ភ្នំពេញ៖ សមាគមអ្នកប្រើប្រាស់ស្ករអំពៅមួយដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស នៅតែមិនអើពើនូវការរំលោភសិទ្ធិមនុស្សរបស់សមាជិកខ្លួនដែលបានរំលោភយកដីធ្លីប្រជាពលរដ្ឋកម្ពុជាក្នុងដំណើរការដាំដុះអំពៅផលិតជាស្ករស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមចេញផ្សាយដោយអង្គការ អាយឌីអាយ អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ តែទើបចុះផ្សាយនៅគេហទំព័រនិងទំព័រហ្វេសប៊ុករបស់អង្គការលីកាដូនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
សេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំងបីខាងលើ ចេញផ្សាយដើម្បីរំលឹកឡើងវិញឱ្យស្ថាប័នបុនស៊ូក្រូជាសមាគមអ្នកប្រើប្រាស់ស្ករអំពៅមួយមានមូលដ្ឋាននៅប្រទេសអង់គ្លេស ត្រូវរួមចំណែកទទួលខុសត្រូវលើទង្វើរបស់សមាជិកខ្លួនដែលបានរំលោភដីធ្លីប្រជាកសិករអំឡុងឆ្នាំ ២០០៨-២០០៩ នៅចំណុចអូរបាត់មាន់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តមមានជ័យ។ ការចេញសេចក្តីថ្លែងការណ៍រំលឹកឡើងវិញនេះ ក៏ព្រោះតែស្ថាប័នបុនស៊ូក្រូបានធានាថា ស្ករសដែលផលិតបាននិងនាំចូលប្រទេសអង់គ្លេសគឺមិនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនោះទេ។
តែផ្ទុយទៅវិញសមាជិករបស់ស្ថាប័នបុនស៊ូក្រូគឺក្រុមហ៊ុន មិត្រផូល បានរំលោភយកដីប្រជាពលរដ្ឋ បង្ខំឱ្យអ្នកភូមិចាកចេញពីទីលំនៅដ្ឋាន ដោយឈូសឆាយផ្ទះ ដុតស្រែ វាយដំ ហើយចាប់ខ្លួនអ្នកភូមិទៀតផងតាមរយៈការប្រើកម្លាំងប៉ូលីស និងកងសន្តិសុខឯកជន។ នេះបើតាមការគូសបញ្ជាក់បន្ថែមពីលោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។
តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ ស្ថាប័នទំនាក់ទំនងជាតិចក្រភពអង់គ្លេស (UK NCP) បានរកឃើញថា ស្ថាប័នបុនស៊ូក្រូ “មិនបានអនុវត្តនូវគោលការណ៍ទទួលខុសត្រូវ (Due Diligence) ឱ្យបានគ្រប់គ្រាន់” នៅពេលដែលខ្លួនបានទទួលយកក្រុមហ៊ុនមិត្រផូលម្តងទៀតជាសមាជិកក្នុងឆ្នាំ២០១៥ នោះទេ។
ក្រុមអង្គការសង្គមស៊ីវិល បានចងក្រងរបាយការណ៍យ៉ាងគ្រប់គ្រាន់ស្តីពីការរំលោភបំពានសិទ្ធិមនុស្សរបស់ក្រុមហ៊ុនមិត្រផូល បន្ទាប់ពីទទួលបានសម្បទានដីស្របច្បាប់ពីរដ្ឋាភិបាលកម្ពុជា។ ក្រុមអង្គការស៊ីវិលរកឃើញថា ក្រុមហ៊ុនមិត្រផូលបានឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានរំលោភយកដីចំនួន ៩,៤០០ហិតាពីកសិករសម្រាប់ដំណាំអំពៅ។
ជាងនេះនៅចន្លោះឆ្នាំ ២០០៨ ដល់ ២០០៩ ប្រជាពលរដ្ឋជាង ២,០០០គ្រួសារ ក្នុង ២៦ភូមិ ត្រូវបានគេបង្ខំឱ្យចាកចេញពីដីធ្លីរបស់ពួកគេសម្រាប់គម្រោងក្រុមហ៊ុន។ គ្រួសារដែលរងផលប៉ះពាល់បានបាត់បង់ដីស្រែចម្ការ ដីស្មៅ ដំណាំ និងលទ្ធភាពទទួលបានអនុផលព្រៃឈើ ហើយពួកគេត្រូវបង្ខំចិត្តចំណាកស្រុកទៅប្រទេសថៃដើម្បីស្វែងរកការងារធ្វើ។
លោក អំ សំអាត បន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនមិត្រផូលត្រូវបានរដ្ឋាភិបាលដកយកដីសម្បទានវិញ ហើយអាជ្ញាធរខេត្តនិងក្រសួងពាក់ព័ន្ធបានប្រគល់ដីនោះជូនប្រជាពលវិញបានមួយចំនួន និងពលរដ្ឋមួយចំនួននៅមិនទាន់ទទួលបានដីកាន់កាប់។ ចំណែកករណីរំលោភដីធ្លីពលរដ្ឋនេះ តុលាការប្រទេសថៃនឹងបន្តនីតិវិធីលើបណ្តឹងសើរើនៅក្នុងឆ្នាំនេះ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោក អំ សំអាត មិនទាន់បានមើលឃើញពីពន្លឺនៃភាពយុត្តិធម៌នៅឡើយទេ។ ដូច្នេះហើយលោករំពឹងថា តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ ស្ថាប័នបុនស៊ូក្រូនឹងផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះ ដោយជំរុញឱ្យសមាជិកខ្លួនគោរពគោលការណ៍សិទ្ធិមនុស្សក្នុងអាជីវកម្មរបស់ខ្លួន។
លោក អំ សំអាត៖«មកទល់ពេលនេះយើងសង្កេតឃើញថា មិនទាន់មានដំណោះស្រាយឬការការពន្លឿនយុត្តិធម៌ជូនគាត់ទេ ចឹងហើយយើងចេញសេចក្តីថ្លែងការណ៍នេះដើម្បីឱ្យសមាគមន៍បុនស៊ូក្រូ មានចំណែកក្នុងការទទួលខុសត្រូវព្រោះក្រុមហ៊ុន មិត្រផូលជាសមាជិករបស់ខ្លួនហើយគោលការណ៍នៃសមាគមធានាថាមិនមានការរំលោភសិទ្ធិមនុស្ស។ ចឹងបើក្រុមហ៊ុន មិត្រផូលបានរំលោភបំពានសិទ្ធិពលរដ្ឋពាក់ព័ន្ធចំការអំពៅនៅឧត្តមមានជ័យហ្នឹង ចឹងយើងធ្វើការទាមទារនឹងជំរុញគោលការណ៍គោរពសិទ្ធិមនុស្ស និងដោះស្រាយសំណងជូនពលរដ្ឋដែលរងគ្រោះដោយសារក្រុមហ៊ុន មិត្រផូល»។
ទាក់ទងរឿងនេះ អ្នកស្រី ហូយ ម៉ៃ ប្រជាពលរដ្ឋរងគ្រោះករណីនេះប្រាប់វិទ្យុស្ត្រីថា រហូតមកទល់ពេលនេះ មានប្រជាពលរដ្ឋតែ ១២៤ ក្នុងចំណោម ២១៤ តែប៉ុណ្ណោះបានទទួលដីនោះមកគ្រប់គ្រងវិញ។ ចំណែកប្រជាពលរដ្ឋ៩២គ្រួសារផ្សេងទៀតនៅមិនទាន់ដោះស្រាយចប់នៅឡើយទេ ខណៈដីនោះបច្ចុប្បន្នអាជ្ញាធរខេត្តបានផ្តល់សម្បទានដល់ក្រុមហ៊ុនឯកជនមួយផ្សេងទៀតទៅហើយ។ អ្នកស្រីថា គ្រួសារដែលមិនទាន់ទទួលបានការដោះស្រាយខ្លះបានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្តង់គ្រួសារ។
បើតាមអ្នកស្រី ម៉ៃ ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានការដោះស្រាយសមរម្យគ្រងបន្តមកក្រសួងដែនដីនៅខែឧសភាខាងមុខ ដើម្បីសុំកិច្ចអន្តរាគមន៍លើរឿងនេះបន្តទៀត។
អ្នកស្រី ហូយ ម៉ៃ ៖«ខ្ញុំសូមសំណុំពរ និងអំពាវនាវដល់រដ្ឋាភិបាលជួយដល់ប្រជាពលរដ្ឋអ្នកមិនទាន់បានដី ឱ្យពួកគេមានជីវភាពរស់នៅត្រឹមត្រូវ មានបាយហូប មានថវិកាចិញ្ចឹមកូនចៅ»។
ជុំវិញរឿងនេះ វិទ្យុស្រ្តីពុំទាន់អាចរកការឆ្លើយបំភ្លឺពីខាងក្រុមហ៊ុនស្ករស មិត្រផូល និងស្ថាប័នបុនស៊ូក្រូបាននៅឡើយទេ។
ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៍ខាងលើ ក្រុមប្រឹក្សាភិបាលរបស់ស្ថាប័នបុនស៊ូក្រូ ធ្លាប់បានច្រានចោលបណ្តឹងរបស់ក្រុមអង្គការសង្គមស៊ីវិលកាលពីខែធ្នូ ឆ្នាំ២០១៨ ក្រោមហេតុផលថា ខ្លួនមិនបានទទួល“ភស្តុតាងជាក់ស្តែងដែលថាក្រុមហ៊ុន មិត្រផូល បានរំលោភបំពានលើលក្ខខណ្ឌនៃក្រមសីលធម៌របស់ស្ថាប័នបុនស៊ូក្រូនោះទេ។
តាមរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលខាងលើ ក្រុមហ៊ុនមិត្រផូលបានឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានរំលោភយកដីចំនួន ៩,៤០០ហិតាពីប្រជាកសិករ សម្រាប់ឧស្សាហកម្មដំណាំអំពៅនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ នៅចន្លោះឆ្នាំ ២០០៨ ដល់ ២០០៩ ប្រជាពលរដ្ឋជាង ២,០០០គ្រួសារ ក្នុង ២៦ភូមិ ត្រូវបានគេបង្ខំឱ្យចាកចេញពីដីធ្លីរបស់ពួកគេសម្រាប់គម្រោងក្រុមហ៊ុន។
ទាក់ទងរឿងនេះ គណៈកម្មាធិការសិទ្ធិមនុស្សជាតិថៃបានរកឃើញថា ក្រុមហ៊ុនមិត្រផូលត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះការរំលោភបំពានសិទ្ធិមនុស្សទាំងនេះ។ ប៉ុន្តែជាងដប់ឆ្នាំក្រោយមកនេះ ក្រុមហ៊ុននៅមិនទាន់ទទួលខុសត្រូវ ឬធ្វើការកែប្រែនៅឡើយទេ។ ដោយឡែកតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានបញ្ជាឱ្យក្រុមហ៊ុនកូកាកូឡាបង្ហាញការរកឃើញពីការស៊ើបអង្កេតបឋមលើអ្នកផ្គត់ផ្គង់ស្កររបស់ខ្លួន។ ដីកានេះបានធ្វើឡើងដើម្បីឆ្លើយតបនឹងញត្តិដែលដាក់ដោយអង្គការអាយឌីអាយ ក្នុងនាមជាដើមបណ្តឹងក្នុងសេរីនៃបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនមិត្រផូលដែលកំពុងបន្តនៅតុលាការថៃ៕