នៅក្នុងបរិបទសង្គមខ្មែរ កូនស្រីតែងតែត្រូវបានអាណាព្យាបាលគ្រប់គ្រង និងប្រៀនប្រដៅយ៉ាងតឹងរ៉ឹងជាងកូនប្រុស ដោយហេតុថាមនុស្សស្រីជាភេទទន់ខ្សោយនិងងាយរងគ្រោះទាំងផ្នែករាងកាយ និងស្មារតីជាង។ កូនស្រីជាតំណាងកិតិ្តយសមួយដ៏សំខាន់សម្រាប់ក្រុមគ្រួសារខ្មែរ ដូច្នេះការប្រៀនប្រដៅកូនស្រីឲ្យសក្តិសមជាស្ត្រីខ្មែរតែងតែមានការយកចិត្តទុកដាក់យ៉ាងខ្ពស់ពីសង្គមគ្រួសារ។ មានក្បួនច្បាប់ខ្មែរជាច្រើនដែលបានចងក្រងដើម្បីប្រៀនប្រដៅស្ត្រី ហើយក្នុនចំណោមដំបូន្មានទាំងនោះ ការហាមមិនឲ្យកូនស្រីមានទំនាក់ទំនងផ្លូវភេទមុនពេលរៀបអាពាហ៍ពិពាហ៍ គឺត្រូវបានគេប្រកាន់ខ្ជាប់រហូតមក។
តែទោះជាយ៉ាងនេះក្តី នាពេលបច្ចុប្បន្ននេះយុវជន យុវតីមួយចំនួនមានភាពក្លាហាន ហើយហ៊ានបើកចំហពីស្នេហារបស់ពូកគេច្រើនជាងមុន។ យុវតីខ្លះហ៊ានសម្រេចចិត្តជ្រើសរើសដៃគូស្នេហា និងបានឈានដល់ការរួមភេទមុនរៀបកាជាមួយដៃគូរសង្សារទៀតផង ដែលសង្គមខ្មែរយល់ថានេះជាការប្រព្រឹត្តិខុសហើយប្រាសចាកទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន។ តើយុវជនកម្ពុជាបច្ចុប្បន្នយល់ឃើញយ៉ាងដូចម្តេចចំពោះយុវតីដែលហ៊ានរួមរស់ ឫ រួមភេទជាមួយគូសង្សារមុនពេលរៀបការ?
ទាក់ទិននឹងបញ្ហានេះ យុវតីបូរ៉ានជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញយល់ឃើញថា យុវតីខ្មែមិនគួររួមរស់ ឫ ក៏រួមភេទជាមួយដៃគូស្នេហាមុនពេលរៀបការនោះទេ។ «រឿងដែលសំខាន់បំផុតនោះគឺ ស្ត្រីខ្មែរត្រូវប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្លួន មិនត្រូវធ្វើវប្បធម៌ទំនៀមទម្លាប់បរទេសនោះទេ។ ទោះបីជាមានមតិខ្លះយល់ថាទស្សនបែបនេះហួសសម័យក្តី តែត្រង់រឿងរួមរស់ជាមួយគ្នាដោយមិនបានរៀបការ គឺជារឿងមិនអាចទទួលយកបាននៅក្នុងសង្គមខ្មែរ ព្រោះថាវាធ្វើឲ្យបាត់បង់តម្លៃរបស់ស្ត្រីខ្មែរទាំងឡាយ»។
ស្រដៀងគ្នានេះដែរ យុវជនសំណាងជានិស្សិតច្បាប់ម្នាក់បានបញ្ចេញយោបល់ផងដែរថា រឿងរស់នៅជាមួយគ្នារវាងមនុស្រី និង មនុស្សប្រុសទាំងមិនបានរៀបការតាមប្រពៃណីគឺជាការមិនត្រឹមត្រូវសោះឡើយ ទោះបីពួកគេជាគូរសង្សារនឹងគ្នាក្ដី។ សំណាងសង្កត់ធ្ងន់ថា ប្រពៃណីខ្មែរមានតំណមយ៉ាងតឹងរ៉ឹងខ្លាំងចំពោះកូនស្រី ហើយពួកគេអាចរស់នៅជាមួយដៃគូស្នេហាបានលុះត្រាតែឆ្លងកាត់ការក្រាបផ្ទឹមរៀបការដល់កន្ទេលតាមទំនៀមទម្លាប់ប្រពៃណីជាមុនសិន។
និយាយដោយទឹកមុខម៉ឺងម៉ាត់ យុវជនវ័យក្មេងរូបនេះបានបន្ថែមទៀតថា៖ «នេះជាទង្វើភ្លើតភ្លើនមួយពេលតាមរយៈការចម្លងយកវប្បធម៌ពីខាងក្រៅ តែលទ្ធផលយុវតីដែលប្រព្រឹត្តិបែបនេះអាចធ្វើឲ្យបាត់បង់កិត្តិយសខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ និងតម្លៃសង្គមខ្មែរ»។
ជាការពិតណាស់ ការរស់នៅជាមួយគ្នាមុនពេលរៀបការ ពិតជាមិនត្រូវបានគេឲ្យតម្លៃ ឫគាំទ្រឡើយនៅក្នុងសង្គមខ្មែរ ជាពិសេសគឺភាគីជាស្រីតែម្តង ដោយហេតុថា នោះជាការបន្ថាបបន្ថោកតម្លៃគ្រួសារ ក៏ដូចជាប្រពៃណីខ្មែរទាំងមូល។ តែទោះបីជាមានមតិបដិសេដដាច់អហង្ការចំពោះទង្វើបែបនេះក្តី ក៏នៅមានយុវជនមួយចំនួនយល់ថាវាមិនមែនជាការខុសទាស់អ្វីនោះទេ។
ជាក់ស្តែង កញ្ញា វិជ្ជនា ជានិស្សិតផ្នែកគីមីវិទ្យានៅសកលវិទ្យាភូមិន្ទភ្នំពេញវិញបានឲ្យដឹងថា៖ «វាត្រឹមត្រូវហើយដែលយើងជាយុវតីគួរតែគិតដល់បញ្ហានេះបើគិតដល់ទំនៀមទម្លាប់វប្បធម៌របស់ជាតិខ្លួន ប៉ុន្តែសម័យឥឡូវគេមិនសូវគិតច្រើនពេកនោះទេចំពោះរឿងហ្នឹង។ វាមិនមែនជារឿងធំដុំទេដែលគេឈានដល់ការរួមភេទមុនរៀបការ ពីព្រោះថារឿងដែលសំខាន់នោះគឺមនុស្សពីរនាក់ស្រលាញ់គ្នា ហើយគ្រាន់តែយុវតីខ្លួនហ្នឹងចេះប្រុងប្រយ័ត្នកុំឲ្យថ្លោះធ្លោយរហូតដល់មានផ្ទៃពោះ…»។
ចំណែកឯ ស្រីល័ក្ខ ជានិស្សិតឆ្នាំទី៤នៅសកលវិទ្យាល័យជាតិគ្រប់គ្រងក៏មានទស្សនមិនខុសពី វិជ្ជនាប៉ុន្មានដែរ។ ស្រីល័ក្ខ បានបង្ហើបឲ្យដឹងថា កញ្ញាមានទំនាក់ទំនងស្នេហារយៈពេល២ឆ្នាំកន្លះ និងបានរួមភេទជាមួយគ្នាប៉ុន្តែមិនបានរស់នៅផ្ទះជាមួយគ្នាទេ។ ប៉ុន្តែនាងព្យាយាមលាក់រឿងនេះមិនឲ្យក្រុមគ្រួសារដឹងឡើយ។
យុវនិស្សិតរូបនេះបានប្រាប់ទៀតថា ម្តាយរបស់នាងក៏បានស្គាល់មិត្តប្រុសរបស់នាង ប៉ុន្តែគាត់មិនបានដឹងពីទំនាក់ទំនងផ្លូវភេទរបស់នាង និង មិត្តប្រុស។ ស្រីល័ក្ខ ប្រាប់ថាម្តាយរបស់នាងមិនបានប្រាមមិនឲ្យនាងមានសង្សារនោះទេ តែសំខាន់មិនឲ្យប្រព្រឹត្តិខុសប្រពៃណីដូច្នេះហើយទើបនាងលាក់រឿងរួមភេទជាមួយដៃគូរមិនឲ្យម្តាយដឹង។
អង្គុយលើកៅអី ជិតស្រីល័ក្ខនៅក្នុងបរិវេណសាលារៀនមួយ នោះគឺ ភីឆៃ ជាមិត្តប្រុសរបស់ស្រីល័ក្ខ។ ញញឹមបណ្តើរ ភីឆៃឆ្លៀតនិយាយបណ្តើរថា៖ «បើទោះបីជាពួកគេបានរួមរស់ជាមួយគ្នាមុនរៀបការក្ដី ខ្ញុំមិនបានគិតថាស្រីល័ក្ខជាស្រីចិត្តងាយឡើយ។ សម្រាប់ខ្ញុំស្រីល័ក្ខជានារីល្អម្នាក់ ហើយជានារីដែលខ្ញុំចង់បានជាគូរអនាគត។ ពួកយើងក៏មានគម្រោងរៀបចំអនាគតជាមួយគ្នាពេលណារៀនចប់ និងមានការងាររៀងៗខ្លួន»។
ពីជំនាន់មុន ការរៀបអាពាហ៍ពិពាហ៍ភាគច្រើនជាការរៀបចំឡើងដោយឪពុកម្តាយ ហើយមានពេលខ្លះភាគីកូនកំលោះកូនក្រមុំមិនទាំងធ្លាប់ឃើញមុខគ្នាម្តងផងមុនថ្ងៃរៀបការ។ ដោយឡែក ពេលបច្ចុប្បន្ននេះភាគច្រើនគូស្នេហ៍ស្វែងយល់ចិត្តគ្នាជាមុនសិនទើបគេធ្វើការសម្រេចចិត្តរៀបការជាក្រោយ។
លោក លីម សុខចិន្ដា ជាគ្រូបង្រៀនផ្នែកអក្សរសាស្ត្រខ្មែរនៅវិទ្យាល័យបាក់ទូកក្នុងរាជធានីភ្នំពេញបានមានយោបល់ថា នេះជាការវិវឌ្ឍន៍របស់សង្គម យុវជនហ៊ានប្រឡូកក្នុងរឿងស្នេហា។ ការរីកចំរើននូវប្រព័ន្ធអ៊ីនធើណេតគ្រប់ទីកន្លែងជាកត្តាទាក់ទាញនាំឲ្យគេចង់សាកល្បងការរួមភេទ។ ប៉ុន្តែចំពោះយុវជនដែលស្រលាញ់ការរៀនសូត្រគេផ្តោតច្រើនទៅលើការសិក្សាទោះបីគេមានស្នេហាប្រុសស្រីក្តី។
ជុំវិញបញ្ហានេះដែរ Dj NaNa ជាអ្នកដោះស្រាយវិបត្តិស្នេហាយុវវ័យ បានឲ្យដឹងដែរថា៖ «យុវតីខ្លះត្រូវបានបុរសបោកប្រាសចិត្តនៅពេលណាគេលង់ខ្លូនដល់ការរួមភេទ។ មិនថាអ្នកដែលត្រៀមខ្លួនរួច ឬមិនទាន់ក្តីយុវតីទាំងអស់គួរតែឆ្លាតវៃចំពោះអ្វីដែលបានខ្លួនបានធ្វើ និងប្រកបដោយទំនួលខុសត្រូវខ្ពស់»។
ជាមួយគ្នានេះដែរ Dj NaNa បានបញ្ជាប់ប្រាប់ផងដែរថា តាមរយៈការកត់សម្គាល់របស់នាង គូស្នេហ៍ដែលរួមរស់ជាមួយគ្នាមុនរៀបការគឺមានការកើនឡើនច្រើនក្នុងសង្គមខ្មែរឥលូវនេះ។
ស្រដៀងគ្នានេះ លោកស្រីធីតា ឃឹះ ជានាយិកាប្រធានអង្គការសីលកាបានមានប្រសាសន៍ថា យុវជននៅមានគំនិតក្មេងខ្ចីនៅឡើយប្រសិនណារួមរស់ជាមួយគ្នាមុនរៀបការជាពិសេសគឺយុវតីដែលងាយរងគ្រោះជាងបុរស។ ផលលំបាកចំពោះយុវតីទាំងនោះរួមមានទាំងបញ្ហាផ្លូវភេទ ផ្លូវស្មារតី ហិរញ្ញវត្តុ និងកេរិ៍្តឈ្មោះ ពីព្រោះលោកស្រីមើលឃើញថាពួកគេភាគច្រើននៅមិនទាន់ត្រៀមខ្លូនរួចរាល់នោះទេសម្រាប់ខ្លួនឯង និងគ្រួសារក៏ដូចជាសង្គមជាតិ។ ដូចនេះយុវជនគួរគម្បីស្វែងយល់ចិត្តគ្នាឲ្យបានច្បាស់សិនមុនសម្រេចរួមរស់ជាមួយគ្នាដូចប្តី និងប្រពន្ធ៕