សាកលវិទ្យាល័យរដ្ឋរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃពុធនេះ បានបើកទ្វារទទួលនិស្សិតទាំងពីរភេទជាលើកដំបូង ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់ប្រទេសនេះជាថ្មីកាលពីឆ្នាំមុន។ ដំណើរនេះទទួលបានការអបអរសាទរពីភ្នាក់ងារអង្គការសហប្រជាជាតិ។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …
សាកលវិទ្យាល័យរដ្ឋរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃពុធនេះ បានបើកទ្វារទទួលនិស្សិតជាលើកដំបូង ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់ប្រទេសនេះកាលពីឆ្នាំមុន។ គេសង្កេតឃើញថានិស្សិតស្រីវិលត្រឡប់មកចូលរៀនវិញដូចនិស្សិតប្រុសដែរ។
រដ្ឋបាលតាលីបង់មិនបានប្រកាសជាផ្លូវការអំពីផែនការរបស់ខ្លួនសម្រាប់ទទួលនិស្សិតស្រីនៅសកលវិទ្យាល័យទេ ប៉ុន្តែមន្ត្រីអប់រំនានាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរើយធើថា និស្សិតស្រីៗត្រូវបានអនុញ្ញាតឱ្យចូលរៀនតាមលក្ខខណ្ឌដែលពួកគេត្រូវអង្គុយរៀនដាច់ដោយឡែកពីនិស្សិតប្រុស។
សាក្សីម្នាក់របស់រើយធើនៅក្នុងទីក្រុង ចាឡាឡាបាដ ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន បានឃើញនិស្សិតស្រីចូលតាមទ្វារផ្សេងពីនិស្សិតប្រុស នៅឯសាកលវិទ្យាល័យ ណង់ហ្គាហា ដែលជាសាកលវិទ្យល័យរដ្ឋដ៏ធំមួយ និងដែលបើកទ្វារទទួលនិស្សិតក្នុងសប្តាហ៍នេះ។
នៅក្រោមការគ្រប់គ្រងពីមុនរបស់ខ្លួនពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ក្រុមតាលីបង់ដែលប្រកាន់សាសនាអ៊ិស្លាមតឹងរ៉ឹង បានហាមឃាត់ស្ត្រីនិងកុមារីមិនឱ្យទទួលបានការអប់រំ។ ក្រោយមក ក្រុមតាលីបង់និយាយថា ខ្លួនបានផ្លាស់ប្តូរជំហរបែបនេះ ចាប់តាំងពីការឡើងកាន់អំណាចជាថ្មីនៅថ្ងៃទី១៥ ខែសីហា ខណៈដែលកងកម្លាំងបរទេសបានដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែក្រុមតាលីបង់មានភាពមិនប្រាកដប្រជាលើផែនការរបស់ខ្លួន ហើយក្មេងស្រីដែលមានអាយុល្មមចូលរៀននៅវិទ្យាល័យជាច្រើននាក់នៅក្នុងខេត្តមួយចំនួន នៅតែមិនត្រូវបានអនុញ្ញាតឱ្យចូលរៀនវិញ។ សាកលវិទ្យាល័យឯកជនមួយចំនួនបានបើកដំណើរការឡើងវិញ ប៉ុន្តែក្នុងករណីជាច្រើន និស្សិតស្រីមិនអាចវិលត្រឡប់ទៅរៀនវិញទេ។
សហគមន៍អន្តរជាតិបានដាក់ការអប់រំកុមារីនិងស្ត្រីជាផ្នែកមួយដ៏សំខាន់ក្នុងលក្ខខណ្ឌរបស់ខ្លួន ខណៈដែលក្រុមតាលីបង់ស្នើសុំជំនួយបរទេសបន្ថែមទៀត និងស្នើសុំការឈប់បង្កកទ្រព្យសម្បត្តិប្រទេសនេះដែលនៅបរទេស។
អង្គការសហប្រជាជាតិ កាលពីល្ងាចថ្ងៃអង្គារ បានកោតសរសើរចំពោះការដាក់បញ្ចូលនិស្សិតស្រីនៅក្នុងសាកលវិទ្យាល័យសាធារណៈរបស់ប្រទេសអាហ្វហ្គានីស្ថាន ដែលហាក់ដូចជាបង្ហាញពីការបញ្ជាក់ជាផ្លូវការអំពីរឿងនេះ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានសរសេរតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទ្វីតធើថា «[អង្គការសហប្រជាជាតិ]សូមស្វាគមន៍ការប្រកាសថាសាកលវិទ្យាល័យសាធារណៈនឹងចាប់ផ្តើមបើកឡើងវិញនៅថ្ងៃទី២ ខែកុម្ភៈ សម្រាប់និស្សិតស្រី និងនិស្សិតប្រុសទាំងអស់។ វាមានសារៈសំខាន់ណាស់ ដែលយុវជនគ្រប់រូបមានសិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំ»។
មន្ត្រីអប់រំម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយសារតែគាត់មិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា សាកលវិទ្យាល័យនានាត្រូវបានគេផ្តល់ជម្រើសផ្សេងៗ ក្នុងការរក្សានិស្សិតស្រីឱ្យនៅដាច់ដោយឡែក រួមទាំងថ្នាក់ដាច់ដោយឡែក និងម៉ោងធ្វើការប្រែប្រួលខុសធម្មតា ដើម្បីបែងចែកភេទ។
លោក ខាលីល អាម៉េដ ប៊ីស៊ុដវ៉ាល សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ណង់ហ្គាហារ បានប្រាប់រើយធើថា និស្សិតប្រុសស្រីនៅក្នុងសាកលវិទ្យាល័យរបស់លោក នឹងចូលរៀននៅក្នុងថ្នាក់ដោយឡែកពីគ្នា ដែលនេះជាការអនុវត្តរួចហើយនៅក្នុងខេត្តជាច្រើន។
មានតែសាកលវិទ្យាល័យនៅក្នុងខេត្តដែលមានសីតុណ្ហភាពក្តៅៗប៉ុណ្ណោះ ដែលបើកទ្វារនៅថ្ងៃពុធនេះ។ គ្រឹះស្ថានឧត្តមសិក្សានៅតំបន់ត្រជាក់ រួមទាំងនៅទីក្រុងកាប៊ុលផង គ្រោងនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី២៦ ខែកុម្ភៈ៕
—
យោង៖ https://www.reuters.com/world/asia-pacific/female-students-join-male-peers-afghan-universities-reopen-2022-02-02/