តុលាការជាន់ខ្ពស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ បានបង្គាប់ឱ្យអតីតអ្នកសារព័ត៌មានជាន់ខ្ពស់ម្នាក់ សងការខូចខាតតម្លៃ ២៨ ៩៩០ ដុល្លារ ឱ្យស្ត្រីអ្នកសារព័ត៌មានម្នាក់ឈ្មោះ ស្យូរី អ៊ីតុ ក្នុងករណីរំលោភផ្លូវភេទ។
កញ្ញា មាស គឹមធួន ជួនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ …
តុលាការជាន់ខ្ពស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ បានបង្គាប់ឱ្យអតីតអ្នករាយការណ៍ព័ត៌មានតាមទូរទស្សន៍ជាន់ខ្ពស់ម្នាក់ សងការខូចខាតតម្លៃ ៣,៣ លានយ៉េន ដែលស្មើនឹង ២៨ ៩៩០ ដុល្លារ ឱ្យស្ត្រីអ្នកសារព័ត៌មានម្នាក់ឈ្មោះ ស្យូរី អ៊ីតុ។
នេះជាសេចក្ដីសម្រេចក្នុងសំណុំរឿងរំលោភសេពសន្ថវៈដ៏ល្បីសុះសាយមួយ ដែលបានជួយជំរុញចលនាប្រឆាំងការរំលោភបំពានផ្លូវភេទលើស្ត្រី មីធូ (#MeToo) នៅក្នុងប្រទេសជប៉ុន ឱ្យរីកសាយភាយ។
ដោយតម្កល់សេចក្តីសម្រេចក្នុងឆ្នាំ ២០១៩ របស់តុលាការជាន់ទាប តុលាការជាន់ខ្ពស់ទីក្រុងតូក្យូបានកាត់ក្តីឱ្យអ្នកនាង អ៊ីតុ ឈ្នះ។
តុលាការបាននិយាយថា លោក ណូរីយុគី យ៉ាម៉ាហ្គុស្ស៊ី ដែលមានអាយុ ៥៥ ឆ្នាំ និងដែលជាអតីតប្រធានការិយាល័យប្រចាំទីក្រុងវ៉ាស៊ីនតុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍តូក្យូ បានសេពសន្ថវៈជាមួយអ្នកនាង អ៊ីតុ ក្នុងឆ្នាំ២០១៥ ដោយពុំមានការយល់ព្រមពីអ្នកនាង។
អ្នកនាង អ៊ីតុ អាយុ៣២ឆ្នាំ បានប្ដឹងទាមទារសំណងចំនួន ១១ លានយ៉េន ដោយអះអាងថា អ្នកនាងត្រូវបានរំលោភនៅឯសណ្ឋាគារមួយ ខណៈពេលដែលអ្នកនាងសន្លប់បាត់ស្មារតី ក្រោយពីបរិភោគអាហារពេលល្ងាចនៅទីក្រុងតូក្យូ ជាមួយលោក យ៉ាម៉ាហ្គុស្ស៊ី។ លោក យ៉ាម៉ាហ្គុស្ស៊ី បានសន្យាថានឹងជួយអ្នកនាងឱ្យទទួលបានការងារធ្វើ។ អតីតអ្នកសារព័ត៌មានតាមទូរទស្សន៍រូបនេះបានអះអាងថា ទង្វើរបស់ខ្លួនមានការព្រមព្រៀង។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឈ្មោះ តាកៅ ណាកាយ៉ាម៉ា បាននិយាយថា ពួកគេគ្រាន់តែស្គាល់គ្នាតាមរយៈការងារប៉ុណ្ណោះ ហើយ«រវាងអ្នកទាំងពីរ មិនមានទំនាក់ទំនងជិតស្និទ្ធ ដែលអាចនាំទៅដល់ការរួមភេទនោះទេ»។
«អាស្រ័យហេតុដូច្នេះហើយ តុលាការត្រូវតែសន្និដ្ឋានថា លោក យ៉ាម៉ាហ្គុស្ស៊ី បានចាប់ផ្តើមសេពសន្ធវៈនៅពេលដែលអ្នកនាង អ៊ីតុ មិនដឹងខ្លួន»៕
—
យោង៖ https://english.kyodonews.net/news/2022/01/f56446fc03a4-symbol-of-japan-metoo-movement-again-awarded-damages-in-rape-case.html