អង្គការតម្លាភាពកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា បានផ្សព្វផ្សាយជាសាធារណៈ នូវលទ្ធផលនៃការសិក្សាស្តីអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយសម្រាប់ប្រទេសកម្ពុជាប្រចាំឆ្នាំ២០២១។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …
អង្គការតម្លាភាពកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករានេះ បានផ្សព្វផ្សាយជាសាធារណៈ នូវលទ្ធផលនៃការសិក្សាស្តីអំពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយសម្រាប់ប្រទេសកម្ពុជាប្រចាំឆ្នាំ២០២១។ លទ្ធផលបង្ហាញថា នៅក្នុងឆ្នាំ២០២១ អំពើពុករលួយនៅកម្ពុជាត្រូវបានគេយល់ឃើញថាថយចុះបន្តិច ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតអាក្រក់។
ការវាយតម្លៃដោយអង្គការតម្លាភាពអន្តរជាតិបានដាក់ពិន្ទុអតិបរមាចំនួន១០០ សម្រាប់សម្គាល់ប្រទេសដែលគេយល់ឃើញថាស្អាតស្អំជាងគេបំផុត។ កម្ពុជាទទួលបានពិន្ទុ២៣លើ១០០ពិន្ទុ ហើយឈរនៅចំណាត់ថ្នាក់ទី១៥៧ ក្នុងចំណោម១៨០ប្រទេសនិងដែនដី ដែលស្ថិតក្នុងការវាយតម្លៃ។ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមាន២១ពិន្ទុ កម្ពុជាត្រូវបានគេជឿថាមានអំពើពុករលួយអាក្រក់ជាងឆ្នាំ២០២១។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជា ដែលផ្សាយនៅក្រោយការប្រកាសលទ្ធផលនៃការវាយតម្លៃនេះ និយាយថា ការកាត់បន្ថយអំពើពុករលួយបាន២ពិន្ទុបន្ថែមនៅក្នុងឆ្នាំ២០២១ «ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសតម្លាភាពសារពើពន្ធនិងការកៀរគរធនធាន កំណែទម្រង់រដ្ឋបាលសាធារណៈ រួមទាំងការលើកកម្ពស់រដ្ឋាភិបាលតាមប្រព័ន្ធអេឡិចត្រូនិក ហើយនិងការគ្រប់គ្រងនិងឆ្លើយតបចំពោះវិបត្តិជំងឺកូវីដ-១៩»។
សេចក្ដីប្រកាសព័ត៌មានដដែលនោះប្រាប់ថា លទ្ធផលនៃការវាយតម្លៃគូសបញ្ជាក់ឱ្យឃើញទំនាក់ទំនងរវាងអំពើពុករលួយនិងលទ្ធិប្រជាធិបតេយ្យ។ រឿងនេះមានន័យថា ប្រទេសដែលទទួលបានពិន្ទុខ្ពស់នៅលើសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់នៅលើសន្ទស្សន៍ប្រជាធិបតេយ្យ ជាពិសេសទៅលើសិទ្ធិសេរីភាពពលរដ្ឋ ខណៈប្រទេសដែលជាប់ចំណាត់ថ្នាក់ទាបនៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ក៏ជាប់ចំណាត់ថ្នាក់ទាបនៅក្នុងសន្ទស្សន៍ប្រជាធិបតេយ្យ ទាក់ទងនឹងសិទ្ធិសេរីភាពពលរដ្ឋផងដែរ។
សេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់តាមសំណេរដើមថា៖ «ភាពអសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ធ្វើឱ្យមានបញ្ហារំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យកាន់តែចុះខ្សោយ ហើយការរឹតត្បិតកាន់តែខ្លាំងឡើង»។
លោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជា បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ «ចំណាត់ថ្នាក់ទាបរបស់កម្ពុជានៅក្នុងសន្ទស្សន៍ CPI [នៃការយល់ឃើញពីអំពើពុករលួយ] មានន័យថា កម្ពុជាត្រូវប្រឹងប្រែងទ្វេដងដើម្បីធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ និងបង្កើនបរិយាកាសនយោបាយសេរី ក៏ដូចជាសេរីភាពនៃការបញ្ចេញមតិ ស្របតាមជំពូក៣ មាត្រា៤១ និង៤២ នៃរដ្ឋធម្មនុញ្ញកម្ពុជា»។
អង្គការតម្លាភាពកម្ពុជាបានផ្ដល់អនុសាសន៍ចំនួន៤ចំណុច ដើម្បីបន្តកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេស៖
- គោរពសិទ្ធិចាំបាច់ ដើម្បីធ្វើឱ្យស្ថាប័ន បុគ្គល ដែលមានតួនាទីនិងអំណាច មានការទទួលខុសត្រូវ។ (…)
- ស្ដារនិងពង្រឹងយន្តការត្រួតពិនិត្យស្ថាប័ន បុគ្គល ដែលមានតួនាទីនិងអំណាច។ (…)
- ធ្វើវិសោធនកម្ម អនុម័តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ និងធានាថាបទប្បញ្ញត្តិនោះស្របតាមបទដ្ឋាន និងការអនុវត្តតាមគោលការណ៍អន្តរជាតិ ដែលរួមមាន៖ ការធ្វើវិសោធនកម្មលើមាត្រាមួយចំនួនក្នុងច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ជាពិសេសមាត្រាដែលពាក់ព័ន្ធនឹងការប្រកាសទ្រព្យសម្បត្តិ និងការបរិហារបង្កាច់កេរ្តិ៍ ឬការរាយការណ៍មិនពិត និងការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ស្ដីពីការការពារបុគ្គលរាយការណ៍ សាក្សី អ្នកជំនាញ និងជនរងគ្រោះ ហើយនិងសេចក្ដីព្រាងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រីសាធារណៈ។
- ធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ តម្លាភាពលើកម្មសិទ្ធិសាជីវកម្ម លទ្ធកម្មសាធារណៈ និងការគោរពច្បាប់ដោយស្មើភាព។
នៅកម្រិតតំបន់ បើតាមលទ្ធផលនៃការវាតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ ប្រទេសកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣នៅតំបន់អាស៊ីប៉ាស៊ីហ្វិច នៅលើតែប្រទេសអាហ្វហ្កានីស្ថាន និងកូរ៉េខាងជើងតែប៉ុណ្ណោះ ហើយក៏ជាប្រទេសមានពិន្ទុទាបជាងគេបំផុតក្នុងតំបន់អាស៊ានផងដែរ។
ស្របគ្នានឹងការចេញរបាយការណ៍ស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅកម្ពុជាឆ្នាំ២០២១នេះ ក៏មានការស្រាវជ្រាវមួយទៀតដែលមានចំណងជើងថា «របាយការណ៍សង្គមស៊ីវិលស្ដីពីការអនុវត្តជំពូក២ (ការបង្ការ) និងជំពូក៥ (ការស្ដារធនធានឡើងវិញ) នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា»។
របាយការណ៍ដែលផ្សាយនៅថ្ងៃទី២៤ ខែមករា(*)នោះ រកឃើញថា ប្រទេសកម្ពុជាមានវឌ្ឍនភាពក្នុងការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយដែលមានប្រយោជន៍ ដើម្បីអនុវត្តបទប្បញ្ញត្តិផ្សេងៗនៃជំពូកទី២ (វិធានការបង្ការនិងប្រឆាំងអំពើពុករលួយ) និងជំពូកទី៥ (ការស្ដារធនធានឡើងវិញ)។ ប៉ុន្តែ ទន្ទឹមនឹងនេះ របាយការណ៍ដដែលបង្ហាញថា ក្របខណ្ឌច្បាប់នៅមានកង្វះខាតគួរឱ្យកត់សម្គាល់ ដែលទាមទារឱ្យមានការកែលម្អជាបន្តទៀត ហើយសកម្មភាពពង្រឹងច្បាប់ជារឿយៗគឺល្អៀងនិងខ្សោយ៕
—
(*)កំណែតម្រូវ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
យោង៖
១) https://www.facebook.com/ticambodia
២) https://www.ticambodia.org/kh/cpi2021-kh/
៣) https://uncaccoalition.org/new-civil-society-report-on-cambodia-stronger-enforcement-efforts-more-transparency-and-de-politicisation-of-key-institutions-needed-to-advance-anti-corruption-efforts/