en     km
en     km

ជប៉ុន បារាំងយល់ព្រមពង្រឹងសហប្រតិបត្តិការនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

Share

ប្រទេសជប៉ុននិងបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស្របពេលដែលឥទ្ធិពលយោធារបស់ប្រទេសចិនកំពុងកើនឡើងនៅក្នុងតំបន់។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ …

 

 

ប្រទេសជប៉ុននិងប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបានបង្ហាញកង្វល់រួម អំពីស្ថានការណ៍នៅសមុទ្រចិនខាងកើតនិងខាងត្បូង ស្របពេលដែលឥទ្ធិពលយោធារបស់ប្រទេសចិនកំពុងកើនឡើងនៅក្នុងតំបន់។

ក្នុងអំឡុងកិច្ចពិភាក្សាពីចម្ងាយក្នុងពេលតែមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរ ភាគីនីមួយៗសុទ្ធតែបានសម្តែងក្ដីបារម្ភដូចគ្នា ចំពោះការរីកចម្រើនផ្នែកកាំជ្រួចនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ផ្សាយនៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីតាមទម្រង់២បូក២នោះ រដ្ឋមន្ត្រីទាំង៤រូបបានលើកឡើងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកស្ទួយសហប្រតិបត្តិការ ដើម្បីរួមចំណែកធ្វើឱ្យឥណ្ឌូប៉ាស៊ីហ្វិកក្លាយជាតំបន់គោរពច្បាប់ សេរី និងចំហរ។

កិច្ចប្រជុំនោះមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសជប៉ុន លោក យូស្ស៊ីម៉ាស្សា ហាយ៉ាស៊ិ, រដ្ឋមន្ត្រីការពារជាតិជប៉ុន ណូប៊ូអូ គីស្ស៊ី, រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-អ៊ីវ ឡឺ ឌ្រីយ៉ង់ និងរដ្ឋមន្ត្រីការពារជាតិបារាំង លោកស្រី ហ្លូរ៉ង់ស៍ ប៉ាកលី។

រដ្ឋមន្ត្រីទាំងបួនរូបបានបង្ហាញ«ក្តីបារម្ភរួមយ៉ាងខ្លាំង» អំពីស្ថានការន៍នៅសមុទ្រចិនខាងកើតនិងខាងត្បូង ដោយនិយាយសំដៅដល់ការទាមទារកាន់តែខ្លាំងឡើងរបស់ចិននៅដែនទឹកក្បែរៗនោះ រួមទាំងដែនទឹកជុំវិញប្រជុំកោះសេនកាគុ ដែលគ្រប់គ្រងដោយជប៉ុន តែចិនអះអាងថាជាប្រជុំកោះទាវយូរបស់ខ្លួន។

សេចក្តីថ្លែងការណ៍នោះបានគូសបញ្ជាក់ពីសារៈសំខាន់នៃ«សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។

ប្រទេសជប៉ុនបាននិងកំពុងលើកកម្ពស់ទស្សនវិស័យស្ដីពី«តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងចំហ» ដែលជាការប្រឆាំងទៅនឹងឥទ្ធិពលនិងការវាតទីលើដែនសមុទ្រកាន់តែខ្លាំងឡើងដោយប្រទេសចិន។

បារាំងក៏មានផលប្រយោជន៍ជាយុទ្ធសាស្ត្រក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែរ ដោយសារប្រទេសនេះមានដែនដីនៅក្រៅប្រទេសជាច្រើន រួមទាំងកោះរ៉េអ៊ុយនីញ៉ុងនៅមហាសមុទ្រឥណ្ឌា និងប្រជុំកោះប៉ូលីណេស៊ីមួយចំនួនដែលជារបស់បារាំង នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។

ចំពោះបញ្ហាប្រទេសកូរ៉េខាងជើងវិញ រដ្ឋមន្ត្រីទាំង៤រូបបានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរំសាយអាវុធមហាប្រល័យនិងកាំជ្រួចផ្លោងអាចបញ្ជាបានរបស់កូរ៉េខាងជើងឱ្យបានទាំងស្រុង ស្របតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីទាំងនោះបានអបអរសាទរចំពោះការរីកចម្រើន ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសជប៉ុននិងប្រទេសបារាំង រួមទាំងចំពោះការធ្វើសមយុទ្ធរួមគ្នាកាលពីឆ្នាំមុន ដែលមានការចូលរួមពីសហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌាផង៕

យោង៖ https://english.kyodonews.net/news/2022/01/2fd5b544c368-japan-france-begin-ministerial-level-security-talks.html

Share

ព័ត៌មានទាក់ទង

Image