស់ពួកគេ ឱ្យអនុវត្តយ៉ាងឆាប់រហ័ស នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុចរបស់អាស៊ាន ដែលសម្រេចបានកាលពីខែមេសា ឆ្នាំមុន។ កិច្ចព្រមព្រៀងនោះរួមបញ្ចូលទាំងការបញ្ឈប់ជាបន្ទាន់ចំពោះអំពើហិង្សា និងការចាប់ផ្តើមកិច្ចសន្ទនារវាងគ្រប់ភាគី។

កាលពីថ្ងៃពុធ ទី២ ខែកុម្ភៈ ម្សិលមិញដែរ ប្រធានអាស៊ាន ពោលគឺសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីស្ថានភាពនៅមីយ៉ាន់ម៉ាដែរ។ ក្នុងសេចក្ដីថ្លែងការណ៍នោះ ប្រធានអាស៊ានបានលើកឡើងថា៖ «ប្រទេសជាសមាជិកអាស៊ានសូមជំរុញអាជ្ញាធរមីយ៉ាន់ម៉ា ឱ្យចាត់សកម្មភាពជាក់លាក់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនិងពេញលេញ» នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួនទាំង៥ចំណុចនោះ។

ប្រធានអាស៊ានបានឱ្យដឹងថា ប្រទេសជាសមាជិកអាស៊ានបានសម្ដែងការទទួល«ស្វាគមន៍ការតែងតាំងឯកឧត្តម ប្រាក់ សុខុន [ដែលជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា] ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា» និងបាន«អំពាវនាវដល់អាជ្ញាធរមីយ៉ាន់ម៉ាឱ្យជួយសម្រួលដល់បេសកកម្មនានានៃប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលនឹងចាប់ផ្តើមជាមួយដំណើទស្សនកិច្ចជាលើកដំបូងទៅកាន់មីយ៉ាន់ម៉ា ក្នុងពេលដ៏ឆាប់ដែលអាចធ្វើបាន»។

ទន្ទឹមនឹងនេះដែរ ប្រធានអាស៊ានបានគូសបញ្ជាក់ទៀតថា៖ «ប្រទេសជាសមាជិកអាស៊ានសូមអះអាងជាថ្មី នូវការប្ដេជ្ញាចិត្តរបស់ខ្លួននិងការត្រៀមលក្ខណៈរួចរាល់ ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ស្របតាមឆន្ទៈនៃប្រជាជនមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចនិងធម្មនុញ្ញអាស៊ាន ជាមួយការយល់ឃើញថា សន្តិភាពនិងការបង្រួបបង្រួមជាតិយូរអង្វែងអាចសម្រេចទៅបាន លុះត្រាណាដំណោះស្រាយនយោបាយនោះប្រកបដោយបរិយាប័ន្ន ជាដំណោះស្រាយដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់និងដឹកនាំ និងដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ»៕

យោង៖

១) https://apnews.com/article/coronavirus-pandemic-health-myanmar-united-nations-democracy-06f563813479681fdc05b4c15b239cf5

២) https://www.mfaic.gov.kh/posts/2022-02-02-Press-Release-ASEAN-Chairman-s-Statement-on-the-Situation-in-Myanmar–20-44-05

Share

Image
Image
Image