ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលបណ្ដឹងតវ៉ា១ កាលពីថ្ងៃសៅរ៍ ទី២២ ខែមករា ពីឈ្មោះ ដួង វិចិត្រ ដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីរឿងលុបឈ្មោះរូបលោក និងមនុស្ស៤នាក់ផ្សេងទៀតចេញពីបញ្ជីអ្នកបោះឆ្នោត។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …
ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលបណ្ដឹង១ កាលពីថ្ងៃសៅរ៍ ទី២២ ខែមករា ពីឈ្មោះ ដួង វិចិត្រ ដែលតវ៉ាចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលឱ្យដឹងថា លោក ដួង វិចិត្រ ជាដើមបណ្ដឹង និងជាតំណាងទទួលសិទ្ធិ ពីឈ្មោះ អ៊ុន សុគន្ធី, ឈ្មោះ ដួង ចិន្តាមុនី, ឈ្មោះ ដួង វិរៈ និងឈ្មោះ ដួង វិសាល។ ប្រភពដដែលបញ្ជាក់ថា លោក ដួង វិចិត្រ ប្តឹងតវ៉ាចំពោះការសម្រេចរបស់ គ.ជ.ប កាលពីថ្ងៃអង្គារ សប្ដាហ៍មុន។
កាលពីថ្ងៃអង្គារ ទី១៨ ខែមករា ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានអនុញ្ញាតឱ្យសង្កាត់ផ្សារចាស់ ក្រុងភ្នំពេញ លុបឈ្មោះអ្នកទាំង៥នេះចេញពីបញ្ជីអ្នកបោះឆ្នោត ដោយសម្អាងថាប្រជាជនទាំងនេះមិនឆ្លើយតបនឹងលក្ខខណ្ឌទីលំនៅ បន្ទាប់ពួកគេបានផ្លាស់មករស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ក្រុងភ្នំពេញវិញ។
ការតម្ដល់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់ ដោយ គ.ជ.ប បានជំរុញឱ្យលោក ដួង វិចិត្រ បន្តប្ដឹងមកក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីទាមទារសិទ្ធិបោះឆ្នោត និងសញ្ជាតិជាប្រជាពលរដ្ឋខ្មែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលរាយការណ៍ជាបន្តបន្ទាប់នៅថ្ងៃចន្ទ ម្សិលមិញ ថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីរាជការនៅអគ្គលេខាធិការដ្ឋាននៃស្ថាប័ននីតិប្បញ្ញតិ្តកំពូលនេះ បានស៊ើបអង្កេត និងប្រមូលយកចម្លើយពីតំណាង គ.ជ.ប និងពីភាគីអ្នកប្ដឹង៕