ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃនឹងធ្វើទស្សនកិច្ចនៅប្រទេសនោះនាថ្ងៃអង្គារស្អែក។ វាជាអ្វីដែលនឹងក្លាយជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូង រវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីនិងប្រទេសថៃ។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃនឹងធ្វើទស្សនកិច្ចនៅប្រទេសនោះនាថ្ងៃអង្គារស្អែក។ វាជាអ្វីដែលនឹងក្លាយជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូង រវាងប្រទេសអារ៉ាប៊ីសាអ៊ូឌីនិងប្រទេសថៃ ចាប់តាំងពីមានជម្លោះការទូតមួយ ជុំវិញការលួចគ្រឿងអលង្ការកាលពីជិត៣ទសវត្សរ៍មុនមក។
ប្រទេសអារ៉ាប៊ីសាអូឌីតបានបន្ទាបកម្រិតទំនាក់ទំនងការទូតរបស់ខ្លួនជាមួយប្រទេសថៃ ក្រោយពីមានការលួចគ្រឿងអលង្ការតម្លៃប្រហែល២០លានដុល្លារ ក្នុងឆ្នាំ១៩៨៩ ដោយអ្នកមើលការខុសត្រូវរបស់ថៃដែលធ្វើការនៅក្នុងរាជវាំងរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត។ ព្រឹត្តិការណ៍នេះក្រោយមកត្រូវបានគេហៅថា «សំណុំរឿងពេជ្រពណ៌ខៀវ» ឬ«Blue Diamond Affair»។
ត្បូងមួយចំនួនធំ រួមទាំងត្បូងពេជ្រពណ៌ខៀវដ៏កម្រនោះផង នៅមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ រហូតមកដល់ពេលនេះ។
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូ-ចា នឹងចេញធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃអង្គារស្អែក តបតាមការអញ្ជើញរបស់រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ិន សាល់ម៉ាន។
ក្រសួងនេះបានប្រាប់តាមសំណេរដើមថា៖ «ដំណើរទស្សនកិច្ចនេះកើតឡើងនៅពេលមានការពិគ្រោះយោបល់ដែលនាំឱ្យមានការយល់ឃើញកាន់តែដិតដល់ឡើង លើបញ្ហាដែលជាផលប្រយោជន៍រួម»។
«ដំណើរទស្សនកិច្ចនេះមានគោលបំណងសម្របសម្រួលលើបញ្ហាទាំងនោះ»។ ក្រសួងការបទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រាប់បន្តដូច្នេះ ដោយមិនបានបញ្ជាក់លម្អិតឡើយ៕
ការលួចគ្រឿងអលង្ការនៅតែជាអាថ៌កំបាំងដ៏ធំបំផុតមួយរបស់ប្រទេសថៃ ដែលមិនទាន់អាចដោះស្រាយរួច ហើយក្រោយពីព្រឹត្តិការណ៍នោះ គេឃើញមានការបំបិទដានដ៏បង្ហូរឈាមដែលអាចជាប់ពាក់ព័ន្ធនឹងឧត្ដមសេនីយ៍នគរបាលកំពូលៗរបស់ប្រទេសថៃ៕
—
យោង៖ https://www.reuters.com/world/asia-pacific/thai-pm-visit-saudi-arabia-tuesday-saudi-state-tv-2022-01-23/