ភ្នំពេញ៖ មជ្ឈដ្ឋានមួយចំនួនដែលឃ្លាំមើលដំណើរការក្តីរបស់លោក កឹម សុខា សំឡឹងឃើញពីលទ្ធភាពដែលលោក កឹម សុខា អាចបាត់បង់ឱកាសចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ ខណៈសំណុំរឿងក្បត់ជាតិរបស់លោក ត្រូវបានតុលាការអូសបន្លាយពេលជំនុំជម្រះកាន់តែវែង។ មជ្ឈដ្ឋានទាំងនោះយល់ថា នេះជាវិធីសាស្រ្តមួយរារាំងមិនឱ្យលោក កឹម សុខា អាចចូលរួមប្រកួតប្រជែងការបោះឆ្នោត ខណៈអ្នកនាំពាក្យបក្សកាន់អំណាចចាត់ទុកថា ជាមតិផ្ទុយពីការពិតមិនឆ្លុះបញ្ចាំងកិច្ចប្រឹងប្រែងរបស់តុលាការ។
លោក កឹម សុខា រាយការណ៍ពីព័ត៌មាននេះ
ការអូសបន្លាយពេលកាន់តែយូរក្នុងការជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្យសង្គ្រោះជាតិ ធ្វើឪ្យមជ្ឈដ្ឋានមួយចំនួនមើលឃើញពីអនាគតរបស់លោកដែលទំនងមិនអាចមានលទ្ធភាពចូលប្រកួតប្រជែងការបោះឆ្នោត ឃុំ សង្កាត នាពេលខាមុខនេះបាន។
ការសន្និដ្ឋានទុកជាមុននេះ ស្របពេលដែលសវនាការលោក កឹម សុខា នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ តុលាការនៅតែបន្តពិនិត្យលើភស្តុតាងដែលដាក់ដោយក្រុមមេធាវីលោក កឹម សុខា នោះដដែលៗ បើទោះបីជាធ្លាប់បានដាក់កាលពីសវនាការលើកមុនៗ មុនកម្ពុជាផ្ទុះជំងឺកូវដី-១៩។នេះជាការលើកឡើងរបស់ក្រុមមេធាវីលោក កឹម សុខា។
អ្នកស្រី ម៉េង សុធារី មេធាវីមួយរូបក្នុងចំណោមសហមេធាវីរបស់លោក កឹម សុខា ឱ្យដឹងថា នៅព្រឹកនេះ ក្រុមមេធាវីបានបង្ហាញភស្តុតាងដែលបានដាក់ជាលើកទី៤ ហើយភស្តុតាងទាំងនោះមានចំនួនសរុប ២៨ ឯកសារ មានទាំងភស្តុតាងជាវីដេអូនិងភស្តុតាងជាសំណៅឯកសារផងដែរ។ អ្នកស្រីមេធាវីបន្ថែមថា ភស្តុតាងដែលក្រុមមេធាវីដាក់ គឺគាំទ្រដល់សកម្មភាពត្រឹមត្រូវរបស់លោក កឹម សុខា ក្នុងការឃោសនាទៅកាន់អ្នកគាំទ្រ មិនដូចការចោទប្រកាន់ថា លោកជាមេក្លោងដឹកនាំប្រជាពលរដ្ឋឱ្យបះបោលនោះទេ។
ដោយឡែកលោក ចាន់ ចេន មេធាវីមួយរូបទៀតលើកឡើងថា ការអូសបន្លាយពេលកាន់តែយូរលើសវនាការសំណុំរឿងលោក កឹម សុខា ជាការរំលោភសិទ្ធិនិងផលប្រយោជន៍របស់កូនក្តីខ្លួន ខណៈលោក កឹម សុខា ត្រូវរៀបចំខ្លួនចូលប្រកួតប្រជែងក្នុងឆាកនយោបាយ។
ដោយឡែកលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាដែលបានមកឃ្លាំមើលសវនាការលោក កឹម សុខា នៅព្រឹកនេះយល់ថា រឿងក្តីនេះនឹងអូសបន្លាយពេលកាន់តែយូរដើម្បីជាការរារាំងលោក កឹម សុខា មិនឱ្យចូលរួមការប្រកួតប្រជែងការបោះឆ្នោតថ្នាក់ក្រោមជាតិនាពេលខាងមុខ។ លោកទាញការសន្និដ្ឋានថា តុលាការនឹងកាត់ឱ្យលោក កឹម សុខា មានទោសក្នុងកម្រិតណាមួយហើយតម្រឹមទោសនោះនិងដាក់លោក កឹម សុខា ក្រោមការត្រួតពិនិត្យមិនឱ្យធ្វើសកម្មភាពនយោបាយ។ លោកថា ការធ្វើបែបនេះដើម្បីទប់ស្កាត់អ្នកនយោបាយជើងចាស់មានប្រជាប្រិយភាពទៅប្រកួតជាមួយអ្នកជំនាន់ថ្មី ខណៈកូនប្រុសនាយករដ្ឋមន្រ្តីបានក្លាយជាបេក្ខជននាយករដ្ឋមន្រ្តី។
មកទល់ថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២២នេះលោក កឹម សុខា ស្ទើរតែអស់ពេលក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ដែលព្រឹត្តិទៅនៅខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខនេះទៅហើយ ព្រោះស្ថាប័នរៀបចំការបោះឆ្នោតកំពុងចុះបញ្ជីឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សដែលប្រកួតប្រជែង។នេះជាការបន្ថែមរបស់លោក រ៉ុង ឈុន។
ចំណែកលោក សាន់ ម៉ាឡា ជាមន្ត្រីតស៊ូមតិរបស់សមាគមបណ្តាញយុវជនកម្ពុជា(CYN)យល់ថា បើសិនជាអ្នកនយោបាយឬបក្សនយោបាយមួយដែលប្រជាពលរដ្ឋស្រលាញ់ពេញចិត្តមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតបាន ដូច្នេះអ្វីដែលជាការរំពឹងទុករបស់ពលរដ្ឋដែលចង់បានភាពយុត្តិធម៌ សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាដកតាមរយៈសន្លឹកឆ្នោតគឺគ្មានន័យនោះឡើយ។ លោកសង្ឃឹមថា តុលាការនឹងពន្លឿនដំណើរការក្តីលោក កឹម សុខា បានឆាប់រហ័សដើម្បីទុកលទ្ធភាពឱ្យលោក កឹម សុខា អាចរៀបចំខ្លួនចូលប្រកួតការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។
ជុំវិញរឿងនេះដែរលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ថា ការលើកឡើងរបស់សាធារណៈមតិដែលថា ការពន្លាតពេលសវនាការលោក កឹម សុខា ជាមធ្យោបាយមួយរារាំងការចូលរួមប្រកួតប្រជែងការបោះឆ្នោតនោះ គឺគ្រាន់តែជាមតិយល់ឃើញតែប៉ុណ្ណោះ ដែលមិនឆ្លុះបញ្ចាំងពីការប្រឹងប្រែងស្វែងរកយុត្តិធម៌របស់តុលាការឡើយ។ ដោយឡែកការលើកឡើងថា សវនាការនេះជាការព្យាយាមបិទខ្ទប់លោក កឹម សុខា ខ្លាចលោកដណ្តើមសន្លឹកឆ្នោតពីគណបក្សកាន់អំណាចគឺរឹតតែភ័ន្តច្រលំ ត្បិតអីបក្សកាន់អំណាចនឹងបក្សដទៃទៀតសុទ្ធតែមានលទ្ធភាពដាក់អ្នកជំនាន់ថ្មីមកប្រកួតប្រជែងបានដូចគ្នា។
សូមបញ្ជក់ថា សំណុំរឿងលោក កឹម សុខា បានឈានមកដល់សប្តាហ៍ទី៣ហើយ បន្ទាប់ពីត្រូវបានផ្អាកអស់ជិត ២ ឆ្នាំដោយតុលាការសំអាងមូលហេតុការរីករាលដាលនៃជំងឺកូវីដ-១៩។ រយៈពេល ៣ សប្តាហ៍នៃសវនាការនេះ តុលាការបើជំនុំជម្រះតែមួយព្រឹកតែប៉ុណ្ណោះ ហើយក្នុងមួយសប្តាហ៍បើកសវនាការតែម្តង។
សូមរំលឹកថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកម្រោល នៅរំលងអាធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧។ លោកត្រូវតុលាការចោទពីបទសន្និដ្ឋិភាពជាមួយបរទេសឬទោសក្បត់ជាតិដែលត្រូវរ៉ូវគ្នាជា មួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល តាមរយៈវីដេអូដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលីក្នុងជំនួបជាមួយអ្នកគាំទ្រ។
បន្ទាប់មក លោក កឹម សុខា ត្រូវបានឃុំខ្លួននៅគុកត្រពាំងផ្លុងជាប់ព្រំដែនវៀតណាមជាងមួយឆ្នាំ។ ហើយក្រោយមក លោកត្រូវបានឃុំខ្លួននៅក្នុងផ្ទះជាងមួយឆ្នាំទៀត ដោយតុលាការហាមលោកមិនឪ្យធ្វើសកម្មភាពនយោបាយ និងទៅក្រៅប្រទេសនោះទេ៕